ជាតិ
សុខភាព
សម្តេច ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារពីអាយុ៣ដល់ក្រោម៥ឆ្នាំ
18, Feb 2022 , 9:59 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន បានសម្រេច​ឱ្យ​កុមារ​អាយុ៣​ឆ្នាំ​ដល់​ក្រោម៥ឆ្នាំ ​ទៅទទួលយកការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ។ ការសម្រេចនេះ បន្ទាប់ពីមានកុមារ​ក្រោម​អាយុ​៥​ឆ្នាំ​បាន​ឆ្លង​«​អូ​មី​ក្រុង» ប្រមាណ​ជា២៥ភាគរយ​។ នេះ​បើ​យោងតាម​សារ​សំឡេង​ពិសេស​របស់​សម្តេច។​

 
ដើម្បី​បង្ការ​វីរុសឆ្លងអូមីក្រុងនេះ សម្តេច ហ៊ុន សែន ​បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី១-ទី២(ដូសមូលដ្ឋាន) សម្រាប់កុមារនៅទូទាំងប្រទេស ដែលមានអាយុពី៣ដល់ក្រោម៥ឆ្នាំ។​ តាមរយៈសារសំឡេងនាយប់ថ្ងៃទី១៧កុម្ភៈ  សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «​ចៅ​ទី​២១ ​របស់ខ្ញុំ​ដែលមាន​អាយុ​មិន​ដល់​២​ខួប​ ​ក៏បាន​ឆ្លង​ជំងឺ​នេះ ផងដែរ​។ ដូចនេះ យើង​មានភាពចាំបាច់​ក្នុងការ​ការពារ​កុមារ​របស់​យើង កុំឱ្យ​ឆ្លង​នូវ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​»​។​
 
​សម្តេច បាន​បញ្ជាក់ថា គ្មានអ្វី​ដែលជា​ជម្រើស​ល្អ​ជាង​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំនេះ​ទេ ដែល​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ជា​៧០​ម៉ឺន​នាក់​។ 
 
ជាមួយគ្នានេះ សម្តេច ក៏បានអនុញ្ញាតឱ្យកុមារដែលមានអាយុពី៥ឆ្នាំឡើង​ទៅ គឺអាចទទួលវ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញ(ដូសទី៣)បានផងដែរ។ 
 
បើតាមសេចក្តីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញដល់កុមារពីអាយុ៥ឆ្នាំឡើង នឹងអនុវត្តចាប់ពីថ្ងៃទី២១កុម្ភៈ។ រីឯការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២ ​តទៅ៕ 
 

Tag:
 កុមារ
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com