ជាតិ
សេដ្ឋកិច្ច
លោក ច្រឹក សុខនីម៖ ភូមិភាគឦសាន មានសក្តានុពលវិនិយោគលើសណ្ឋាគារ និងផ្ទះលំហែ
10, Feb 2022 , 7:59 am        
រូបភាព
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ(CVEA)។ រូបថត៖ CVEA
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ(CVEA)។ រូបថត៖ CVEA
តំបន់ភូមិភាគឦសាន ត្រូវបានសម្តេច ហ៊ុន សែន ចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទីបួនរបស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។ សម្តេច បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទីបួននេះ គឺផ្តោតលើកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ(CVEA) ប៉ូលសេដ្ឋកិច្ចទីបួននេះ ជាពិសេសក្នុងខេត្តមណ្ឌលគិរី គឺមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគលើសណ្ឋាគារ និងផ្ទះលំហែ ខណៈបច្ចុប្បន្នតម្លៃដីនៅតំបន់នេះ គឺនៅទាបនៅឡើយ។

 
កាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈ ក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជានៅភូមិភាគឦសាន ដោយផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ការប្រកាសនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍក្នុងវិស័យអលចនទ្រព្យមើលឃើញថា តំបន់ភូមិភាកឦសាននេះ គឺមានសក្តានុពលខ្លាំង ក្នុងការវិនិយោគលើសណ្ឋាគារ និងផ្ទះលំហែ។ 
 
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) លោក ច្រឹក សុខនីម បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា តំបន់ប៉ូលទីបួននេះ បានបង្ហាញនូវសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ នាពេលអនាគតបានច្រើន ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីតែម្តង។ លោក ច្រឹក សុខនីម ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«តម្លៃអចលនទ្រព្យនៅតំបន់នេះនាពេលបច្ចុប្បន្ន គឺនៅមានភាពងាយស្រួល និងមានតម្លៃធូរថ្លៃនៅឡើយ។  បើសិនជាមានការវិនិយោគនៅក្នុងពេលបច្ចុប្បន្ននេះ  គឺអាចទទួលបានផលចំណូលខ្ពស់ នៅពេលអនាគត ពីព្រោះថាបើយើងក្រឡេកមើលឱកាសទីផ្សារ ប៉ូលភូមិភាគឦសាននេះ គឺទើបមានការវិវត្តនារយៈពេលមួយ ឬពីរឆ្នាំចុងក្រោយនេះទេ»។ 


 រូបតំណាង៖ ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី នាពិធីបុណ្យអ៊ុំទូក កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

បើតាមលោក ច្រឹក សុខនីម តម្លៃដីនៅទីក្រុង ឬនៅទីប្រជុំជននៃប៉ូលសេដ្ឋកិច្ចទីបួន នាពេលបច្ចុប្បន្ន នៅតម្លៃត្រឹម ២ ៥០០ ទៅ ៣ ០០០ដុល្លារ ក្នុងមួយម៉ែត្រដើរ ឬមួយម៉ែត្រការ៉េមានតម្លៃត្រឹម ៥០០ ទៅ៦០០ដុល្លារ។ លោកបានបន្តលើកឡើងថា៖« ប៉ូលសេដ្ឋកិច្ចទីបួននេះ មានសក្តានុពលក្នុងវិស័យអចលនទ្រព្យ ក្នុងការវិនិយោគលើសណ្ឋាគារ និងផ្ទះលំហែកាយ សម្រាប់បម្រើដល់វិស័យទេសចរណ៍បែបធម្មជាតិ នាពេលអនាគត»។ 
 
ខេត្តមណ្ឌលគិរី កំពុងទទួលបានភាពទាក់ទាញច្រើន ពីការវិនិយោគក្នុងវិស័យទេសចរណ៍។  លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានលើកឡើងថា នាដើមឆ្នាំ២០២២ គឺមានអ្នកស្នើសុំវិនិយោគច្រើន ក្នុងការបង្កើតរមណីយដ្ឋាន និងផ្ទះលំហែ។ លោក បានបញ្ជាក់ថា សម្រាប់ការស្នើសុំវិនិយោគ លើសណ្ឋាគារថ្មី គឺមិនទាន់ទេ ខណៈបច្ចុប្បន្នផ្ទះសំណាក់ និងសណ្ឋាគារនៅខេត្តនេះ មានប្រមាណ ១ ៣០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរ។ 
 
លោក ងិន សុវិមាន បន្ថែមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «ផ្ទះសំណាក់ និងសណ្ឋាគារ ជាង១ ៣០០បន្ទប់ ខេត្តយើងកំពុងមានបច្ចុប្បន្ននេះ។ និយាយឱ្យមែនទែន គឺខ្វះសម្រាប់ទទួលភ្ញៀវទេសចរ តែរដូវបុណ្យទានធំៗទេ  ដូចជា បុណ្យចូលឆ្នាំខ្មែរ អុំទូកជាដើម»។ 
 
សូមជម្រាបថា ប៉ូលសេដ្ឋកិច្ចទីបួន ដែលស្ថិតនៅភូមិភាគឦសាននេះ រដ្ឋាភិបាលនឹងបង្កើតឱ្យទៅមានតំបន់ទេសចរណ៍ កសិ-ឧស្សាហកម្ម និងធនធានរ៉ែ ខណៈប៉ូលសេដ្ឋកិច្ចទីបី នៅខេត្តសៀមរាប គឺផ្តោតលើទេសចរណ៍វប្បធម៌។ សម្រាប់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទីពីរ ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុ និងទេសចរណ៍។ រីឯរាជធានីភ្នំពេញ គឺមានប៉ូលសេដ្ឋកិច្ចពហុបំណងទីមួយ ដែលផ្តោតសំខាន់លើជំនួញ និងសកម្មភាពអាជីវកម្ម នានា៕ 
 
 
 

Tag:
 ទេសចរណ៍
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com