កីឡាអន្តរជាតិ
អន្តរជាតិ
លោកស៊ី ជិនភីង៖ ប៉េកាំងនឹងផ្តល់ការប្រកួតអូឡាំពិកប្រកបដោយសុវត្ថិភាព និងភាពអស្ចារ្យ
03, Feb 2022 , 5:19 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នាថ្ងៃទី៣ខែកុម្ភៈ និយាយថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងដែលត្រូវបើកដំណើរការជាផ្លូវការនៅថ្ងៃទី៤ នឹងមានការផ្តល់ជូនការប្រកួតកីឡាប្រកបដោយសុវត្ថិភាពនិងភាពអស្ចារ្យបំផុត។


ថ្លែងទៅកាន់សម័យប្រជុំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកទី ១៣៩ ពីរដ្ឋធានីប៉េកាំងតាមរបស់សារវីដេអូខ្លីមួយ លោកស៊ី ជិនភីង បាននិយាយថា ប្រទេសចិនបានដើរតួយ៉ាងសកម្មនៅក្នុងចលនាកីឡាអូឡាំពិកចាប់តាំងពីព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០០៨។
 
លោក ស៊ី ជិនភីង ក៏បានអះអាងថា ក្នុងការប្រកួតកីឡារដូវរងាលើកនេះ ប្រទេសចិនបានទាក់ទាញទស្សនិកជនចិនបានប្រមាណជាង ៣០០លាននាក់ដូចអ្វីដែលលោកធ្លាប់បានសន្យាកន្លងមក។
 
ចាប់តាំងពីឆ្នាំ២០០៨ ជាមួយពាក្យស្លោកពិភពលោកមួយក្តីស្រមៃមួយកាលពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០២២ មានពាក្យស្លោក ទាំងអស់គ្នាជាការចែករំលែកសម្រាប់អនាគត ចិនបានរួមចំណែកយ៉ាងសកម្មក្នុងចលនាអូឡាំពិក និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីអូឡាំពិក។ នេះជាការលើកឡើងរបស់លោក ស៊ី ជិនភីង។
 
«កីឡាអូឡាំពិករដូវរងា នឹងចាប់ផ្តើមបើកនៅថ្ងៃស្អែក។ ពិភពលោកកំពុងតែចោលភ្នែកសម្លឹងមើលចិន ហើយចិនក៏បានត្រៀមរួចរាល់។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូននូវកីឡាដែលមានសុវត្ថិភាព និងភាពអស្ចារ្យបំផុត។»លោក ស៊ី ប្ដេជ្ញាបែបនេះ។
 
ទីក្រុងប៉េកាំងជាទីក្រុងដំបូងគេ ដែលបានរៀបចំកីឡាអូឡាំពិកពិភពលោកទាំងរដូវក្តៅនិងរដូវរងា។ ប៉ុន្តែការរៀបចំឆ្នាំ២០២២ ត្រូវបានធ្វើពហិការការទូតពីអាម៉េរិក រួមជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងជប៉ុន។
 
កាលពីថ្ងៃទី២ ខែកុម្ភៈ អ្នករៀបចំអូឡាំពិកក្រុងប៉េកាំងក៏បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥៥ករណីបន្ថែមទៀតក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងការប្រកួតកីឡាអូឡាំពិកនេះ។
 
មុនបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាជាផ្លូវការនាថ្ងៃទី៤ ខែកុម្ភៈ វិញ្ញាសារកីឡា Curling ក៏បានចាប់ផ្តើមការប្រកួតហើយដែរ។
 
ចំណែកការរត់ភ្លើងគប់ឈានដល់ថ្ងៃទី២ដែរ។ តារាសម្តែងភាពយន្តដ៏ល្បីលោក Jackie Chan ព្រមទាំងអត្តពលិកចិនជាច្រើននាក់ដែលធ្លាប់ជួយឱ្យប្រទេសចិនឈ្នះមេដាយ បានមកចូលរួមរត់បណ្តាក់ភ្លើងគប់ផងដែរ សម្រាប់ពិធិរត់បណ្តាក់ភ្លើងគប់ថ្ងៃទីពីរ ដោយឆ្លងកាត់មហាកំពែងចិនផងដែរ៕
 

Tag:
 Olympic Beijing 2022
  Xi Jinping
© រក្សាសិទ្ធិដោយ thmeythmey.com