ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ពិភាក្សាជាមួយក្រុមហ៊ុនអ៊ឺនធ័រណិលើការអនុវត្តប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក
08, Feb 2022 , 10:59 pm        
រូបភាព
ដោយ: រួបរួម
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រជុំពិភាក្សាជាមួយ​បណ្តា​ថ្នាក់ដឹកនាំក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណិត (Internet Service Provider-ISP) ​ចំនួន​៤៩នៅកម្ពុជា លើការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៧ ខែកុម្ភៈ។

 
ចាប់ពីថ្ងៃទី១ ខែមេសា កម្ពុជានឹងអនុវត្តការយកអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ជាដើម។  នេះជាការអនុវត្តតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅកម្ពុជាមកក្នុងកម្ពុជា ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។
 
ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណីត លោក គង់ វិបុល បាន​កើតសម្គាល់​សន្ទុះអាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ិនធើណេត នា​រយៈពេល​ចុងក្រោយនេះ ហើយ​ មានសហគ្រាសមួយចំនួនធំ ពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ 
 
«ការពង្រឹងនូវការគ្រប់គ្រង សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងអនុលោមភាពសារពើពន្ធ សម្រាប់វិស័យនេះ»។ អគ្គនាយកដ្ឋានពន្ធដារបាន​គូសបញ្ជាក់យ៉ាងដូច្នេះ។
 
តាមសេចក្តីប្រកាសព័ត៌មានដដែល កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារ មានបំណងក្នុងការផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការពីបណ្តាសហគ្រាស ជាអ្នកផ្គត់ផ្គង់សេវាអឺនធើណេត (Internet Service Provider - ISP) ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយក្នុងករណីសហគ្រាសមិនចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ វិធានការចាំបាច់នានា ក្នុងការរាំងខ្ទប់នូវប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនានា។
 
«អគ្គនាយកដ្ឋានពន្ធដារ ស្វាគមន៍ចំពោះរាល់ធាតុចូល និងកិច្ចសហការនានា លើផ្នែកបច្ចេកទេសពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែប្រសើរសំដៅធានា បាននូវការប្រមូលចំណូលពន្ធដារ កើនឡើងប្រកបដោយចីរភាព»។ នេះបើតាមការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន៕
 

Tag:
 គង់ វិបុល
  E-COMMERCE
© រក្សាសិទ្ធិដោយ thmeythmey.com