ជាតិ
អាដហុក៖ ឆ្នាំ២០២១ មានវិវាទដីធ្លី១៦៩ករណី និងមានពលរដ្ឋជាង៦ម៉ឺននាក់រងគ្រោះ
10, Feb 2022 , 8:59 pm        
រូបភាព
បណ្ដុំរូបភាពពលរដ្ឋតវ៉ា ពាក់ពា័ន្ធនឹងវិវាទដីធ្លី។ រូបពី អាដហុក
បណ្ដុំរូបភាពពលរដ្ឋតវ៉ា ពាក់ពា័ន្ធនឹងវិវាទដីធ្លី។ រូបពី អាដហុក
ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ សមគមអាដហុក ទទួលបានពាក្យបណ្ដឹងដីធ្លី១៦៩ករណី ហើយភាគច្រើនជាករណីរំលោភដោយបុគ្គលមានសិទ្ធិអំណាច និងអ្នកមានទ្រព្យ។ ដោយមានក្តីព្រួយបារម្ភពីការកើនឡើងនៃបញ្ហាដីធ្លីនេះ ហើយពលរដ្ឋរងទុក្ខកាន់ធ្ងន់ធ្ងរ សមគមនេះ  ស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការ បង្អង់បណ្ដឹងអាជ្ញា។

 
សមាគមអាដហុក បានលម្អិតពីស្ថានភាពពលរដ្ឋរងគ្រោះដោយសារវិវាទដីធ្លីជាមួយអ្នកមានសិទ្ធិអំណាច មានការចាប់ឃុំ ហើយក៏មានអ្នកធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ផងដែរ។ បញ្ហាដីធ្លីនេះ អាដហុកបានចេញរបាយការណ៍មួយមានកម្រាស់៣៤ទំព័រ ស្ដីពី «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋ ក្នុងរឿងវិវាទដីធ្លី»។ 
 
តាមរយៈរបាយការណ៍ខ្លួន ចេញកាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២២ អាដហុកបានបង្ហាញថា វិវាទដីធ្លី១៦៩ករណី ក្នុងឆ្នាំ២០២១ ដែលទទួលបាន គឺមានទំហំដីជាង៥ម៉ឺនហិកតា។ វិវាទនេះ បង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៦ម៉ឺននាក់ ដែលស្មើនឹង១,៧ម៉ឺនគ្រួសារ ក្នុងនោះជនជាតិដើមភាគតិចជាង១៣០០គ្រួសារ។ បញ្ហា លេចធ្លោជាង គឺការរំលោភបំពាន់ដោយអ្នកមានអំណាច គឺមាន៦៦ករណី និងបុគ្គលអ្នកមានទ្រព្យ២៧ករណី។ 
 
«ជនរងគ្រោះ១៥៧នាក់ កំពុងជាប់បណ្ដឹងអាជ្ញា ពោលគឺដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងមានជនរងគ្រោះ១៧នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្នដែលមានម្នាក់ធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ រហូតដល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ»។ នេះបើតាមរបាយការណ៍របស់អាដហុក ដោយបង្ហាញបន្ថែមថា ជនរងគ្រោះដែលជាប់បណ្ដឹងអាជ្ញានិងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យភាគច្រើននៅខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តកណ្ដាល ខេត្តក្រចេះ និង ខេត្តកំពង់ស្ពឺ។ 
 
ការប្រើឥទ្ធិពលរបស់អ្នកមានអំណាច អ្នកមានទ្រព្យ និងក្រុមហ៊ុនធំៗ ក្នុងវិវាទដីធ្លីកន្លងមកគឺ ដោយសារពួកគេខ្វះការពិគ្រោះយោបល់ជាសាធារណៈពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ ជាក់ស្ដែង អាដហុកបានលើកវិវាទដីសហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ខេត្តស្ទឹងត្រែង ដែលធ្វើឡើងក្រោមរូបភាពសម្បទានសេដ្ឋកិច្ច និងវិវាទដីនៅកោះរ៉ុង ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាដើម។ ទន្ទឹមនឹងនេះ ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងវិវាទដីធ្លី គឺជាការបំបាក់ស្មារតីដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលធ្វើឲ្យពួកគេលែងហ៊ានប្រើសិទ្ធិដើម្បីរកយុត្តិធម៌។ 
 
បើតាមអាដហុកដដែល ការប្រើប្រាស់អំពើហិង្សាបង្ក្រាបលើប្រជាពលរដ្ឋ កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដូចជា វិវាទដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រវាងក្រុមហ៊ុនអូស៊ីអាយស៊ី ដែលជាទីតាំងគម្រោងព្រលានយន្តហោះ។ ករណីនេះ សកម្មជនម្នាក់បានស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ។ រីឯ ប្រជាពលរដ្ឋម្នាក់ទៀតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានរងរបួសស្មាធ្ងន់ ដោយសារកម្លាំងប្រដាប់អាវុធបាញ់រះ។ 
 
ជុំវិញរបាយការណ៍នេះ សារព័ត៌មានថ្មីៗពុំអាចសុំឆ្លើយតបឬការយល់ឃើញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងបានឡើយ ដោយសារលោក សេង ឡូត ជាអ្នកនាំពាក្យ មិនលើកទូរស័ព្ទ។  
 
