កីឡាអន្តរជាតិ
អន្តរជាតិ
Cancelo ថាករណីប្លន់ដល់ក្នុងផ្ទះលើកមុន ធ្វើឱ្យគ្រួសារខ្លួនរន្ធត់ចិត្តដល់សព្វថ្ងៃ
15, Feb 2022 , 4:36 pm        
រូបភាព
Joao Cancelo ខ្សែការពារ Manchester City នៅថ្ងៃទី១៤ ខែកុម្ភៈ សារភាពថាសកម្មភាពប្លន់ដល់ក្នុងផ្ទះខ្លួនដ៏គួរឱ្យរន្ធត់កាលពីខែធ្នូកន្លងទៅបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តគ្រួសាររបស់គេយ៉ាងខ្លាំង។


 
ខ្សែការពារអន្តរជាតិព័រទុយហ្កាល់ ត្រូវបានចោរមួយក្រុមចូលប្លន់ដល់ក្នុងផ្ទះអំឡុងពេលរូបគេនៅជាមួយគ្រួសារ នៅក្រោយថ្ងៃបុណ្យណូអែល។ Cancelo រងរបួសមុខយ៉ាងដំណំ បន្ទាប់ពីព្យាយាមប្រយុទ្ធជាមួយក្រុមចោរប្លន់នោះ។
 
ទោះមានការតតាំងគ្នាជាមួយក្រុមចោរ ប៉ុន្តែ Cancelo អះអាងថាពួកចោរទាំងនោះ នៅតែអាចយកគ្រឿងអលង្ការពីផ្ទះខ្លូនមួយចំនួនបានដដែល។ ក្នុងសន្និសីទកាសែតមុនជំនួប Man City ទល់នឹង Sporting Lisbon ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ ប្រាប់ថាទោះគ្មាននរណាម្នាក់ក្រៅពីខ្លួនរងរបួសក្តី ប៉ុន្តក្នុងហេតុការដ៏រន្ធត់នោះបានធ្វើឱ្យគ្រួសាររបស់គេភ័យខ្លាច។
 
«វាគួរឱ្យរន្ធត់ណាស់ វាធ្វើឱ្យគ្រួសាររបស់ខ្ញុំទាំងអស់ភ័យខ្លាច និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តដល់សព្វថ្ងៃ។ ខ្ញុំមិនអីទេ ប៉ុន្តែគ្រួសាររបស់ខ្ញុំមិនសមនឹងឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់នេះទេ»។ នេះជាការអះអាងរបស់ Cancelo។
 
Cancelo បានផ្លាស់ពី Juventus ទៅចូលរួមជាមួយ Man City ក្នុងតម្លៃ៨១លានដុល្លារ កាលពីឆ្នាំ២០១៩។ អតីតកីឡាករ Inter Milan និង Valencia រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីជួយក្រុម Man City ឈ្នះជើងឯក Premier League រដូវកាលមុន និងកំពុងជួយក្រុមមេឃខៀវនាំមុខដាច់កំពូលតារាងនៅរដូវកាល២០២១-២២នេះផង។ 
 
ខ្សែការពារព័រទុយហ្កាល់ ដែលយល់ព្រមបន្តកិច្ចសន្យាជាមួយ Man City ដល់ឆ្នាំ២០២៧ ធ្លាប់បានសរសេរលើ Instagram ទៀតថារូបគេធ្លាប់ជួបឧបសគ្គជាច្រើនក្នុងជីវិត ហើយនេះគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ។ កាលពីនៅអាយុ១៨ឆ្នាំ ខ្សែការពារស្តាំរូបនេះ រៀបរាប់ថាបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើឱ្យម្តាយខ្លួនស្លាប់ទៀតផង។ Cancelo បន្ថែមថា៖ «មានឧបសគ្គជាច្រើនក្នុងជីវិតខ្ញុំ ហើយខ្ញុំត្រូវតែយកឈ្នះលើពួកគេ ខ្ញុំជាកីឡាករដែលមានស្មារតីរឹងមាំ ហើយនេះជារបៀបដែលខ្ញុំអាចប្រកបអាជីពបាល់ទាត់រលូនដល់សព្វថ្ងៃ»៕
 

Tag:
 Joao Cancelo
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com