កីឡាអន្តរជាតិ
អន្តរជាតិ
Rodgers ថា សង្គមកាន់តែអាក្រក់ហើយក្រោយអ្នកគាំទ្រ Leicester វាយកីឡាករ Forest ក្នុងទីលាន
08, Feb 2022 , 9:48 am        
រូបភាព
លោក Brendan Rodgers បង្ហាញក្តីបារម្ភ បន្ទាប់ពីអ្នកគាំទ្រ Leicester City របស់លោក ចូលទៅវាយកីឡាករ Nottingham Forest ដល់ក្នុងទីលាន នាការប្រកួត FA Cup នៅថ្ងៃទី៦ ខែកុម្ភៈ។ Rodgers យល់ឃើញថា សង្គមបានផ្លាស់ប្តូរទៅជាអាក្រក់ទៅៗហើយ។


Leicester City ដែលជាក្រុម​ម្ចាស់​ជើង​ឯក FA Cup ឆ្នាំមុន ​បានធ្លាក់ចេញពីពាននេះហើយ ក្រោយចាញ់​ក្រុម​ម្ចាស់​ផ្ទះ Nottingham Forest ៤-១ ក្នុងវគ្គ៣២ក្រុមចុងក្រោយ។
 
អំឡុងពេលក្រុម Forest អបអរគ្រាប់បាល់បញ្ចូលទីទី៣របស់ពួកគេដែលស៊ុតដោយកីឡាករ Joe Worrall ស្រាប់តែបុរសម្នាក់ដែលជាអ្នកគាំទ្ររបស់ Leicester បានរត់ចូលទីលានហើយប្រើកណ្តាប់ដៃវាយទៅលើកីឡាករក្រុមម្ចាស់ផ្ទះ មុនពេលសន្តិសុខក្រៀកចេញ។
 
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports គាំទ្ររបស់របស់ក្រុមកញ្ជ្រោងរូបនេះ ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​​ប្រឈម​មុខ​នឹង​ការ​ហាម​ចូលទីលាន​អស់​មួយ​ជីវិត​សម្រាប់​ការ​ប្រកួតរបស់ Leicester។
 
ជុំវិញករណីនេះ លោក Rodgers អ្នកចាត់ការ Leicester បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទាំងលទ្ធផល និងទង្វើរបស់អ្នកគាំទ្រ។ អ្នកចិត្តការសញ្ជាតិអៀរឡង់ខាងជើងរូបនេះអះអាងថា នេះជារោគសញ្ញានៃមនុស្សដែលប្រព្រឹត្តខុសតែគិតថាខ្លូនមានសិទ្ធិធ្វើ។ ពួកគេធ្វើសកម្មភាពដែលពួកគេពេញចិត្តនៅក្នុងសង្គមដែលមានសិទ្ធិទូលំទូលាយពេក។
 
«​ច្បាប់​របស់​សង្គម​បាន​ផ្លាស់​ប្តូរ ហើយ​​ខ្វះ​ការ​គោរព​គ្នាទាំង​ស្រុង។ នេះមិនមែនគ្រាន់តែនៅក្នុងបាល់ទាត់នោះទេ។ ខ្ញុំមើលឃើញអ្នកជំនួញ និងមនុស្សផ្សេងៗទៀតក្នុងសង្គមសព្វថ្ងៃ ខ្វះការគោរពគ្នា ហើយពួកគេមានអារម្មណ៍ថាពួកគេមានសិទ្ធិធ្វើវា ហើយធ្វើទាំងខុសនោះ»។ នេះជាការយល់ឃើញរបស់លោក Rodgers មុនលោកបន្ថែមថារយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​គាំទ្រតែង​ទម្លាយ​ចូល​កីឡដ្ឋានហើយប្រើហិង្សាជារើយៗ។
 
យ៉ាងណាក៏ដោយ ក្រោយ Leicester ធ្លាក់ក្រោមថ្វៃជើង Forest លោក Rodgers បានសុំទោសអ្នកគាំទ្ររបស់ខ្លួន ហើយហៅបរាជ័យនេះថាជាការចាញ់ដ៏អាម៉ាស់៕
 

Tag:
 Brendan Rodgers
  Leicester City
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com