ជាតិ
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»
04, Feb 2022 , 5:57 pm        
រូបភាព
 រូបតំណាង៖ ដំណាំមៀនប៉ៃលិនរបស់កសិករមួយកន្លែង ក្នុងខេត្តប៉ៃលិន
រូបតំណាង៖ ដំណាំមៀនប៉ៃលិនរបស់កសិករមួយកន្លែង ក្នុងខេត្តប៉ៃលិន
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៤កុម្ភៈ​។ បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលច្បាប់ដែល មាន១៥ជំពូក និង ១១៣មាត្រា នេះ ក្រៅពីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ដៃគូពាណិជ្ជកម្មកម្ពុជា​ និងអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងក្របខ័ណ្ឌអាស៊ានហើយនោះ​ ក៏សម្រាប់ការពារផលប្រយោជន៍របស់កម្ពុជា ក្នុងការនាំចូលដំណាំ និងពូជដំណាំផ្សេងៗពីបរទេស ផងដែរ។


 
សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងនិន្នាការីក ចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង និងការលើកកម្ពស់គុណភាពផលិតផលកសិកម្ម។ តាមរយៈច្បាប់នេះ ក៏នឹងបង្កើនការនាំចេញកសិផលរបស់កម្ពុជា ដែលធានាបាននូវចីរភាពអភិវឌ្ឍក្នុងបរិការណ៍ សមាហរណកម្មសេដ្ឋកិច្ចពិភពលោក ប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ ថែមទៀត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋាភិបាលអនុម័ត នាព្រឹកថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២២។​
 
 លោក ផៃ ស៊ីផាន បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះក្រៅពីឆ្លើយតបនឹងលក្ខខណ្ឌ តម្រូវរបស់ដៃគូពាណិជ្ជកម្ម កម្ពុជា​ និងអង្គការពាណិជ្ជកម្មពិភពលោកហើយនោះ​ ក៏សម្រាប់ការពារផលប្រយោជន៍របស់កម្ពុជា ក្នុងការនាំចូលដំណាំ និងពូជដំណាំផ្សេងៗពីបរទេស ផងដែរ។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ច្បាប់នេះ នឹងទប់ស្កាត់ការ នាំចូលរុក្ខជាតិ ឬពូជដំណាំណាដែលអាចបង្កមហន្តរាយ ក៏ដូចជាការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ដែលបំផ្លាញដល់វិស័យកសិកម្មកម្ពុជាយើង​»។
 
អ្នកពាក្យរដ្ឋាភិបាលរូបនេះបានបញ្ជាក់ថា៖ «ច្បាប់នេះ គឺជួយដល់វិស័យកសិកម្មកម្ពុជាផង និងជួយពង្រឹងបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម​ទៅកាន់បរទេសផងដែរ»។
 
សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» បានកំណត់ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាត ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថាននៅកម្ពុជា។ បើតាមលោក ផៃ ស៊ីផាន កន្លងមកការនាំចូលពូជស្រូវ និងដំណាំមួយចំនួន បានជាប់នូវសមាសភាពចង្រៃ ដូចជា៖ ខ្យងមាស ខ្នងដូង សត្វមមាច ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី ដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោត រួមទាំងបន្លាយួនជាដើម  ដែលមានបំផ្លាញដល់សកម្មភាពធ្វើកសិកម្ម ឬបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា គួរឱ្យកត់សម្គាល់៕


Tag:
 កសិកម្ម
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com