ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេទ័ពជើងគោកថៃ ជឿថា មេដឹកនាំកម្ពុជា នឹងអាចធ្វើឲ្យអាស៊ាន មានសាមគ្គីភាព
04, Feb 2022 , 10:30 am        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Narongpan Jittkaewtae។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Narongpan Jittkaewtae។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
លោក Narongpan Jittkaewtae មេបញ្ជាការកងទ័ពជើងគោកថៃ បង្ហាញជំនឿថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ នឹងអាចនាំមកនូវសាគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។ លោក បានជួបប្រមុខរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។



បន្ថែមពីនេះ មេបញ្ជាការកងទ័ពជើងគោកថៃ សម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ មេទ័ពជើងគោកថៃរូបនេះ ក៏បានអបអរសាទរមេដឹកនាំកម្ពុជាដែរ ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្រៅពីជួបប្រមុខរដ្ឋាភិបាលកម្ពុជា លោក បានជួបមេដឹកនាំផ្នែកយោធាកម្ពុជាមួយចំនួនទៀត រួមមាន សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណលោកមេបញ្ជាការកងទ័ពជើងគោកថៃ ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ និងអរគុណលោក ដែលបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧និងទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដើម្បីជួយស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំកម្ពុជា បានជួបពិភក្សាដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ា តាមរយៈការធ្វើរដ្ឋប្រហារ។ បន្ទាប់មក មេដឹនាំកម្ពុជា និងមេយោធាមីយ៉ាន់ម៉ា ក៏ជជែកគ្នាបន្ថែមទៀត តាមប្រព័ន្ធវីដេអូ។ ទាំងការទៅជួបផ្ទាល់ ទាំងការជជែកគ្នាតាមប្រព័ន្ធវីដេអូ មេដឹកនាំកម្ពុជា បានទទូចឲ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ា ផ្អាកបាញ់គ្នា។ យ៉ាងណាក៏ដោយចុះ ការផ្ទុះអាវុធនៅមីយ៉ាន់ម៉ា ពុំត្រូវបានផ្អាកឡើយ។

ចុងក្រោយ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើសេចក្តីសម្រេចចិត្ត១ គឺការមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានឡើយ ដោយសារការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានដាក់ចេញកន្លងមក មានការវិវឌ្ឍតិចតូចពេកនៅមីយ៉ាន់ម៉ា។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

កាលពីអំឡុងខែមេសា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅឥណ្ឌូណេស៊ី ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រព្រឹត្តរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅកម្ពុជា។

ដូចកាលពីព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ដែរ កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានអញ្ជើញត្រឹមតំណាងមិនមែនកម្រិតនយោបាយរបស់របបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ ឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ កាលនោះ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាង ទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រុយណេឡើយ៕

Tag:
 កម្ពុជា
  ថៃ
  ហ៊ុន សែន
  Narongpan Jittkaewtae
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com