ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្រប់ស្តូបមិត្តភាព ត្រូវចារពីគុណទាំងសងខាង គឺ «កម្ពុជា ជួយវៀតណាមឲ្យបង្រួបបង្រួមទឹកដី ហើយវៀតណាម ជួយកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម»
04, Feb 2022 , 9:20 pm        
រូបភាព
វិមានមិត្តភាពកម្ពុជា-វៀតណាម ក្នុងសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ រូបពីសហការី
វិមានមិត្តភាពកម្ពុជា-វៀតណាម ក្នុងសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ រូបពីសហការី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីណែនាំជាផ្លូវការ ឲ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាប់ផ្តើមចារឹកអក្សរនៅតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងបណ្តារាជធានី-ខេត្ត ដែលត្រូវបានសាងសង់រួចរាល់។ ខ្លឹមសារប្រវត្តិសាស្រ្ត ដែលត្រូវចារឹកតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម មានតែ២ចំណុចប៉ុណ្ណោះ គឺទី១ កម្ពុជា ធ្លាប់ជួយវៀតណាម ឲ្យបានបង្រួបបង្រួមទឹកដី ហើយទី២ វៀតណាម ធ្លាប់ជួយកម្ពុជា ឲ្យរួចផុតពីរបបខ្មែរក្រហម។



អក្សរទាំងស្រុង ដែលប្រមុខរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យចារឹកតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ដើម្បីជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។»

អក្សរទាំងស្រុងជាភាសាខ្មែរខាងលើនេះ ក៏ត្រូវចារឹកជាភាសាវៀតណាម និងភាសាអង់គ្លេសផងដែរ។ នេះតាមសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាលដដែល ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងសេចក្តីណែនាំរបស់ខ្លួន ប្រមុខរដ្ឋាភិបាលកម្ពុជា រម្លឹកថា ក្នុងអំឡុងទសវត្សរ៍៦០-៧០ សម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា ធ្លាប់បានចូលរួមជួយវៀតណាម ឲ្យបានបង្រួបបង្រួមទឹកដីទៅជាវៀតណាមតែ១វិញ ហើយក្នុងអំឡុងទសវត្សរ៍៧០-៨០ វៀតណាម ធ្លាប់បានជួយរំដោះកម្ពុជា ឲ្យបានចេញពីរបបប្រល័យពូជសាសន៍។

ប្រមុខរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា កន្លងមក មានមជ្ឈដ្ឋានមួយចំនួន មិនទាន់បានដឹងច្បាស់ពីអត្ថន័យពិតនៃស្តូបមិត្តភាពកម្ពុជា-វៀតណាម និងបានបកស្រាយខុសពីសច្ចភាពប្រវត្តិសាស្រ្ត។ ប្រមុខរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញទៀតថា មានអ្នកនយោបាយខ្លះ បានប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាមូលដ្ឋាន ដើម្បីវាយប្រហារ អុជអាល ញុះញង់ បំបែកបំបាក់ទំនាក់ទំនងកម្ពុជា-វៀតណាម និងបំផុសឲ្យមានការរើសអើងពូជសាសន៍រវាងប្រទេសទាំង២។

ដើម្បីការពារសច្ចភាពប្រវត្តិសាស្រ្តខាងលើ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏សម្រេចចេញបញ្ជាឲ្យចារឹកអក្សរពីការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម នៅតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម។ វត្ថុបំណងរបស់រដ្ឋាភិបាលកម្ពុជា គឺចង់ឲ្យសាធារណជន ដឹងថា កម្ពុជា-វៀតណាម មានគុណលើគ្នាទៅវិញទៅមក ពោលគឺ មិនមែនកម្ពុជា មានគុណលើវៀតណាមតែម្ខាង ហើយក៏មិនមែនវៀតណាម មានគុណលើកម្ពុជាតែម្ខាងដែរ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារជាសំឡេងផ្ញើជូនប្រជាជន អំពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចារឹកប្រវត្តិសាស្រ្តនៃការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាមនេះ នៅតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម។

អត្ថបទទាក់ទង

ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ នៅតាមរាជធានី-ខេត្ត ចាប់តាំងពីទសវត្សរ៍៨០មក។ បច្ចុប្បន្ន ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងតាមរាជធានី-ខេត្តជាង២០ហើយ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា។ នៅរាជធានីភ្នំពេញ ត្រូវបានចារឹកលើផ្ទាំងថ្មថា «វិមានមិត្តភាពកម្ពុជា-វៀតណាម» ហើយនៅតាមខេត្ត ត្រូវបានចារឹកលើផ្ទាំងថ្មថា «ស្តូបមិត្តភាពកម្ពុជា-វៀតណាម»។

ទាំងវិមានមិត្តភាពកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ ទាំងស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមខេត្ត ពុំមានចារឹកអក្សរអ្វីផ្សេង ក្រៅពីពាក្យ «វិមានមិត្តភាពកម្ពុជា-វៀតណាម» និង ពាក្យ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ឡើយ។ ការមិនចារឹកអក្សរនេះ ធ្វើឲ្យមនុស្សទូទៅ យល់ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ដើម្បីរម្លឹកគុណរបស់វៀតណាមតែម្ខាង ដែលបានជួយអ្នកតស៊ូខ្មែរ ឲ្យបានយកឈ្នះលើរបបខ្មែរក្រហម៕ 

Tag:
 ស្តូបមិត្តភាពកម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com