ជាតិ
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រងផលប៉ះពាល់ដល់ជីវភាព ដោយសារសាំងឡើងថ្លៃ
18, Feb 2022 , 2:33 pm        
រូបភាព
ភ្នំពេញ៖ សាំងឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវភាពពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។



បច្ចុប្បន្នសាំងធម្មតាតម្លៃ ៤៧០០រៀលក្នុងមួយលីត្រ និង៥២០០រៀលសម្រាប់សាំងស៊ុបពែរ។ 
 
លោក ប៉ែន សួនចំណាប់ អ្នកដឹកជញ្ជូនក្រុមហ៊ុន Food Panda បាននិយាយថា នៅពេលសាំងឡើងថ្លៃម្ដងៗ អ្នកដឹកជញ្ជូនតាមម៉ូតូភាគច្រើន​ប្រឈមបាត់បង់ចំណូល ដោយសារការចំណាយលើថ្លៃសាំងខ្ពស់ពេក។ លោក បន្តថា ក្នុងមួយថ្ងៃៗ លោកត្រូវការចាក់សាំងប្រមាណ ៣ទៅ៤លីត្រ ដើម្បីដឹកអាហារឲ្យពលរដ្ឋក្នុងក្រុងភ្នំពេញ ខណៈចំណូលដែលរកបានមិនដល់១០ម៉ឺនរៀលឡើយ។
 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១៧កុម្ភៈ ដូច្នេះថា៖«យើងដឹងហើយថា សម្រាប់អ្នកដឹកជញ្ជូនមានបញ្ហាទៅសាំងដែរ ដោយសារវាឡើងថ្លៃខ្លាំងពេក។ អ៊ីចឹង វាប៉ះពាល់ដល់ពួកខ្ញុំ ដោយតម្លៃដឹករបស់ខ្ញុំត្រូវកាត់បន្ថយ ហើយចំណាយទៅការចាក់សាំងហ្នឹងច្រើនជាង។ ហើយខ្ញុំនៅមានបន្ទុកគ្រួសារទៀត កូន ប្រពន្ធ និងឪពុកម្ដាយចាស់ៗទៀត។ អ៊ីចឹង វាពិបាកមែនទែន»។ 
 
លោក សួនចំណាប់ បន្ថែមថា ស្ថិតក្នុងវិបត្តិកូវីដ១៩នេះ ការដឹកជញ្ជូនបានកើនឡើង ប៉ុន្តែ បញ្ហាកកស្ទះចរាចរណ៍ក៏ជាបន្ទុកមួយ កាត់បន្ថយប្រាក់ចំណេញផងដែរ។ ដូច្នេះ លោក ស្នើក្រសួងពាក់ព័ន្ធ ពិសេសក្រសួងពាណិជ្ជកម្ម ឲ្យជួយបញ្ចុះតម្លៃសាំងមកត្រឹម៤០០០រៀល ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ 
 
ចំណែក លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុនដំណើរកម្សាន្ត យូនិកហូលីដេ បានលើកឡើងថា ការរៀបដំណើរកម្សាន្តម្ដងៗ ត្រូវចំណាយច្រើនពាក់ព័ន្ធនឹងការជួលឡាន ឬទូកជាដើម ដូច្នេះ កាលណាសាំងឡើងថ្លៃ តម្លៃឡាន ទូក ឬម្ហូបអាហារផ្សេងៗក៏ឡើងថ្លៃដូចគ្នា។ លោក ព្រួយបាម្ភថា ប្រសិនបើ បណ្ដោយឲ្យសាំងឡើងថ្លៃជាងនេះទៀត នោះក្រុមហ៊ុនដំណើរកម្សាន្តរបស់លោកនឹងត្រូវបិទទ្វារ។ 
 
