ជាតិ
ក្រសួង ដាក់ដំណើរការកម្មវិធីវាស់ល្បឿនអ៊ីនធឺណិត​ ដើម្បី​ពង្រឹងគុណភាពសេវាដល់អ្នកប្រើ​​ប្រាស់
18, Feb 2022 , 7:59 am        
រូបភាព
​ក្រសួងប្រៃយណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការ កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់ ពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃយណីយ៍នៅថ្ងៃទី១៧ កុម្ភៈនេះ  លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយសំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

 
បើតាមក្រសួងប្រៃយណីយ៍ កម្មវិធី MPTC Speed Testនេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់ ពីល្បឿនទាញយក ល្បឿងបង្ហោះឡើង ភាពយឺតយ៉ាវ ភាពរំខាន និងកម្រិតគុណភាព នៃការមើលវីដេអូតាមយូធូជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ 
 
​ក្នុងករណីមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះ ជាភស្តុតាង សម្រាប់រាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈទូរស័ព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល .kh ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ​។  ក្រសួងប្រៃយណីយ៍បញ្ជាក់ដូច្នេះ។
 
សាធារណជនអាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយវាយពាក្យ«MPTC Speed Test» លើ App Store និង Play Store ៕
 

Tag:
 អ៊ីនធឺណិត
  ក្រសួងប្រៃយណីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com