ជាតិ
អាជ្ញាធរជាតិអប្សរា៖«សម្ដីរបស់លោក គីម ហ៊ាង ខ្វះមនសិកាជាតិ ដោយគិតផលប្រយោជន៍ខ្លួនជាធំ»
17, Feb 2022 , 9:13 pm        
រូបភាព
(ឆ្វេង) លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា និងលោក គីម ហ៊ាង អគ្គនាយកខ្មែរ រៀលអ៊ីស្ទេត
(ឆ្វេង) លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា និងលោក គីម ហ៊ាង អគ្គនាយកខ្មែរ រៀលអ៊ីស្ទេត
ភ្នំពេញ៖ សម្ដីរបស់លោក គីម ហ៊ាង ដែលថា ចំណុចខ្យោយរបស់ខេត្តសៀមរាប មកពីមានការកំណត់កម្ពស់នៃការសាងសង់ ហើយទាក់ទងទៅនឹងវប្បធម៌អភិរក្សច្រើនពេក ត្រូវបានលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឆ្លើយតបថា ជាសម្ដីខ្វះមនសិកាជាតិ និងគិតតែពីផលប្រយោជន៍ខ្លួនជាធំ។



ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថា ការលើកឡើងរបស់លោក គីម ហ៊ាង គឺសំដៅធ្វើយ៉ាងណា ជំរុញឱ្យមានផលប្រយោជន៍មួយភ្លែត តែបង្កផលលំបាកច្រើន។ 
 
លោក ឡុង កុសល បន្ថែមទៀតថា ការលើកឡើងរបស់លោក គីម ហ៊ាង ខ្វះមូលដ្ឋាន ខ្វះការពិចារណា ខ្វះមនសិកាជាតិ សំដៅតែផលប្រយោជន៍របស់ខ្លួន ក្នុងរយៈពេលខ្លី ដោយពុំបានតម្កល់ទុកផលប្រយោជន៍ជាតិ សម្រាប់រយៈពេលយូរអង្វែង។
 
លោក កុសល ពន្យល់បន្ថែម៖«ការដែលគាត់លើកឡើងគឺខុសទាំងស្រុងតែម្ដង។ គាត់ខ្វះនូវមនសិកាជាតិ គិតផលប្រយោជន៍របស់ខ្លួន ធំលើសផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ជាតិ។ ការងារអភិរក្សប្រាង្គប្រាសាទ រមណីយដ្ឋានអង្គរ ជាបេះដូង ជាព្រលឹង ជាអត្តសញ្ញាណជាតិ»។ 
  

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោក គីម ហ៊ាង ជាអ្នកជំនួញដីធ្លីមួយរូប បាននិយាក្នុងវីដេអូកាត់ខ្លី រយៈពេល៣នាទី និង៤១វិនាទី ថា ចំណុចខ្យោយរបស់ខេត្តសៀមរាប មកពីមានការកំណត់កម្ពស់នៃការសាងសង់ ហើយទាក់ទងទៅនឹងវប្បធម៌អភិរក្សច្រើនពេក។
 
នេះជាសម្ដីរបស់លោក គីម ហ៊ាង៖«តើសព្វថ្ងៃនេះ មានប្រជាជនមួយណា ដែលបររទេះគោទៅមើលអង្គរអត់? តើរាល់ថ្ងៃ នៅសៀមរាបមានប្រជាជនមួយណា ដែលថ្ងៃសីលទៅវត្តពាក់ក្បិនអត់? មើលអ្នកអភិវឌ្ឍន៍វប្បធម៌ទាំងឡាយ តើអស់លោកមានជិះរទេះគោទៅមើលអង្គរទេ? តើថ្ងៃសីលពាក់ក្បិតទៅ មានអត់? តើក្នុងមួយតួខ្លួន តាំងពីចុងជើងដល់ចុងសក់ ស្អីខ្លះ Make in Cambodia? មានតែបេះដូងមួយជាខ្មែរទេ។ ហើយយើងអភិរក្សដល់ណាទៀត។ ខ្ញុំស្រឡាញ់វប្បធម៌កម្ពុជា អាណាក៏ចេះនិយាយដែរ តែសំខាន់បើស្រឡាញ់ ហើយធ្វើម៉េចឱ្យសេដ្ឋកិច្ចដើរ បានហៅថាល្អ។ ហើយចុះបើស្រឡាញ់ហើយ សេដ្ឋកិច្ចងាប់ ស្រឡាញ់ធ្វើអី»។ 
 
