កីឡាអន្តរជាតិ
អន្តរជាតិ
បណ្ដាញសង្គមចិន លុបសារដែលវាយប្រហារអត្តពលិកអូឡាំពិក
11, Feb 2022 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
គេហទំព័របណ្តាញសង្គមរបស់ចិនធំៗពីររួមមាន Weibo និង Douyin បានបញ្ជាក់ថា ខ្លួនបានលុបការបង្ហោះសារជាច្រើនដែលវាយប្រហារអត្តពលិក ព្រមទាំងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាក់ទងអូឡាំពិកប៉េកាំង។


ដើម្បីជាការការពារតម្លៃស្នូលនៃសង្គម ​អាជ្ញាធរចិនបានត្រួតពិនិត្យយ៉ាងតឹងរឹងនូវខ្លឹមសារណាដែលបានបង្ហោះលើបណ្តាញសង្គមពាក់ព័ន្ធ ដែលពួកគេជឿថាជាការវាយប្រហារបុគ្គល។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរចិនក៏បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនជួយបង្រ្កាបបន្ថែមលើការជជែក ដែលមានខ្លឹមសារទាក់ទងនឹងពាក្យចចាមអារ៉ាម ឬជាពាក្យអសុរោះលើកីឡាអូឡាំពិកប៉េកាំង។
 
កាលពីថ្ងៃទី៦ ខែកុម្ភៈ គេហទំព័រដ៏ធំបំផុតរបស់ចិន Weibo ដែលស្រដៀងនឹង Twitter បានចាត់វិធានការលើគណនីអ្នកប្រើប្រាស់ប្រមាណ ២,៣០០ គណនី និងលុបការបង្ហោះជាង៧៣,០០០ ដែលប្រមាថអត្តពលិក ឬជាការជជែកដោយខុសច្បាប់។ នេះបើតាមទីភ្នាក់ងារ Reuters ។
 
«ការប្រកួតប្រជែងក្នុងកីឡាតែងតែមានឈ្នះនិងចាញ់ ប៉ុន្តែអ្នកគ្រប់គ្នាបានប្រយុទ្ធតទល់គ្នាដើម្បីតែការស្រលាញ់ចូលចិត្តរបស់ខ្លួន។ យើងធ្វើបែបនេះដើម្បីដាស់តឿនអ្នកគ្រប់គ្នាកុំឱ្យមានការរើសអើង និងការវាយប្រហារលើអត្តពលិកដោយចៃដន្យ។» គេហទំព័រ Weibo បានលើកឡើងបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះគេហទំព័រ Douyin ដែលជាស្រដៀងគ្នាទៅនឹងកម្មវិធី TikTok បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានលុបវីដេអូប្រមាណ៦,៧៨០ ដែលរួមទាំងការបញ្ចេញមតិនានា ហើយគណនីជាង៣៣១​ ត្រូវបានលុបចេញ។ 
 
បណ្តាញសង្គម Douban និងគេហទំព័រចែករំលែកវីដេអូ Bilibili ក៏បានចេញសេចក្តីប្រកាសដែលចាត់វិធានការស្រដៀងគ្នានេះផងដែរ៕
 
 
 

Tag:
 Weibo
  Douyin
  Olympic Beijing 2022
  Social Media
© រក្សាសិទ្ធិដោយ thmeythmey.com