ជាតិ
សេដ្ឋកិច្ច
ក្រសួងគ្រោងចុះ ដូងខ្ទិះបាត់ដំបង ក្រូចពោធិ៍សាត់ នំបញ្ចុកសៀមរាប ក្នុងបញ្ជីម៉ាកសមូហភាព
09, Feb 2022 , 7:59 pm        
រូបភាព
លោក សឿន ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង(ឆ្វេង) លោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម(កណ្តាល) និងលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម(ស្តាំ)  នាសិក្ខាសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព«ដូងខ្ទិះបាត់ដំបង» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក សឿន ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង(ឆ្វេង) លោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម(កណ្តាល) និងលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម(ស្តាំ) នាសិក្ខាសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព«ដូងខ្ទិះបាត់ដំបង» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងចុះ ដូងខ្ទិះបាត់ដំបង ក្នុងបញ្ជីម៉ាកសមូហភាព។ ក្រៅពីដូងខ្ទិះ ក្រសួង ក៏បង្ហើបគម្រោងចុះបញ្ជីសមូហភាពលើ ក្រូចពោធិ៍សាត់ នំបញ្ចុកសៀមរាប និងចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាលផងដែរ។ បច្ចុប្បន្ន នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសមូហភាព «គុណទាវភ្នំពេញ» «អំបុកកំពង់ធំ» និង«អង្ករព្រះវិហារ» ហើយផលិតទាំងនេះ បានរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិ។ 

 
ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង»  បន្ទាប់ពីមើលឃើញថា ដំណាំនេះមានលក្ខណៈពិសេស និងមានសក្តានុពលផ្សារភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាអាចស្រូបទាញការវិនិយោគផ្នែកឧស្សាហកម្មចំណីអាហារមកកាន់កម្ពុជា។ នេះជាការបញ្ជាក់របស់ លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅខេត្តបាត់ដំបង។ 
 


នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានស្រង់ប្រសាសន៍របស់ លោក សួន វិជ្ជា មកចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការសម្រេចជ្រើសរើស«ដូងខ្ទិះបាត់ដំបង» ចុះបញ្ជីម៉ាកសមូសហភាពនេះ គឺដើម្បីជំរុញផលិតកម្មកសិកម្ម ទៅជាកសិពាណិជ្ជកម្មដែលអាចផ្គត់ផ្គង់បរិមាណច្រើន។ បើតាមលោក សួន វិជ្ជា ក្រសួងក៏មានបំណងលើកកម្ពស់កសិឧស្សាហកម្ម ដោយជំរុញការកែច្នៃ ដើម្បីផ្តល់នូវតម្លៃបន្ថែមខ្ពស់ និងពិពិធកម្មទំនិញច្រើនមុខ ពីផលិតផលគោលមួយមុខ ដូចជាកែច្នៃដូងខ្ទិះ ទៅជាផលិតផលកំប៉ុងជាដើម។ មិនតែប៉ុណ្ណោះ ក្រសួង ក៏ចង់ជំរុញឱ្យមានការកែច្នៃតំបន់ផលិតកម្មដាំដុះ ទៅជាគោលដៅទេសចរណ៍បែបកសិ-ទេសចរណ៍ ដែលអាចបង្កើត ការងារ និងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋមូលដ្ឋានដែរ។ 
 
«ការកសាងម៉ាកសមូហភាពដូងខ្ទិះបាត់ដំបងនេះ ក៏នឹងរួមចំណែកកែប្រែផលិតផលដូងខ្ទិះបាត់ដំបង ពីផលិតផលសាមញ្ញ ទៅជាផលិតផលតំណាងកម្ពុជានៅបរទេស ងាយស្រួលផ្សព្វផ្សាយក្នុងពិព័រណ៍ពាណិជ្ជកម្ម និងប្រើប្រាស់បង្ហាញក្នុងការទូតម្ហូបអាហារ (Food Diplomacy) ដើម្បីផ្សារភ្ជាប់ជាមួយវប្បធម៌ម្ហូបអាហាររបស់ប្រជាជនកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដោយ លោក សួន វិជ្ជា បានអះអាងថា ក្រៅពី«ដូងខ្ទិះបាត់ដំបង» ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសមូហភាពពលើដំណាំ«ក្រូចពោធិ៍សាត់» «នំបញ្ចុកសៀមរាប» និង«ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល» នាពេលខាងមុខដែរ។ 
 
បច្ចុប្បន្ន ផលិតផលដែលត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសមូហភាពមានដូចជា«គុយទាវភ្នំពេញ» «អំបុកកំពង់ធំ» និង«អង្ករព្រះវិហារ»។ 
 
ក្រៅពីផលិតផលម៉ាកសមូហភាព កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលមួយចំនួន ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ឱ្យដឹងទៀតថា មានផលិតផលមួយចំនួនទៀត ដែលក្រសួងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែរ គឺ«អំបិល និងផ្កាអំបិលកំពត» «ទឹកត្រីកំពត» និង«បង្កងតាកែវ»។ បើតាមលោក សួន វិជ្ជា ផលិតផលសម្គាល់ភូមិសាស្ត្រ និងសមូហភាពទាំងនេះ មិនត្រឹមតែមានតម្លៃខ្ពស់នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេសនោះទេ ប៉ុន្តែផលិតទាំងនោះ បានក្លាយជាចំណែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់កម្ពុជា  ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិ៕
 
 
 

Tag:
 ដូងខ្ទិះ
  ក្រូចពោធិ៍សាត់ នំបញ្ចុក
 ចម្លាក់ប្រាក់
 ចម្លាក់ស្ពាន់
© រក្សាសិទ្ធិដោយ thmeythmey.com