ជាតិ
តម្លៃស្ថាប័នព័ត៌មានមិនស្ថិតលើការផ្សាយលឿន និងបច្ចេកវិទ្យាទំនើបទេ តែជាការផ្ដល់ព័ត៌មានពិតតាមវិជ្ជាជីវៈ
13, Feb 2022 , 6:14 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានលើកឡើងថា តម្លៃស្ថាប័នសារព័ត៌មានមិនស្ថិតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ឬការផ្សាយព័ត៌មានបានលឿនទេ តែជាការបំពេញភារកិច្ចតាមវិជ្ជាជីវៈ និងសុចរិតភាពក្នុងការផ្ដល់ព័ត៌មានពិតបានលឿន ដើម្បីទទួលបានការគាំទ្រពីសាធារណជន។ 


 
ក្នុងឱកាសអបអរសាទរទិវា «វិទ្យុពិភពលោក» ក្រោមប្រធានបទ វិទ្យុ និងការជឿទុកចិត្ត នាថ្ងៃទី១៣ កុម្ភៈនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ពិភពលោកកំពុងមានជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច ដែលកំពុងគំរាមកំហែងអាយុជីវិតរបស់មនុស្សជាតិទូទាំងសកលលោក។ ជាមួយគ្នានេះ ការការចែកចាយ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ញុះញាង់ និងបំភ្លៃការពិតដែលធ្វើឱ្យពិភពលោកកាន់តែមានភាពច្របូកច្របល់។ 
 
សម្ដេច ហ៊ុន សែន បន្តថាបញ្ហានេះ  គឺទាមទារឱ្យស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានទាំងអស់បំពេញការងារឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងមានសុចរិតភាពក្នុងការផ្ដល់ព័ត៌មានពិត ដល់សាធារណជន ចៀងវាងការផ្សព្វផ្សាយព័ត៌មានញុះញង់ បំភ្លៃការពិត បំប៉ោងសភាពការណ៍ ដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ។
 
សម្ដេច ហ៊ុន សែន  បញ្ជាក់ដូច្នេះ៖ «ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់បង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងការផ្លាស់ប្ដូរបទពិសោធន៍ការងារ ដើម្បីបង្កើនសមត្ថភាពយល់ដឹងអំពីការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងទប់ស្កាត់ ព័ត៌មានក្លែងក្លាយជាសកលដែលបំពុលបរិយាកាសសង្គម បង្កអសន្តិសុខ ដែលប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅលើសកលលោក»។
 
បើតាមសម្ដេច ទោះបីជាពួកឱកាសនិយមតែងតែបង្កភាពចលាចល ក្នុងការចាយចែកព័ត៌មានមិនពិតក្នុងសង្គម តែស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាស្ថាប័នសារព័ត៌មាន បានចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមនានា ដោយបានពន្យល់ និងបកស្រាយយ៉ាងច្បាស់លាស់ឱ្យសាធារណជនជាតិ និងអន្តរជាតិយល់ច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជាបានទាន់សភាពការណ៍។  
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានកោតសរសើរ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលខិតខំពុះពាររាល់ឧបសគ្គ បំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់កាលដ៏លំបាក ក្នុងការផ្ដល់ព័ត៌មានពីរដ្ឋាភិបាលទៅកាន់ពលរដ្ឋ និងពីពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ ដើម្បីឱ្យពលរដ្ឋបានដឹង និងស្វែងយល់អំពីការពិត និងសភាពការណ៍នយោបាយសង្គម សេដ្ឋកិច្ចទាំងនៅកម្ពុជា និងពិភពលោក៕ 
 

Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com