បន្ថែមពីនោះ បុរសកើតឆ្នាំ១៩៨០រូបនេះ ថា ការហាមឃាត់ការសាងសង់ខ្ពស់ នៅជិតប្រាសាទធំៗជាការត្រឹមត្រូវ ប៉ុន្តែតំបន់ខ្លះ ដែលមិននៅជាប់ប្រាសាទ ម្ដេចនៅតែមិនឱ្យសង់? 
អ្នកជំនួញដី លោក គីម ហ៊ាង បញ្ជាក់៖«យូណេស្កូៗ អាយូណេស្កូហ្នឹងឱ្យបាយយើងហូប? អានេះជារឿងមួយយើងត្រូវពិចារណា ជុំវិញអង្គរវត្តគឺមិនអាចប៉ះពាល់បានត្រូវអត់? ជុំវិញប្រាសាទបាយ័ន តាព្រហ្ម គឺមិនអាចប៉ះពាល់បានជារឿងពិត។ ហើយចុះខ្ញុំសួរឆោត ម្ដុំផ្សារចាស់ ហើយផ្សារលើហ្នឹង វាប៉ះពាល់ស្អី? អាសំណង់បុរាណយើងកុំប៉ះពាល់។ ចុះអាមិនប៉ះពាល់សំណង់បុរាណនៀក សង់១០,២០ជាន់ទៅមើល ខ្ញុំមកសង់ឥឡូវ។ ខ្ញុំសួរថា ម្ដុំផ្សារចាស់ហ្នឹង មានប៉ះពាល់ប្រាសាទអត់? ឱ្យគេសង់១០,២០ជាន់ទៅ»។ 
 


លោក គីម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប(រូបពីហ្វេសប៊ុក Kim Heang)

លោកបន្ដទៀតថា៖«ចំណុចខ្សោយសៀមរាបមួយទៀត ដែលត្រូវរកវិធីកែ កុំក្បូរក្បាច់ច្រើនពេកលើវប្បធម៌អភិរក្ស។ ស្រឡាញ់អភិរក្សដោយចំណេះដឹង ជារៀងត្រឹមត្រូវ តែកុំស្រលាញ់អភិរក្សដោយមិនគិតពីសេដ្ឋកិច្ច។ គេថាហេតុម៉េចមិនមក? ខ្ញុំថាមកយ៉ាងម៉េច បើដីមួយការ៉េ៣ពាន់ ហើយសង់បានតែ៣ជាន់ ឱ្យខ្ញុំសង់យ៉ាងម៉េច»។
 
ត្រង់ចំណុចខាងលើ លោក ឡុង កុសល ក៏បានឆ្លើយតបថា រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ដោយក្រុងសៀបរាមក្នុងតំបន់ខ្លះស្ថិតក្នុងផ្នែកនេះដែរ។ លោកថា ទីក្រុងសៀមរាប មិនអាចបំបែក ឬញែកចេញពីតំបន់រមណីយដ្ឋានអង្គរបានទេ ព្រោះជាទីក្រុងប្រវត្តិសាស្ត្រ។ ដូច្នេះការអភិវឌ្ឍន៍ក្រុង មិនមែនជ្រើសរើសការអភិវឌ្ឍបែបទំនើប ដែលមានសំណង់ខ្ពស់ៗនោះទេ។ 
 
