COVID-19
សេដ្ឋកិច្ច
រដ្ឋមន្រ្តីសេដ្ឋកិច្ច ៖ វីរុសបំប្លែងថ្មីអូមីក្រុង អាចនឹងបន្ទច់បង្អាក់ការងើបឡើងវិញ នៃសេដ្ឋកិច្ច
14, Feb 2022 , 4:47 pm        
រូបភាព
ភ្នំពេញ៖ ការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុង នឹងបន្ទច់បង្អាក់ការងើបឡើងវិញ នៃសេដ្ឋកិច្ច។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជំរុញឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការរដ្ឋាភិបាល ដើម្បីបញ្ចៀសផលប៉ះពាល់។


លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ការកើនឡើងខ្ពស់នៃករណីវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង បានបង្កជាបញ្ហាប្រឈម និងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន។ 
 
រដ្ឋមន្រ្តីសេដ្ឋកិច្ចរូបនេះ បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់ហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ កម្ភៈ ដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និង ឯកជន បន្តចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល រួមមានវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លង ព្រមទាំងការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជន ពិសេសដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា»។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ កើនដល់១២៣ ៩៥៥ករណី។ ក្នុងនោះ ករណី«អូមីក្រុង»ក្នុងសហគមន៍មានដល់ទៅ២​៨៧៦ករណី។ ដោយឡែក អ្នកជាសះស្បើយ មានសរុប ១១៨ ៩៦០នាក់ ហើយជាង៤០ថ្ងៃកន្លងមកនេះ មិនមានអ្នកស្លាប់ឡើយ ដោយរក្សាតួលេខអ្នកស្លាប់នៅចំនួន៣០១៥នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន សេដ្ឋកិច្ចកម្ពុជា មានកំណើនរង្វង់៣ភាគរយ នៅត្រឹមឆមាសទី៤ ឆ្នាំ២០២១ ក្រោយពីរដ្ឋាភិបាល បានដាក់ចេញវិធានការនានា រួមទាំងការសម្រេចបើកប្រទេសឡើងវិញ។
 
ជាមួយគ្នានេះលោក ក៏ជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម បន្តការចូលរួមគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ។ បើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ចរូបនេះ សហគ្រាសធុនតូច និងមធ្យម ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។
 
«សហគ្រាសធុនតូច និង មធ្យមមានប្រមាណ៩៨ភាគរយ នៃអាជីវកម្មទាំងអស់នៅកម្ពុជា បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ៥៨ភាគរយ ព្រមទាំងផ្តល់ការងារប្រមាណ ៧៣ភាគរយ នៃកម្លាំងពលកម្មសរុប»។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន។
 
រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចេញថវិកា១០០លានដុល្លារ ឱ្យទៅធនាគារ២ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ នៅថ្ងៃទី១៤ កុម្ភៈនេះ។
 
ក្រសួងសេដ្ឋកិច្ច តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន កាលពីឆ្នាំ២០២២ អនុវត្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ក្នុងទំហំទឹកប្រាក់១០០លានដុល្លារនេះ។ ចំណែកទឹកប្រាក់១០០លានដុល្លារ នៅឆ្នាំនេះ គឺជាការបន្តអនុវត្តគម្រោងដំណាក់កាលទី២។
 
 
 
 

Tag:
 សេដ្ឋកិច្ច
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com