ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជិត៣០០លានដុល្លារ ​កើនជាង៣០ភាគរយ នៅខែមករា​
17, Feb 2022 , 9:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ កម្ពុជាទទួលចំណូលពីពន្ធដារបានប្រមាណ២៨៨លានដុល្លារអាម៉េរិកនៅក្នុងខែមករា។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិនេះ គឺបានកើនដល់ជាង៣០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

 
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាការចូលជាតិបានចំនួន ១ ១៦៧,៣៤ពាន់លានរៀល(ប្រមាណ២៨៨,២៣លានដុល្លារ)ប្រចាំខែមករា ឆ្នាំ២០២២ ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី១៧កុម្ភៈ ចំណូលពន្ធចំនួន៥ប្រភេទដែលកម្ពុជាទទួលបាន គឺមានកំណើនគួរឱ្យគត់សម្ភាល់។ ក្នុងនោះមានពន្ធលើប្រាក់ចំណូល អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១៨៧,២១ពាន់លានរៀល, ពន្ធអាករលើតម្លៃបន្ថែម ប្រមូលបាន២៨៤,៣៧ពាន់លានរៀល, ពន្ធអាករពិសេស ប្រមូលបាន១០៧,៤៨ពាន់លានរៀល, ពន្ធលើប្រាក់បៀវត្ស ប្រមូលបាន១១០,២១ពាន់លានរៀល និងប្រថាប់ត្រា គឺអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន៩០,០៣ពាន់លានរៀល។ 
 
សូមជម្រាបថា ពេញមួយឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចូលជាតិ បាន២ ៧៨១,៩២លានដុល្លាអាម៉េរិក។ ចំណូលនេះ គឺបានកើនឡើងរហូត២៤ភាគរយ នៃផែនការកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com