«ការសាងសង់សំណង់ខ្ពស់ៗ មិនខ្វះទេក្នុងស្រុកខ្មែរ ដូចជាកំពង់សោម រាជធានីភ្នំពេញ និងកន្លែងមួយចំនួនទៀត ដែលទាក់ទាញផ្នែកពាណិជ្ជកម្ម។ តើជាគុណប្រយោជន៍អី ក្នុងការមកមើលអគារខ្ពស់ៗនៅសៀមរាប។ ភ្ញៀវជាតិ និងអន្តរជាតិ គេអញ្ជើញមកសៀមរាប គេចង់មើលក្រុងសៀមរាប ជាទីក្រុងបែបប្រវត្តិសាស្ត្រ គេចង់មើលប្រាង្គប្រាសាទអង្គរ ដែលជាមរតកវប្បធម៌ពិភពលោក គេមិនមែនចង់មកមើលអគារខ្ពស់ៗទេ»។ នេះជាការពន្យល់របស់លោក កុសល។
 
ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ថ្កោលទោសលោក គីម ហ៊ាង ចំពោះសំដីរបស់បុគ្គលរូបនេះផងដែរ។ ក្រសួងបានបញ្ជាក់ថា លោក គីម ហ៊ាង បានប្រើប្រាស់សម្ដីវាយប្រហារ មិនមានទំនួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវ យល់ដឹងគ្រប់ជ្រុងជ្រោង ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក និងតម្លៃមរតកវប្បធម៌ជាតិ។ ក្រសួងថា សម្ដីនោះអាចជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀបរាបអង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អនាធិបតេយ្យក្នុងតំបន់ រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។ 
 
បន្ថែមពីនោះ ក្រសួងបញ្ជាក់ថា ពាក្យសំដីនោះ បានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែង ការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាប់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់។ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ(ICC-អង្គរ)។ 
 
ICC-អង្គរដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្ដុំដោយអ្នកជំនាញជាតិ និងអន្តរជាតិ ដែលមានអាយុកាលជាង៣០ឆ្នាំ បានរួមគ្នាសង្គ្រោះ និងការពារអង្គរ ក្នុងនោះប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារអាមេរិក។ ព្រមទាំងជួយបណ្ដុះបណ្ដាល ធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិ។ 
  

 
ក្រសួងវប្បធម៌ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឱ្យបុគ្គលរូបនេះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបញ្ចៀសការយល់ច្រឡំ និងជំរុញការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។
 
លោក ឡុង កុសល បានគូសបញ្ជាក់ថា ការដើរទន្ទឹមត្រសងគ្នា រវាងផ្នែកអភិរក្សនិងផ្នែកអភិវឌ្ឍន៍ ក្នុងទ្រឹស្ដី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស គឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម ពិសេសនៅខេត្តសៀមរាប។ លោកថា តំបន់អង្គរ ក្រុងសៀមរាប និងភ្នំគូលែន  តំបន់៣នេះ មិនអាចបែងចែកចេញពីគ្នាបានឡើយ។ មិនអាចចែកចេញពីគ្នា ព្រោះទីតាំងទាំង៣នេះ មានលក្ខណៈប្រវត្តិសាស្ត្រ ដែលស្ថិតក្នុងតំបន់តែមួយ ដោយមានស្លាកស្នាមនៃការរស់នៅ និងសំណល់បុរាណដ្ឋានជាច្រើន រាយប៉ាយនៅក្នុងតំបន់ទាំង៣នោះ។ 
 
លោក កុសល ពន្យល់ទៀតថា ការដែលថែរក្សារមណីយដ្ឋានអង្គរ ប្រាង្គប្រាសាទ ការរៀបចំក្រុងអង្គរឱ្យមានសណ្ដាប់ធ្នាប់ មានរបៀបរៀបរយល្អ សមជាទីក្រុងបុរាណ ជាទីក្រុងប្រវត្តិសាស្ត្រ គឺបានជំរុញឱ្យមានការទាក់ទាញ លើផ្នែកវិស្ស័យទេសចរណ៍។ ដូច្នោះហើយទើបបានជា ទីក្រុងសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជាទីក្រុងវប្បធម៌ ជាប៉ូលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
 
