ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការ«សប្តាហ៍គាំពារសង្គម»ជាផ្លូវការ
15, Feb 2022 , 9:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «សប្តាហ៍គាំពារសង្គម»
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «សប្តាហ៍គាំពារសង្គម»
ភ្នំពេញ៖ «សប្តាហ៍គាំពារសង្គម»លើកទី១នៅកម្ពុជា ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥កុម្ភៈតទៅ។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២២ គឺស្ថិតនៅក្រោមប្រធានបទ «ឆ្ពោះទៅការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមសម្រាប់គ្រប់គ្នា»។

 
កម្មវិធី«សប្តាហ៍គាំពារសង្គម» ត្រូវបានអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២២។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីនេះ គឺជាការបញ្ជាក់ពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយរឹងមាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ៗគោលដៅ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖«កម្មវិធីនាថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ទាំងការគិតគូរលើកការរៀបចំប្រព័ន្ធគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រាយ ការរួមគ្នាអភិវឌ្ឍរបប និងកម្មវិធីឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ និងការផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប នៃគោលដៅ»។  
 
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម គឺមានការលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាច្រើន ដែលចាំបាច់ត្រូវមានការគិតគូរ លើគោលនយោបាយនានា ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធគាំពារសង្គមនេះ ក៏ទាមទារឱ្យមានចូលរួមមតិយោបល់ ពីភាគីពាក់ព័ន្ធទាំងអស់ ទាំងតំណាងរបស់រដ្ឋាភិបាល តំណាងនិយោជក និយោជិក ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំងតំណាងពីប្រជាពលរដ្ឋទូទៅផងដែរ ទើបគោលនយោបាយទាំងនោះ អាចឆ្លើយតបបានសមស្រប និងមានគ្រប់ជ្រុងជ្រោយ ទៅនឹងតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែងនានា។ លោក អូន ព័ន្ធមុនីរ័ត្ន បានរៀបរាប់យ៉ាងដូច្នេះ ដោយលោកបន្ថែមថា ការរៀបចំសប្តាហ៍សង្គមប្រចាំឆ្នាំនេះឡើង គឺជាការបង្កើតជាវេទិកាជួបជុំគ្រប់ភាគី ដើម្បីផ្លាស់ប្តូរមតិយោបល់រវាងគ្នានិងគ្នា លើបញ្ហាទាំងអស់ដែលមានការពាក់ព័ន្ធនឹងសង្គម។
 
បើតាមលោករដ្ឋមន្រ្តីសេដ្ឋកិច្ច ចាប់តាំងខែមិថុនា ឆ្នាំ២០២០ កម្ពុជាបានឧបត្តម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយជនរងគ្រោះ ដែលស្ថិតនៅក្នុងកម្មវិធីជំនួយសង្គមពិសេស មកទល់បច្ចុប្បន្ន។ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា រដ្ឋាភិបាល បានចំណាយថវិកាអស់ប្រមាណ៣០លានដុល្លារក្នុងមួយខែ សម្រាប់អនុវត្តកម្មវិធីពិសេសនេះ៕ 

Tag:
 សប្តាហ៍គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com