អន្តរជាតិ
កូរ៉េខាងត្បូង តវ៉ាក្រោយជប៉ុនស្នើបញ្ចូលអណ្តូងរ៉ែដែលជាប់ពាក់ព័ន្ធការប្រើកម្លាំងដោយបង្ខំ ជាបេតិកភណ្ឌពិភពលោក
04, Feb 2022 , 8:59 am        
រូបភាព
អណ្ដូងរ៉ែ Sado ដែលជប៉ុនស្នើបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រូបថត The Asahi Shimbun
អណ្ដូងរ៉ែ Sado ដែលជប៉ុនស្នើបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រូបថត The Asahi Shimbun
ប្រមុខការទូតកូរ៉េខាងត្បូង ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីជប៉ុន នៅថ្ងៃ​ទី៣ ខែមករា ចេញមុខតវ៉ាដោយផ្ទាល់ចំពោះគម្រោងរបស់ជប៉ុន ដែលចង់ស្នើបញ្ចូលអណ្តូងរ៉ែ Sado ជាបេតិកភណ្ឌពិភពលោក។ នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង។ កូរ៉េខាងត្បូង ជំទាស់ក៏ព្រោះតែអណ្ដូងរ៉ែនេះ ជាប់ទាក់ទងនឹងការបង្ខំកម្លាំងពលកម្មសម័យសង្គ្រាម ដែលមានពលករជាជនជាតិកូរ៉េផង។



ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃ​ទី៣ ខែមករា ជាមួយសមភាគីជប៉ុន Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Chung Eui-yong បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការស្នើដាក់អណ្តូងរ៉ែ Sado ជាបេតិកភណ្ឌពិភពលោក។
 
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង លោក Chung លើកឡើងថា ប្រជាជនកូរ៉េមានប្រវត្តិដ៏ឈឺចាប់ ទាក់ទងនឹងការបង្ខំឱ្យធ្វើការ នៅក្នុងអណ្តូងរ៉ែ Sado។ លោកបានបន្តថា ជនជាតិកូរ៉េជាង១ពាន់នាក់ ត្រូវបានបង្ខំឱ្យធ្វើការយ៉ាងលំបាកនៅទីនោះ អំឡុងសម័យអាណានិគមដ៏ឃោរឃៅ ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ហើយ លោកក៏ជំរុញឱ្យជប៉ុន បំពេញតាមការសន្យារបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានជាសាធារណៈពេញលេញ ស្តីពីការបង្ខិតបង្ខំជនជាតិកូរ៉េ នៅកន្លែងនោះផងដែរ។ 
 
ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទដដែល លោក Chung ក៏បានអំពាវនាវដល់រដ្ឋមន្ត្រីការបរទេសជប៉ុន ឱ្យចាត់វិធានការយ៉ាងសកម្មបន្ថែមទៀត ដើម្បីចាត់វិធានការសមស្រប លើការបង្ខំស្រ្តីកូរ៉េ ឱ្យធ្វើការក្នុងសម័យសង្គ្រាមកន្លងទៅ ដើម្បីដោះស្រាយជម្លោះជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍។
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី៤ ខែមករា កូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីវិធានការជាប្រព័ន្ធ ប្រឆាំងនឹងការដាក់ស្នើរបស់ជប៉ុន។ ក្រុមនេះមានសមាសភាពមន្ត្រីជាន់ខ្ពស់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកប្រវត្តិសាស្រ្ត និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បីធ្វើយុទ្ធនាការការទូត ប្រឆាំងនឹងការស្នើដាក់អណ្តូងរ៉ែ Sado ជាបេតិកភណ្ឌពិភពលោករបស់ជប៉ុន។
 
ស្ថាប័នប្រឹក្សារបស់អង្គការយូណេស្កូ ត្រូវបានរំពឹងថា នឹងទៅពិនិត្យទីតាំងអណ្តូងរ៉ែ នៅរដូវស្លឹកឈើជ្រុះនេះ។ សេចក្តីសម្រេចជាផ្លូវការ លើការបញ្ចូលអណ្តូងរ៉ែ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រហែលជាអាចចេញ នៅខែឧសភាឆ្នាំក្រោយ៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com