លោក កុសល អះអាង៖«ចំណូលសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ តាមរយៈសេវាកម្មផ្សេងៗ ដែលមានអង្គរ និងមានតំបន់ប្រាសាទជាស្នូលនេះ បានបង្កើនឱកាស បង្កើនមុខរបរ បង្កើនការងារ និងបង្កើនប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិ។ វិស័យទេសចរណ៍បានដើរតួសំខាន់ ប្រហែល១៣ភាគរយ ក្នុងផលិតផលក្នុងស្រុកជារៀងរាល់ឆ្នាំ។ 
 
ចំណូលនេះ មិនត្រឹមតែក្នុងខេត្តសៀមរាបទាំងមូលទេ ប៉ុន្តែចំណូលនេះកើននៅទូទាំងប្រទេសផងដែរ។ ភ្ញៀវទេសចរណ៍បរទេស មិនទៅតែសៀមរាបទេ គេនឹងទៅទីកន្លែងផ្សេងៗទៀត។ ដូច្នេះនេះជាចំណុចសំខាន់ នៃការអភិរក្សប្រាង្គប្រាសាទ។ គាត់ថាការអភិរក្ស នឹងធ្វើឱ្យសេដ្ឋកិច្ចងាប់ វាអត់ត្រូវ»។ 
 
អ្នកជំនាញខាងបុរាណឋានរូបនេះ ពន្យល់បន្ថែមថា ទីក្រុងបុរាណមានលក្ខណៈពិសេស ទាំងសំណង់អគារបុរាណ ទាំងរបៀបរបបនៃការរស់នៅ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងសួនសាធារណៈ ដោយធ្វើយ៉ាងណារក្សាឱ្យបានតម្លៃប្រវត្តិសាស្ត្រទីក្រុងផង និងលើកកម្ពស់គុណភាព នៃការរស់នៅក្នុងទីកន្លែងនោះផង។ លោកថា តាមរយៈនោះ ធ្វើឱ្យវិស័យអចលនទ្រព្យ មានការរីកចម្រើនខ្ពស់។ 
 
«មិនមែនទាល់តែមានការសង់អគារខ្ពស់ៗ បានធ្វើឱ្យវិស័យអចលនទ្រព្យកើនឡើងទេ។ ទីក្រុងបាលី ជាទីក្រុងទេសចរណ៍ដូចគ្នាដែរ ជាទីក្រុងប្រវត្តិសាស្ត្រដូចគ្នាទៀត។ គេកំណត់កម្ពស់សំណង់របស់គេ មិនឱ្យហួសចុងដូងផង។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរណ៍ រាប់លាននាក់ទៅទស្សនានៅទីនោះ។ អចលនទ្រព្យរបស់គេ មានការកើនឡើង គឺដោយសារគេរក្សាបានលក្ខណៈបុរាណ លក្ខណៈប្រវត្តិសាស្ត្រនៃទីក្រុង ហើយគុណភាពនៃការរស់នៅមានការល្អប្រសើរ»។
 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ពន្យល់ទៀតថា គេមិនអាចទៅអភិវឌ្ឍន៍ក្រុងបុរាណ តាមការនឹកឃើញបានទេ គឺត្រូវមានផែនការច្បាស់លាស់ ត្រូវមានផែនទីចង្អុលទិសវែងឆ្ងាយ បញ្ចៀសឱ្យបានផលប៉ះពាល់ទាំងផ្នែកបរិស្ថាន ធម្មជាតិ ទាំងផ្នែកសង្គម ដោយធ្វើយ៉ាងណាឱ្យមានសុខដុមរមណីយកម្ម រវាងគ្នានឹងគ្នា។ 
 
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ លោក គីម ហ៊ាង បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះសម្ដីដែលលោកបានឡើកឡើងផងដែរ ដោយលោកទទួលស្គាល់ថា សម្ដីរបស់លោក ពិតជាមានការប៉ះពាល់ដល់វប្បធម៌ ដែលជាកំហុសដ៏ធំមួយ។
  


