ជាតិ
ក្រសួងបរិស្ថាន ប្រកាសអនុវត្តយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន
12, Feb 2022 , 2:50 pm        
រូបភាព
លោកសាយ សំអាល់ បានថ្លែងក្នុងពិធីប្រកាសដាកឱ្យអនុវត្ត LTS4CN នារសៀលថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ក្រសួងបរិស្ថាន
លោកសាយ សំអាល់ បានថ្លែងក្នុងពិធីប្រកាសដាកឱ្យអនុវត្ត LTS4CN នារសៀលថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន»នៅ​កម្ពុជា​ នារសៀលថ្ងៃទី១១កុម្ភៈ។ ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រនេះ ​រំពឹងថា​នឹង​ជួយ​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP)​ប្រចាំឆ្នាំ​របស់​ជាតិ​បាន​ជិត ៣ភាគរយ និង​អាចបង្កើត​ការងារ​បានជិត៥០ម៉ឺន​កន្លែង ​នៅ​ក្នុងឆ្នាំ ២០៥០។

 
ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (Long-Term Strategy for Carbon Neutrality_LTS4CN) គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុនិងបង្ហាញនូវសេណារីយ៉ូគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត LTS4CN លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។


  លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន (រូបទី៣រាប់ពីស្តាំ)
 
លោកសាយ សំអាល់​ បានថ្លែងក្នុងពិធីប្រកាសដាកឱ្យអនុវត្ត LTS4CN ​នារសៀលថ្ងៃទី១១កុម្ភៈ​ ឆ្នាំ២០២២ ថា កម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ក្នុងពិភពលោក និងជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលបាន​ដាក់​ចេញ​យុទ្ធសាស្រ្តនេះ ជាមួយ​នឹងគោលដៅ​ឆ្នំា២០៥០ សម្រាប់​ការ​បញ្ចេញ​ឧស្ម័ន​ស្មើសូន្យ។ លោកបន្តលើកឡើងដូច្នេះ៖ «ទោះបី​ជា​កម្ពុជាមាន​ទំនួល​ខុសត្រូវ​តិចតួចសម្រាប់​ការប្រែ​ប្រួល​អាកាសធាតុ [តែ]យើង​ចង់​ដឹកនំា​តាមរយៈជាក់ស្ដែង ដែលនេះ​ស្របទៅនឹង​យុទ្ធសាស្រ្តរបស់​កម្ពុជា​ក្នុង​ការ​គំាទ្រពហុភាគីនិយម។ យើង​សង្ឃឹម​យ៉ាង​ម៉ុតមំាថា ប្រទេសដែល​បញ្ចេញ​ឧស្ម័ន​ច្រើននឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បន្តទៀតបន្ទាប់ពីCOP26  ហើយ​បង្កើន​មហិច្ឆតារបស់​ពួក​គេ​បន្ថែម​ទៀតដើម្បី​នំា​ពួក​យើង​ទៅ​កាន់​ការកម្រិតការ​កើនឡើង​សីតុណ្ហភាព​ត្រឹម ១.៥ អង្សាសេ»។


 
បើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ការដាក់ឱ្យអនុវត្តនូវ LTS4CN ​នេះ ត្រូវបានរំពឹងថា​នឹង​ជួយ​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុកបាន២,៨ភាគរយ ព្រមទាំង​អាចបង្កើត​ការងារ​ជូនដល់ពលរដ្ឋបាន ៤៤៩ ០០០កន្លែង ផងដែរ។ លោកបានលើកឡើងក្នុងសន្និសីទកាសែតថា «​កំណែទម្រង់​វិស័យ​ព្រៃឈើ ការកាត់បន្ថយ​ការបញ្ចេញ​កាបូន​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ការជំរុញ​ការផលិត​ដំណាំ​កសិផល និង​ទំនិញ​បញ្ចេញ​កាបូន​ទាប នឹង​នាំទៅរក​ការរីកចម្រើន​សេដ្ឋកិច្ច​បៃតង និង​ប្រកប​ដោយ​ចីរភាព​ជាង​មុន​សម្រាប់​ទាំងអស់គ្នា»។
 
លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា ផែនទី​បង្ហាញផ្លូវ​ដែលមាន​ឈ្មោះ​ផ្លូវការ​ថា «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន (LTS4CN)»នេះ  ត្រូវបាន​ដាក់ជូន​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) កាលពី​ថ្ងៃទី ៣០ធ្នូ ឆ្នាំ ២០២១។ បើតាម លោក ភក្តា្រ ការដាក់ផែនទីនេះ គឺជាបំពេញនូវការសន្យារបស់កម្ពុជា ក្នុងការចូលរួមជាពិភពលោក ដើម្បីកាត់បន្ថយនូវការបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ក្នុង​កម្រិត ៤០ភាគរយនៅ​ឆ្នាំ ២០៣០។ 
 
ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យអនុ​វត្ត LTS4CN របស់កម្ពុជា នេះ ត្រូវបានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)  និងបណ្តាទូតចំនួនបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង។​ លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការUNDP បានសាទរចំពោះកម្ពុជាដែលបាន​ដាក់​ឯកសារអព្យាក្រឹតកាបូននេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។​ លោកស្រីមានប្រសាសន៍ដូច្នេះ៖ «បើទោះបីកម្ពុជា ជាប្រទេសបញ្ចេញកាបូនតិចតួចឬទាប តែកម្ពុជាបានបង្ហាញនូវភាពទទួលខុសត្រូវ និងការចូលរួមវិភាគទានរបស់ខ្លួនក្នុងការដំណើរនេះ»។ 
 
ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានលើកឡើងថា​ ដើម្បីអនុវត្តយុទ្ធសាស្ត្រ​LTS4CNឱ្យមានប្រសិទ្ធិភាព កម្ពុជាត្រូវអនុវត្តសកម្មភាពសេដ្ឋកិច្ចបៃតងនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មនានា និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងផ្នែកកសិកម្ម និងជលផល​។​ បើតាមលោកស្រី Carmen Moreno សកម្មភាពទាំងនេះ គឺជាឧបករណ៍មួយកបង្កើននូវភាពជាដៃគូ និងជាម៉ូឌែលនៃការងារ​រវាងរដ្ឋាភិបាលជាមួយវិស័យឯកជន និងសហគម ក្នុងការថែរក្សា  ការពារ និងការប្រើប្រាស់ធនធានព្រៃឈើដោយប្រកបដោយនិរន្តរ៍ភាព។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជារូបនេះ​បាននិយាយថា៖« វាគឺមានសារៈសំខាន់សម្រាប់កម្ពុជា។ ខ្ញុំសង្ឃឹមថា​ ការសម្រេចនូវដំណើរការយុទ្ធសាស្ត្រ​LTS4CNនេះ នឹងត្រូវអនុវត្តដោយតម្លាភាព»៕ 
 
បើតាមក្រសួងបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តនេះ នឹងត្រូវ​ការហិរញ្ញប្បទាន​ប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ។ នៅពេល​ចាប់​ផ្តើមដំបូងដោយមាន​ការ​ផ្តល់​ហិរញ្ញប្បទានពី​ផ្នែក​សាធារណៈ និង​ឯកជន ហើយនឹង​បន្តបង្កើនបន្តិចម្តងដល់ ២,៥ ពាន់លានដុល្លារក្នុង​មួយឆ្នំានៅ​ឆ្នំា ២០៥០៕ 
 
 

Tag:
 កាបូន
  លោក សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com