ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញអង្ករបានជាង៥ម៉ឺនតោន ដោយកើនជិត៥៥ភាគរយ នៅខែមករា
04, Feb 2022 , 12:19 pm        
រូបភាព
រូបនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា
រូបនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា
ភ្នំពេញ៖ នាដំបូងនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ​ទៅកាន់ទីផ្សារពិភពលោក បានជាង៥៣ពាន់តោន។ បរិមាណនៃអង្ករនាំចេញនេះ គឺមានតម្លៃជិត៣៦,៧២លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ​ កម្ពុជា ដោយបានបញ្ជាក់ថា​ការនាំចេញអង្ករនេះ គឺបានកើនក្នុងអត្រា៥៤,៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១។

 
 
កម្ពុជាបាននាំអង្ករទៅទីផ្សារគោលដៅប្រមាណ៣០ប្រទេស បានក្នុងចំនួន ​៥៣ ០៣៦តោន នាប្រចាំខែមករា។ ក្នុងចំណោមទីផ្សារទាំងនេះ ប្រទេសចិនគឺនៅតែជាទីផ្សារធំលំដាប់លេខ១របស់កម្ពុជា ក្នុងការនាំចេញអង្ករ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលមួយខែមកនេះ កម្ពុជា បាននាំអង្ករទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុងបាន ជាង៣,១ម៉ឺនតោន ដែលស្មើនឹង៥៨,៧៩ភាគរយ​ ខណៈសហភាពអឺរ៉ុបស្ថិតនៅលំដាប់លេខ២ដោយក្តាប់ទីផ្សារបាន២៣,៥៨ភាគរយនៃទីផ្សារសរុប។
 
សហព័ន្ធស្រូវអង្ករ​ កម្ពុជា បានរៀបរាប់ថា​ សហភាពអឺរ៉ុបដែលមាន១៦ប្រទេសបានបញ្ជីទិញអង្ករពីកម្ពុជា បានចំនួន ១២ ៥៤២តោន និងប្រទេសក្នុងតំបន់អាស៊ាន​ទិញអង្ករពីកម្ពុជាបាន ៦ ២៧៧តោនស្មើនឹង ១១,៨៤ភាគរយ។ ដោយឡែកគោលដៅទីផ្សារផ្សេងទៀត ដែលមាន១៣ប្រទេសនិងតំបន់ បានទិញអង្ករពីកម្ពុជា ក្នុងចំនួន ៣ ០៧២ តោនស្មើនឹង ៥,៥២ភាគរយ។ សហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា បរិមាណអង្ករសរុបដែលកម្ពុជាបានចេញនៅក្នុងមករានេះ គឺបានកើនឡើងរហូតដល់​៥៤,៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ 
 
កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់គោលដៅទីផ្សារបានចំនួន ៦១៧ ០៦៩តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ខណៈនាំចេញស្រូវចេញជាង៣,៥លានតោន  ស្មើដែលមានតម្លៃជិត ៨៥០លានដុល្លារ៕ 
 
 

Tag:
 កសិកម្ម​
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com