សូមរំលឹកថា ព្រះរាជក្រឹត្យឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និងការចាត់ចែងគ្រប់គ្រង តំបន់សៀមរាបអង្គរ ជា ចំណាត់ថ្នាក់រមណីយដ្ឋានវប្បធម៌ត្រូវការពារ។ មាត្រា១ សម្រេចឱ្យត្រួតពិនិត្យការអភិវឌ្ឍសៀមរាប អង្គរ ដោយគោរពតាមប្លង់កំណត់តំបន់មួយ។ មាត្រា២ រមណីយដ្ឋានវប្បធម៌ក្នុងមួយប្លង់នេះ ត្រូវចាត់ជាប្រាំប្រភេទ។ ប្រភេទនីមួយៗ ត្រូវទទួលកំរិតកាពារខុសៗគ្នា ដូចជាតំបន់១ រណីយដ្ឋានមានប្រាសាទ តំបន់២ ឧទ្យានបុរាណវត្ថុ ត្រូវការពារ តំបន់៣ ទេសភាពវប្បធម៌ ត្រូវការពារ តំបន់៤ ចំណុចមានសារសំខាន់ ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា តំបន់៥ បរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ នៃតំបន់សៀមរាបអង្គរ។
 
មាត្រា៣ តំបន់១ រមណីយដ្ឋានមានប្រាសាទ គឺតំបន់នានាដែលមានស្ថានីយបុរាណវត្ថុសំខាន់ជាងគេ ក្នុងប្រទេស ហើយត្រូវទទួលកិច្ចការពារសម្រិតខ្ពស់បំផុត។ ធម្មតាតំបន់ទាំងអស់នេះ មានទំហំតូច តែចំពោះអង្គរវិញ ទោះមានផ្ទៃដីធំធេង ក៏ត្រូវចាត់ចែងការពារចូលក្នុងកម្រិតខ្ពស់បំផុតនេះដែរ ដោយតំបន់នេះ មានប្រាសាទ និងសំណល់បុរាណវត្ថុច្រើន។ 
 
មាត្រា៤ តំបន់២ ឧទ្យានបុរាណវត្ថុត្រូវការពារ គឺតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារ ទប់ទល់ និងការប្រើប្រាស់ដីធ្លីផ្ដេសផ្ដាស និងការអភិវឌ្ឍមិនសមស្រប។ ធម្មតាតំបន់ទាំងនេះ ស្ថិតនោជុំវិញរមណីយដ្ឋានមានប្រាសាទ។ តំបន់ទាំងនេះច្រើនមានបុរាណវត្ថុបង្កប់ក្នុងទីនោះ។ តំបន់នេះ មានសារសំខាន់ ចម្បងដោយសារ ជាតំបន់ទ្រនាប់សម្រាប់ការពារ រមណីយដ្ឋានមានប្រាសាទ។
 
មាត្រា៥ តំបន់៣ ទេសភាពវប្បធម៌ត្រូវការពារ គឺតំបន់ដែលមានលក្ខណៈជាទេសភាពត្រូវការពារ ដោយហេតុថា តំបន់នេះមានទិដ្ឋភាពបរមបុរាណ។ លើសពីនេះទៅទៀត បែបបទប្រើប្រាស់ដីធ្លី សំណង់លំនៅឋាន អាគារប្រវត្តិសាស្ត្រនៅទីនោះ ដែលជាកេរដំណែលដ៏យូរលង់ ផ្ដល់តម្លៃវប្បធម៌ខ្ពស់ ឆ្លុះបញ្ចាំងឱ្យឃើញជីវភាពរស់នៅពីអតីតកាល។ ទេសភាពវប្បធម៌នេះ ជាមធ្យោបាយរក្សាទស្សនវិស័យ ព្រមទាំងទំនាក់ទំនងរវាងទិដ្ឋភាពលេចធ្លោនានា។ ទេសភាពវប្បធម៌ត្រូវការពារនេះ ត្រូវមានការគ្រប់គ្រងដោយច្បាប់ទម្លាប់ ទប់ទល់នឹងសកម្មភាពបំផ្លិចបំផ្លាញ បង្ហិនបង្ហោច។ 
 