អង្គការអាដហុក អះអាងថា ការចេញរបាយការណ៍នេះ ដើម្បីលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួនលើវិវាទដីធ្លី។ អាដហុកបានសង្កត់ធ្ងន់ថា៖ «[យើង] មានគោលបំណងស្នើរដ្ឋាភិបាល តុលាការគ្រប់ជាន់ថ្នាក់ បង្អង់បណ្ដឹងអាជ្ញា បញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទ ដីធ្លីនៅកម្ពុជា និងដាក់ទោសទណ្ឌរាល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផលដំណាំពប្រជាលរដ្ឋក្នុងរឿងវិវាទដីធ្លី»។ 
 
ចំពោះការបង្អង់បណ្ដឹងអាជ្ញានេះ លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតរបស់អាដហុកបានពន្យល់បន្ថែមថា កន្លងមកវិវាទដីធ្លី ពុំទាន់ដោះស្រាយឬរកឲ្យឃើញថាភាគីខាងណាជាម្ចាស់កម្មសិទ្ធិផង បែរជាមានការចាប់ខ្លួននិងប្រើហិង្សាគ្រប់រូបភាព។ លោក បន្តថា លើសពីនេះ តែងមានការចោទប្រកាន់ ហើយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ។ មន្រី្តរូបនេះ ទទូចឲ្យមានការបង្អង់បណ្ដឹងអាជ្ញាសិន ជៀសវាងការចាប់ឃុំ ឬដាក់ទោសទណ្ឌ អយុត្តិធម៌លើប្រជាពលរដ្ឋស្លូតត្រង់ដែលពុំទាន់បានស្រាវជ្រាវពីឫសគល់។ 
 
«យើងព្រួយបារម្ភអាចនឹងមាន អ្នកមានអំណាច មន្ត្រីមួយចំនួន ក្រុមហ៊ុនធំៗ ឆ្លៀតឱកាសបន្តរំលោភបំពាន់ដីធ្លី ខណៈចំណាត់ការលើការដោះស្រាយវិវាទដីធ្លី មានរូបភាពគំរាមកំហែងបែបបំបាក់ស្មារតីលើប្រជាពលរដ្ឋទន់ខ្សោយ»។ នេះជាការលើកឡើងរបស់លោក ស៊ឹង សែងកុរណា ហើយលោក អំពាវនាវឲ្យមានការដោះលែងអ្នកដែលជាប់ឃុំដោយសារវិវាទដីធ្លីជាមួយ អ្នកមានទ្រព្យនិងសិទ្ធិអំណាចឲ្យពួកគេបានសិទ្ធិស្មើគ្នាកដើម្បីបញ្ចប់វិវាទដីធ្លី។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ថា លោក ពុំបានដឹងពីរបាយការណ៍របស់សមាគមអាដហុកឡើយ។ ប៉ុន្តែ លោក ផ្តល់យោបល់ថា បើសមាគមនេះ រកឃើញអ្នកមានអំណាចមានទ្រព្យ ឬមន្រី្តណាមួយ ប្រើឥទ្ធិពលរំលោភបំពាន គួរតែស្វែងរកភស្តុតាង។ លោក បញ្ជាក់ថា មានភស្តុតាជាក់លាក់ ហើយប្ដឹងទៅតុលាការ គឺជាការចាត់វិធានការផ្លូវច្បាប់។
 
ពាក់ព័ន្ធនឹងការបង្អង់បណ្ដឹងអាជ្ញា អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ឆ្លើយតបថា ភាគីជម្លោះ បើមានគេរំលោភបំពាន គួរឆាប់ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ជៀសវាងបង្កបញ្ហាផ្សេងៗជាអាចជាបទល្មើស។ ចំពោះករណីប្រជាពលរដ្ឋនិងអាជ្ញាធរដែលប៉ះទង្គិច នៅពេលមានវិវាទដីធ្លី លោកអ្នកនាំពាក្យ កត់សម្គាល់ឃើញប្រជាពលរដ្ឋច្រើនបង្កើតបញ្ហាបន្ថែមជាងការដោះស្រាយតាមនីតិវិធីច្បាប់។

លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ប្រជាពលរដ្ឋអត់អនុវត្តនៃការទាមទារ គាត់ប្រើសកម្មភាពដែលគេអាចចាតុទុកជាការគំរាមកំហែង រំខានឬប្រឈមដែនសមត្ថកិច្ចគេចុះអនុវត្តការងារ គួរជ្រើសរើសទៅប្ដឹងតុលាការ ជាជាងទៅរករឿងសមត្ថកិច្ច ព្រោះសមត្ថកិច្ចធ្វើតាមបញ្ជានៃនីតិវិធីប៉ុណ្ណោះ»។
 
កាលពីចុងខែមករាឆ្នាំ២០២២នេះ ក្រសួងដែនដីបានចេញរបាយការណ៍ប្រចាំឆ្នាំ២០២១ថា ក្រសួងទទួលបានពាក្យបណ្តឹងបញ្ហាដីធ្លីសរុប៣៩២ករណី ហើយបានដោះស្រាយបញ្ចប់នីតិវិធីចំនួន២០២ករណី៕ 
 
 
 
 

Tag:
 ដីធ្លី
  អាដហុក
© រក្សាសិទ្ធិដោយ thmeythmey.com