ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖ កម្ពុជា អាចរៀបចំទាំងបរិយាកាស និងវិធានការផ្សេងៗ ដើម្បីត្រៀមទទួលទេសចរ
09, Feb 2022 , 6:00 pm        
រូបភាព
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា (រូបពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី)
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា (រូបពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី)
កម្ពុជាអាចរៀបចំទាំងបរិយាកាស គោលនយោបាយ និងវិធានការផ្សេងៗ ដើម្បីទទួលទេសចរបរទេស អំឡុងវិបត្តិជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំអំពី «ផែនការចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា​ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នៅវិមានរដ្ឋសភា។



គណៈកម្មការអប់រំ​ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំអំពី «ផែនការចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា​ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដើម្បីជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ដូចជាការហូរចូលជាបន្តបន្ទាប់នូវចរន្តភ្ញៀវទេសចរបរទេសចរ។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានលើកឡើងថា៖«កម្ពុជាអាចរៀបចំទាំងបរិយាកាស គោលនយោបាយ និងវិធានការផ្សេងៗ ដើម្បីទទួលទេសចរបរទេស អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩»។ ចំពោះការរៀបចំបរិយាកាស និងគោលនយោបាយ អ្នកតំណាងរាស្រ្តរូបនេះ សំដៅលើការខិតខំរបស់ក្រសួងទេសចរណ៍ក្នុងការរៀបចំឯកសារសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភាពទេសចរណ៍របស់កម្ពុជា នាពេលបច្ចុប្បន្ន រួមមាន ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ ម្យ៉ាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ផងដែរ។

ចំណែកវិធានការ លោក ហ៊ុន ម៉ានី សំដៅដល់ចំនួនអ្នកបានទទួលវ៉ាក់សាំង និងសេវាសុខាភិបាល ដើម្បីបង្កើនភាពជឿជាក់ដល់ភ្ញៀវទេសចរ ហើយមិនបង្កឱ្យមានការឆ្លងជំងឺផ្សេងៗ ព្រោះកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍មួយផងដែរ។ លោក បញ្ជាក់ថា៖«យើងរៀបចំទាំងបរិយាកាសផង និងធ្វើការជាមួយទ្វេភាគីរវាងប្រទេសជាមិត្ត ក្របខ័ណ្ឌអាស៊ានផង ដើម្បីធ្វើយ៉ាងណាអាចរុញទេសចរវ៉ាក់សាំង ដើម្បីឈានដល់ការទទួលបានផ្លែផ្កា»។

ក្នុងកិច្ចប្រជុំមួយព្រឹក កាលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា៖«ផែនទីចង្អុលផ្លូវនេះ គឺជាឯកសារគោលដ៏មានសារសំខាន់ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ហើយការរៀបចំឯកសារផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតជាមានលក្ខណៈលម្អិត និងគ្រប់ជ្រុងជ្រោយ»។ លោក បន្ថែមថា ចលនានៃភ្ញៀវទេសចរបានងើបឡើងវិញ ទាំងវត្តមានភ្ញៀវអន្តរជាតិ និងការធ្វើដំណើររបស់ភ្ញៀវក្នុងស្រុក។ ទន្ទឹមនឹងនេះ ក៏ចាប់ផ្ដើមមានការតភ្ជាប់ជើងហោះហើរឡើងវិញ និងកំណើនភ្ញៀវទេសចរអន្តរជាតិផងដែរ៕

លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ (រូបពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី) 


Tag:
 កូវីដ-១៩
 ទេសចរណ៍
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com