មាត្រា៦ តំបន់៤ ចំណុចមានសារសំខាន់ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា គឺតំបន់ផ្សេងៗទៀត ដែលមានសារប្រយោជន៍ខាងបុរាណវត្ថុវិទ្យា តែមានសារសំខាន់កម្រិតទាបជាង រមណីយដ្ឋានមានប្រាសាទ។ តំបន់នេះ ត្រូវរក្សាការពារដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ ការអប់រំ ឬទេសចរណ៍។ កិច្ចការពារ និងច្បាប់ទម្លាប់គ្រប់គ្រង ត្រូវមានកម្រិតដូចគ្នា នឹងឧទ្យានបុរាណវត្ថុដែរ។
 
មាត្រា៧ តំបន់៥ បរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ បរិវេណនេះគ្របដណ្ដប់ខេត្តសៀមរាបទាំងមូល។ ក្នុងគោលដៅថែរក្សា បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ត្រូវចាត់ចែងវិធានការ ដើម្បីជំរុញការអភិវឌ្ឍស្ថិតស្ថេរមួយ និងវិធានការគណនាផលប៉ះពាល់លើបរិស្ថាន។
  

 
ទិសដៅសម្រាប់តំបន់ត្រូវការពារនៃអង្គរ មាត្រា៨ ការអភិវឌ្ឍ។ ក្នុងកិច្ចអភិវឌ្ឍន៍ឍតំបន់នានា ត្រូវប្រកាន់យកទិសដៅដូចតទៅ។ ក- ចំពោះរមណីយដ្ឋានវប្បធម៌ ត្រូវការពារទាំងអស់ (តំបន់១,២,៣,៤,៥)។ រៀបចំនិតិក្រមសម្រាប់ពិនិត្យឡើងវិញ និងអនុម័តគម្រោងអភិវឌ្ឍ នៅក្នុងតំបន់សៀមរាបអង្គរ។ ធានាប្រាកដថា គម្រោងអភិវឌ្ឍន៍ទាំងឡាយ បានគិតគូរអំពីផលប៉ះពាល់លើបរិស្ថាន។ មានគម្រោងសម្រាប់ជំនួស លៃលកយ៉ាងណាឱ្យផលអាស្រូវមានកម្រិតទាបបំផុត។ ត្រូវបញ្ចូលក្នុងការវាយតម្លៃ នូវផលប៉ះពាល់ដល់បរិស្ថាន ក្នុងការស្រាវជ្រាវបុរាណវត្ថុវិទ្យា នៅតំបន់ពាក់ព័ន្ធទាំងនោះ។ មុននឹងចាប់ផ្ដើមដំណើរការអភិវឌ្ឍ ត្រូវធ្វើការជីកកកាយបុរាណវត្ថុ មករក្សាទុកជាមុនសិន បើជាការចាំបាច់។
 
ខ- ចំពោះតំបន់ទី១ ហាមឃាត់ការអភិវឌ្ឍ ក្នុងរមណីដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណា ដែលមានសារប្រយោជន៍ សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋាននោះ។ គ- ចំពោះតំបន់២ ហាមឃាត់ការអភិវឌ្ឍ ក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍ សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃនៃស្ថានីយបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សាវបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។
 
សូមបញ្ជាក់ថា កម្ពុជាដាក់បញ្ចូលរមណីយដ្ឋានអង្គរ ដែលមានប្រាសាទ និងបុរាណដ្ឋានជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ 
  
កិច្ចខិតខំប្រឹងប្រែងទាំងឡាយ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តជាតិ និងអង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតដល់ការខិតខំបង្កើតលិខិតបទដ្ឋានជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន ដូចជាច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ឆ្នាំ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ក្នុងទំហំ៤០១គីឡូម៉ែត្រក្រឡា ដោយការបែងចែកតំបន់ជាប្រាំច្បាប់ ស្ដីពីសំណង់រហូតដល់ឯកសារប្លង់គោលស្ដីពីការប្រើប្រាស់ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ស្របតាមលក្ខណ្ឌដែលអង្គការយូណេស្កូកំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារ បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ៕
 

Tag:
 វប្បធម៌
  ប្រវត្តិសាស្ត្រ
  ប្រាសាទ
  អង្គរ
  សៀមរាប
  អាជ្ញាធរជាតិអប្សរា
 
© រក្សាសិទ្ធិដោយ thmeythmey.com