ជាតិ
លោក ហ៊ុន ម៉ានី និងលោក សុខ ទូច ប្រតិកម្មលើលោក គីម ហ៊ាង ដែលនិយាយប៉ះពាល់សម្បត្តិវប្បធម៌ជាតិ
17, Feb 2022 , 11:33 am        
រូបភាព
(ឆ្វេង) លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
(ឆ្វេង) លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ តំណាងរាស្ត្រកំពង់ស្ពឺ លោក ហ៊ុន ម៉ានី និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រតិកម្មលើពាក្យសម្តីរបស់លោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត ដែលនិយាយប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ​ដែលជាសម្បត្តិវប្បធម៌ជាតិ។ ដើមចមនៃការប្រតិកម្មនេះ ដោយសារលោក គីម ហ៊ាង បាននិយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺការមិនអនុញាតឱ្យមានការអភិវឌ្ឍគម្រោងធំៗ និងសំណងអគារខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។



លោក ហ៊ុន ម៉ានី ចាត់ទុកការអត្ថាធិប្បាយរបស់លោក គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យនេះ គឺជាសិទ្ធិក្នុងការបញ្ចេញមតិ និងជាគំនិតមួយ ដែលវាមិនមានអ្វីខុសនោះទេ។ តែយ៉ាងណាលោក ម៉ានី យល់ថា សិទ្ធិបញ្ចេញមតិនេះ មិនគួរមានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាថដល់ស្ថាប័ន និងមន្រ្តីរាជការសាធារណ (អាជ្ញាធរអប្សារា) រាប់រយនាក់ ដែលកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរមរតកដូនតា ក្នុងក្របខ័ណ្ឌកំណត់ដោយច្បាប់ឡើយ។
  

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា 

កូនប្រុសពៅសម្ដេច ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរូបនេះ បានសរសេរលើហ្វេសប៊ុក ដោយភ្ជាប់រូបលោក គីម ហ៊ាង នៅថ្ងៃទី១៧ កុម្ភៈ ដូច្នេះថា៖« គំនិត (លោក គឹម ហ៊ាង) ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូររបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ»។
 
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ក៏បានពន្យល់ឱ្យលោក គីម ហ៊ាង យល់អត្ថន័យពាក្យថា ស្រាលាញ់ជាតិទៀតផង។ «ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងឱ្យ​បានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង»។ នេះបើតាមលោក ហ៊ុន ម៉ានី។
 
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត បាននិយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺការកំណត់កម្ពស់នៃការសាងសង់គម្រោងធំៗ និងការអភិរក្សវប្បធម៌ច្រើនពេក។លោក គីម ហ៊ាង ថ្លែងនៅក្នុងសិក្ខាសាលាអចលនទ្រព្យ កាលពីថ្ងៃទី១២ កុម្ភៈ ដូច្នេះ៖«តើយើងអភិរក្សដល់ណាទៀត? I Love Cambodia! ខ្ញុំស្រលាញ់វប្បធម៌កម្ពុជា! អាណាក៏ចេះនិយាយដែរ ប៉ុន្តែបើស្រលាញ់ គឺសំខាន់ឱ្យសេដ្ឋកិច្ចដើរ បើសេដ្ឋកិច្ចងាប់ តើស្រលាញ់ធ្វើអី? ចំណុចខ្សោយខេត្តសៀមរាប គឺការកំណត់កម្ពស់នៃការសាងសង់។ អាហ្នឹងចំណុចងាប់ហ្មង ទាក់ទងរៀលអ៊ីស្ទេត»។ 
  

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត 

អ្នកជំនាញអចលនទ្រព្យរូបនេះ ហ៊ានថែមទាំងរិះគន់ដល់អង្គការយូណេស្កូ ដែលបានដាក់បញ្ចូលអង្គរវត្តចូលបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ «វាជារឿងត្រឹមត្រូវហើយ (ហាមសាងសង់អគារខ្ពស់)ជិតប្រាសាទធំៗ វាត្រូវហើយណា។ តែតំបន់ខ្លះ វាមិននៅជិតប្រាសាទផង ឱ្យគេសាងសង់ទៅ។ (បារម្ភពី) យូណេស្កូ ៗ(ដកចេញពីបញ្ជីបេតិកភណ្ឌ) យូណេស្កូឱ្យបាយយើងហូបហ្អេ!»។ នេះជាការបញ្ជាក់របស់លោក គីម ហ៊ាង ដែលទទួលស្គាល់ថា នៅជំវិញប្រាសាទអង្គរវត្ត និងប្រាសាទធំៗនានា មិនអាចសាងសង់សំណង់បានមែន ប៉ុន្តែរដ្ឋគួរតែអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗ នៅតំបន់ឆ្ងាយពីតំបន់ប្រាសាទទាំងនោះ ដូចជានៅម្ដុំផ្សារចាស់ ឬផ្សារលើជាដើម នៅក្នុងសៀមរាបនេះ។
 
ជុំវិញការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យខាងលើនេះ ក៏ទទួលបានការរិះគន់ពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាដែរ។ លោក សុខ ទូច បានសង្កត់ធ្ងន់ថា នៅខ្មែរមិនខ្វះទេកន្លែងសាងសង់អគារខ្ពស់ៗ ដោយអាចដើរចេញពីខេត្តសៀមរាប ហើយគេអាចសាងសង់អគារប៉ុន្មានពាន់ជាន់នៅខេត្តណាក៏បានដែរ ព្រោះកម្ពុជាមាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ។
 
ត្រង់ចំណុចនេះ លោក សុខ ទូច ដែលបញ្ចប់បរិញ្ញបត្របណ្ឌិតពីរុស្ស៊ី បានបន្ថែមថា នៅប្រទេសរុស្ស៊ី នាតំបន់សាំងពីជូប៊ូក ទីក្រុង saint petersburg គឺគេកំណត់ការសាងសង់អគារ ហើយបើចង់សាងសង់អគារខ្ពស់ គេអាចទៅទីក្រុងម៉ូស្គូបាន។ លោកបន្តថា នៅទីក្រុងវ៉ាស៊ីនតោន មិនអាចសង់អគារកម្ពស់លើសពីសេតវិមាន (White House)ប្រធានាធិបតីអាមេរិក បានទេ។ ប្រសិនបើចង់សង់អគារខ្ពស់ គេត្រូវទៅទីក្រុងញូវយ៉កវិញ។
  

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ប្រធានរាជបណ្ឌិត្យសភារូបនេះ បានសរសេរលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបលោក គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យ ដូច្នេះថា៖«តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា? គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ»។ 
 
គួរបញ្ជាក់ថា តំបន់អង្គរមានផ្ទៃក្រឡា​ ៤០១គីឡូម៉ែត្រការេ​ ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ១៩៩៣ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងក្រុងសៀមរាប ត្រង់មាត្រា ២ មានការបែងចែកកំណត់តំបន់ការពារជា៥ រួមមាន រមណីយដ្ឋានមានប្រាសាទ , ឧទ្យានបុរាណវត្ថុ ត្រូវការពារ ,ទេសភាពវប្បធម៌ ត្រូវការពារ ,ចំណុចសារៈសំាន់ ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា និងបរិវេណសង្គមសេដ្ឋកិច្ច និងវប្បធន៌នៃតំបន់សៀមរាបអង្គរ។ ចំពោះតំបន់ទាំងនេះ មានការចែងអំពីការការពារ និងហាមមិនឱ្យមានការបំផ្លិចបំផ្លាញ និងប៉ះពាល់បរិស្ថាន និងប្រាសាទឡើយ។
 
កាលពីខែកក្កដា ឆ្នាំ២០២១ អង្គការយូណេស្កូ ធ្លាប់បានដកទីក្រុង Liverpool របស់អង់គ្លេស ចេញពីបញ្ជីបេតិកភណ្ឌ ដោយសារទីក្រុងនេះ មានការអភិវឌ្ឍគម្រោងសំណង់អគារខ្ពស់ៗ និងប្រណិត ខុសពីទ្រង់ទ្រាយដើម នៃការចុះបញ្ជីយូណេស្កូ។ ទីក្រុង Liverpool គឺជាទីក្រុងទី៣ ដែលត្រូវបានយូណេស្កូ ដកចេញពីបញ្ជីបេតិកភណ្ឌ ក្រោយពីទទួលបាននាម អស់រយៈពេល៤៣ឆ្នាំ។ យូណេស្កូ ក៏ធ្លាប់បានដកតំបន់ជម្រកសត្វព្រៃ នៅទីក្រុងអូម៉ង់ ប្រទេសអារ៉ាប់ ពីបញ្ជីបេតិកភណ្ឌ នៅឆ្នាំ២០០៧ និងបីតំបន់ជ្រលងភ្នំអែលបេ នាទីក្រុងត្រែសស្ដែន របស់អាល្លឺម៉ង់ នៅឆ្នាំ២០០៩ផងដែរ៕
 

Tag:
 ហ៊ុន ម៉ានី
  គឹម ហ៊ាង
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com