ជាតិ
សេដ្ឋកិច្ច
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា
09, Feb 2022 , 9:59 pm        
រូបភាព
រូបគំរូនៃផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ។ រូបថត៖ ក្រសួងសាធារណការ
រូបគំរូនៃផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ។ រូបថត៖ ក្រសួងសាធារណការ
ភ្នំពេញ៖ ផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុង ខែកក្កដា និងដាក់ប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 
ផ្លូវល្បឿនលឿនដែលមានប្រវែងជិត២០០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ នឹងត្រូវប្រកាសឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្រោយដំណើរការសាងល្បងបានរយៈពេល២ខែ។ 
 
បើតាមលោកស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៩កុម្ភៈ ​ផ្លូវដែលមានតម្លៃវិនិយោគប្រមាណ២០០០លានដុល្លារ អាចនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ខាងមុខនេះ។ 
 
 
ជាមួយនឹងការដាក់ឱ្យប្រើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការ​និងដឹកជញ្ជូនក៏នឹងផលិតវីដេអូ ពន្យល់ឬណែនាំដល់ពលរដ្ឋពីការប្រើប្រាស់ផ្លូវនេះ ប្រកបដោយសុវត្ថិភាព ផងដែរ។ សម្រាប់ផ្លូវល្បឿនលឿននេះ គឺមិនអនុញ្ញាតឱ្យម៉ូតូ និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើប្រាស់ឡើយ។
 
សូមរម្លឹកថា ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២មីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះបានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕ 
 

Tag:
 ផ្លូវល្បឿនលឿន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com