លោក មករា ពន្យល់ថាដូច្នេះថា៖«ពីមុនត្រឹមកោះស្ដេច តម្លៃឡានគេត្រឹមតែ៤៣០ដុល្លារទេ ឥឡូវគេទារយើង៤៦០ដុល្លារ ហើយទូកក៏គេទាមទារឡើងថ្លៃ២០ដុល្លារទៀតដែរ។ អ៊ីចឹង ក្រុមហ៊ុនដំណើរកម្សាន្ត ក៏ឡើងថ្លៃតាមហ្នឹងដែរ តែចំពោះអ្នកដែលកក់មុនយើងមិនអាចសុំគាត់ឡើងថ្លៃបានទេ ដូច្នេះ យើងត្រូវបាត់បង់ប្រាក់ចំណេញ។ បើសាំងនៅតែបន្តឡើងថ្លៃ យើងមានតែផ្អាករៀបដំណើរកម្សាន្តសិនហើយ ចំពេលកូវីដ១៩ផង»។ 
 
លោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបន្ថែមថា សាំងឡើងថ្លៃបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរ​ ឬសម្ភារៈផ្សេងៗ ។
 
លោក ប្រាប់ដូច្នេះថា៖«គួបផ្សំសាំងឡើងថ្លៃ រួមទាំងកូវីដ១៩ទៀតដែលកំពុងរាតត្បាតចូលសហគន៍ផង អ្នកធ្វើដំណើរក៏គ្មាន អ៊ីចឹងហើយផលប៉ះពាល់ខ្លាំងគឺប្រាក់ចំណូលពួកគាត់ធ្លាក់ចុះ ដែលគ្មានតុល្យភាពនឹងការចំណាយទៅលើថ្លៃសាំង ឬហ្កាសនេះទេ»។ 
 
លោក ពៅ បន្តថា កាលណាសាំងឡើងថ្លៃ ទំនិញសព្វសារពើក៏ឡើងថ្លៃដូចគ្នា។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ស្នើឱ្យ រដ្ឋត្រូវពិនិត្យមើលឡើងវិញនូវពន្ធនាំចូល ឬពន្ធលក់ចេញ ដើម្បីបញ្ចុះតម្លៃពន្ធ។ ជាពិសេសក្រសួង ត្រូវសហការជាមួយក្រុមហ៊ុន ប្រេងឥន្ធនៈទាំងអស់ ដើម្បីចរចារកុំឲ្យក្រុមហ៊ុនទាំងនោះ លក់យកតម្លៃចំណេញខ្ពស់ពេក។ 
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានទេ។
 
ប៉ុន្តែកន្លងមក លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅពេលប្រទេសជាច្រើនបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ រួមទាំងកម្ពុជាផងនោះ តម្រូវការប្រេងក៏កើនឡើងខ្ពស់ ខណៈបណ្ដាប្រទេសផលិតប្រេងមានបរិមាណស្តុកតិចតួច ដែលជាហេតុធ្វើឲ្យប្រេងសាំងអន្តរជាតិឡើងថ្លៃ។ ដូច្នេះ ការឡើងថ្លៃនេះ មិនមែនតែកម្ពុជាទេ គឺបណ្ដាប្រទេសនៅលើពីភពលោក រួមទាំងប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ក៏ឡើងថ្លៃដូចគ្នា។
 
លោក លើកឡើងដូច្នេះថា៖«តម្លៃប្រេងនេះ យើងគិតគូរអាស្រ័យទៅលើទីផ្សារប្រេងអន្តរជាតិដែលយើងទិញពីគេ ដូច្នេះ បើគេប្រែប្រួលខ្ពស់ខ្លាំង ទោះបីជាយើងធ្វើការកែតម្រូវយ៉ាងណាក៏ដោយ ក៏វានៅតែខ្ពស់ដែរ។ អ៊ីចឹង យើងមិនអាចធានាបានថា តម្លៃប្រេងនេះនៅនឹងដដែល ឬថយចុះ»។
 
លោក បន្តថា ក្រសួងមិនអាចវិភាគពីផលប៉ះពាល់ដល់ជីវភាពពលរដ្ឋបានឡើយ ។ដូច្នេះលោក ស្នើឲ្យពលរដ្ឋរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន។
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ នឹងត្រូវលក់៤៧០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៤៤៥០រៀល សម្រាប់សាំងម៉ាស៊ូត ខណៈសាំងស៊ុបពែរឡើងដល់៥២០០រៀល ក្នុងមួយលីត្រ៕  
 
 

Tag:
 សាំង
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com