ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើឱ្យកូរ៉េ ពន្លឿនកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​​ដើ់ម្បីបង្កើនទំហំសេដ្ឋកិច្ចទ្វេភាគី
14, Feb 2022 , 9:29 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងពិភាក្សាជាមួយ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងជំនួបកំពូលទ្វេភាគី កាលពីថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២២។_
សម្តេច ហ៊ុន សែន កំពុងពិភាក្សាជាមួយ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងជំនួបកំពូលទ្វេភាគី កាលពីថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២២។_
ភ្នំពេញ៖ សម្តេច ហ៊ុន​ សែន ​ ​ស្នើប្រធានាធិបតី​កូរ៉េខាងត្បូង​​​ លោក​ មូន ចេអ៊ីន ឱ្យ​ពន្លឿន​ដល់​ការ​ធ្វើ​សច្ចាប័ន​ ដើម្បី​ឱ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ​និង​សាធារណរដ្ឋកូរ៉េ(CKFTA) ឆាប់​ចូល​ជា​ធរមាន​។  បើតាមសម្តេច កម្ពុជាបានផ្ដល់សច្ចាប័នលើCKFTAរួចហើយ ដោយនៅរង់ចាំតែភាគីកូរ៉េខាងត្បូងប៉ុណ្ណោះ។​

 
​កូរ៉េខាងត្បូង​​សន្យា​នឹង​ជំរុញ​កិច្ចសហការ​ជាមួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត​ ខណៈសម្តេច ហ៊ុន សែន បានស្នើទៅកាន់ លោក មូន ចេអ៊ីន ឱ្យពន្លឿន​ការ​ធ្វើ​សច្ចាប័ន ​ដើម្បី​ឱ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សាធារណរដ្ឋកូរ៉េ(CKFTA) ឆាប់​ចូល​ជា​ធរមាន​។ នាជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ កុម្ភៈ សម្តេច ហ៊ុន សែន បានលើកឡើងដូច្នេះ៖«សភាជាតិនៃកម្ពុជា បានផ្ដល់សច្ចាប័នរួចហើយ ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ហើយ[ខ្ញុំ]សង្ឃឹមថា ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ»។
 
ឆ្លើយតបនឹងសំណើររបស់សម្តេច ហ៊ុន សែន ខាងលើ លោក មូន ចេអ៊ីន បានលើកឡើងថា ចំពោះ​CMKFTAនេះ ប្រទេស​កូរ៉េ​បានបញ្ចប់​នីតិវិធី​ហើយ​​ ​និងត្រូវបាន​បញ្ជូនទៅ​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ ដើម្បី​ផ្ដល់​សច្ចាប័ន ។ ដូច្នេះ​នីតិវិធី​នេះ គឺកំពុង​បន្ត​នៅឡើយ​។ ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងដូច្នេះ៖ «
ទាក់ទងទៅនឹងការផ្ដល់សច្ចាប័នលើCKFTAនេះ​ កូរ៉េនឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសគឺនាអំឡុងពាក់កណ្ដាលឆ្នាំ២០២២ ហើយខ្ញុំនឹងធ្វើការងារដោយផ្ទាល់ជាមួយការងារនេះ»។ 
 
ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងទ្វេរភាគីនេះ នឹងជួយឲ្យកម្ពុជា អាចនាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារកូរ៉េខាងត្បូងបានកាន់តែច្រើន។ ពិសេស ផលិតផលកសិផល ,បច្ចេកវិទ្យា ,ឧស្សាហកម្មខ្នាតតូច និងមធ្យម និងវាយនភណ្ឌ ដោយពុំជាប់របាំងពន្ធគយ។ ក្នុងឆ្នាំ២០២១​ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានប្រមាណ១ពាន់លានដុល្លារ ហើយអាចបន្តកើនឡើងទៀត បន្ទាប់ពី CKTFA ត្រូវបានចូលជាធរមាន៕ 
 
 

Tag:
 CKFTA
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com