ជាតិ
សប្តាហ៍ដំបូងនៃខែកុម្ភៈ អ្នក​ដើរកម្សាន្តទូទាំងប្រទេស​មាន​ដល់ទៅជិត១,៣លាននាក់
08, Feb 2022 , 7:59 pm        
រូបភាព
 ភ្ញៀវទេសចរ ដើរកម្សាន្តនៅតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍ទី១នៃខែកុម្ភៈ។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ភ្ញៀវទេសចរ ដើរកម្សាន្តនៅតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍ទី១នៃខែកុម្ភៈ។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
កាលពីចុងសប្តាហ៍ទី១នៃខែកុម្ភៈ ទេសចរដើរកម្សាន្តតាមតំបន់នានាទូទាំងប្រទេស មានជាង​៣៤ម៉ឺននាក់ ហើយ​បើ​បូកសរុបទាំងឱកាស​នៃពិធីចូលឆ្នាំចិនផងដែរនោះ ចំនួន​ឡើង​ដល់ជិត១,៣លាននាក់ឯណោះ។ ទេសចរភាគច្រើន ដើរកម្សាន្តនៅរាជធានីភ្នំពេញ បាត់ដំបង និងតំបន់សមុទ្រ។ សម្រាប់ ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នេះជា​ចំនួន​ដ៏ច្រើន​សម្បើម​មួយ​ទៀត​សម្រាប់​ដើមឆ្នាំ២០២២។

 
ទិន្នន័យភ្ញៀវទេសចរចាប់ពីថ្ងៃទី​១ ដល់ទី៦ខែកុម្ភៈ ដែល​ស្រង់ដោយបណ្តាមន្ទីរទេសចរណ៍រាជធានី-ខេត្ត បង្ហាញថា ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស មានចំនួន ១ ២៩២ ០៤៤នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងមាន ២៥ ៨៧៧នាក់។  
 
យោងតាមរបាយការណ៍ដដែល ភ្ញៀវទេសចរនិយមទៅសម្រាកកម្សាន្តនៅ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះសីហនុ កំពត កែប សៀមរាប ពោធិ៍សាត់ និងមណ្ឌលគិរី។ ចំណែកខេត្តដែលមានទេសចរទៅកម្សាន្តតិចតួច គឺខេត្តក្រចេះ ស្វាយរៀង កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តកំពង់ធំ។
 

ភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ រូបភាព៖ លោក ហម អរុណ

តាមរយៈទំព័រហ្វេសប៊ុកក្រសួង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  បានលើកឡើងថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ ជាទិន្នន័យច្រើនលើសលុបមួយ សម្រាប់ដើមឆ្នាំ២០២២ បន្ទាប់ពីទិន្នន័យភ្ញៀវទេសចរ ក្នុងពិធីបុណ្យចូលឆ្នាំសាកល។ លោកបន្តថា ដ្បិតទេសចរដើរកម្សាន្តច្រើន តែមិនមានការរីករាលជំងឺកូវីដ-១៩ ច្រើនគួរឱ្យកត់សម្គាល់ ចេញពីរមណីយដ្ឋានទេសចរណ៍នោះទេ។
 
តាមរយៈបទពិសោធន៍ការគ្រប់គ្រងជំងឺកូវីដ-១៩ របស់ទេសចរដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំចិន កន្លងទៅនេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅថ្ងៃទី៧កុម្ភៈ ថា សម្ដេចបេជ្ញាឱ្យប្រជាពលរដ្ឋបានចូលឆ្នាំប្រពៃណីខ្មែរ និងដើរកម្សាន្ត ក្រោយខនខានក្នុងឆ្នាំ ២០២០ និង ២០២១។
 
គួររម្លឹងដែរថា កាលពីថ្ងៃទី ១ ដល់ថ្ងៃទី៣កុម្ភៈ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ភ្ញៀវទេសចរដើរលេងទូទាំងប្រទេសមានចំនួន ៩៤៧​ ៤៩៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុងមាន ១៦ ១៨៩នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com