COVID-19
អន្តរជាតិ
បុរសតួកគីម្នាក់ព្យាបាលកូវីដ-១៩ អស់១៤ខែ ដោយ​តេស្តវិជ្ជមាន​រហូតដល់ទៅ​៧៨​ដង​
12, Feb 2022 , 9:59 am        
រូបភាព
ដោយ: ធីតា
បុរសតួកគីឈ្មោះ Muzaffer Kayasan ទំនង​ជា​ក្លាយ​ជា​ម្ចាស់​​កំណត់ត្រាអ្នកសម្រាក​​ព្យាបាល​កូវីដ-១៩ យូរជាងគេ។ បើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន Anadolu Agency គាត់បាន​ព្យាបាលដាច់ដោយឡែក​តាំងឆ្នាំ២០២០ មក ពោលគឺ​ជាង​១៤ខែ ប៉ុន្តែនៅតែតែស្ត​វិជ្ជមាន​ទាំង​៧៨​លើក។

 
អាយុ​៥៦​ឆ្នាំ លោក Kayasan ជាអ្នក​ជំងឺមហារី​កឈាម​ម្នាក់ ដែល​តេស្តវិជ្ជមាន​កូវីដ-១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេលខ្លី គាត់ត្រូវបានតម្រូវឲ្យបន្តព្យាបាលនៅ​ផ្ទះ​ក្នុង​ស្រុក Sariyer ក្រុង Istanbul ប៉ុន្តែ​ក្រោយ​ការរស់នៅ​ដាច់ដោយឡែក​២សប្តាហ៍ គាត់នៅតែបន្តមាន​វិជ្ជមាន​កូវីដ-១៩ដដែល។


 
អ្វីដែលមិនគួរនឹកស្មាន​ដល់នោះ គាត់បន្ត​តេស្តជាបន្ត​បន្ទាប់នារយៈពេលល១៤ខែ ដែលមាន​រហូតដល់ទៅ​៧៨​លើក ហើយ​លទ្ធផល​ដែលចេញដោយមន្ទីរពិសោធន៍​ផ្សេងៗគ្នា បង្ហាញថា គាត់នៅ​តែ​វិជ្ជមាន​កូវីដ-១៩។ អំឡុងពេល​កន្លងមក គាត់​ព្យាបាល​៩ខែ​នៅមន្ទីរពេទ្យ និង​៥ខែទៀត​រស់នៅ​ដាច់ដោយឡែកក្នុងផ្ទះ។
 
លោក Kayasan បាន​រៀបរាប់ថា លោក​មាន​បញ្ហាពិបាក​ដក​ដង្ហើម ពិបាកដើរ មើលមិនសូវឃើញ និង​បាត់បង់រសជាតិ។ «ក្រុម​វេជ្ជបណ្ឌិត យក​ចិត្តទុក​ដាក់និងព្យាបាលខ្ញុំជាពិសេស ប៉ុន្តែស្ថានភាព​ខ្ញុំ​នៅ​តែមិនធូរស្បើយ​នារយៈពេល​១៤ខែកន្លងមកនេះ»។


 
លោកបាន​គូសបញ្ជាក់ថា នា​អំឡុង​ពេល​លោកព្យាបាល អ្នកជំងឺ​ផ្សេងទៀតដែលមានអាការៈស្រដៀងលោក បានសះស្បើយ និ​ងចេញពីមន្ទីរពេទ្យ​ជា​បន្ត​បន្ទាប់ ហើយ​លោក​ក៏បានឃើញមនុស្ស​ស្លាប់ជាច្រើននាក់​ផងដែរ ក្នុងនោះមានទាំងយុវជន។
 
លោក Kayasan ផ្ញើសារដល់មនុស្សទូទៅឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយ​មិន​ត្រូវ​បណ្តោយខ្លួន រហូតដល់ឆ្លងជំងឺ​នោះទេ។ ការ​រស់នៅ​ដាច់ដោយឡែក លោកតែងតែនឹករលឹកគ្រួសារជានិច្ច ជាពិសេសចៅប្រុស​អាយុ​២​ឆ្នាំ​ ដែលបាន​ត្រឹមឃើញគ្នា​តាម​កញ្ចក់​តែប៉ុណ្ណោះ៕
 

Tag:
 COVID
© រក្សាសិទ្ធិដោយ thmeythmey.com