ជាតិ
វិបត្តិកូវីដ-១៩ ជំរុញរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់កាន់តែខ្លាំង លើប្រព័ន្ធគាំពារសង្គម
18, Feb 2022 , 9:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពី SPC
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពី SPC
ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយថា ឥទ្ធិពលកូវីដ-១៩ មិនបានបន្ទុចបង្អាក់ការអភិឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឡើយ ។ ប៉ុន្តែវិបត្តិនេះ បែរជាជំរុញបន្ថែមឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំង។

 
ក្នុងកម្មវិធីបើក «ទិវាសប្ដាហ៍គាំពារសង្គមកម្ពុជា» លើកទី១ ប្រចាំឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វិបត្តិកូវីដ-១៩ មិនបានធ្វើឲ្យការអភិឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើរថយក្រោយសូម្បីតែមួយជំហានឡើយខណៈវិបត្តិនេះ បង្កការលំបាក់ដល់មនុស្សគ្រប់គ្នា។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន នៅអំឡុងវិបត្តិនេះ របបនិងកម្មវិធីគាំពារសង្គមដែលមានស្រាប់ នៅតែបន្តអនុវត្តដដែល។ 
 
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានដាក់ចេញនូវអភិក្រមសំខាន់ៗ សម្រាប់វិធានការអន្តរាគមន៍ប្រព័ន្ធគាំពារសង្គមមួយចំនួនទៀត គឺពិនិត្យលទ្ធភាពកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌនានា ដើម្បីធានាដល់ប្រជាពលរដ្ឋ ក្នុងការទទួលផល។  រដ្ឋាភិបាលបានរៀបចំដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមពិសេស ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងនោះមានកម្មកររោងចក្រកាត់ដេរ សហគ្រាសក្នុងវិស័យទេសចរណ៍ រួមទាំងពលរដ្ឋក្រីក្រជាដើម។ 
 
បន្ថែមលើអន្តរាគមន៍ដែលមានស្រាប់នេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងរៀបចំដាក់ឲ្យដំណើរការ ក្របខណ្ឌកិច្ចគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន ជាពិសេសត្រៀមខ្លួនចាត់វិធានការទប់ទល់ឲ្យបានទាន់ពេលវេលា ទាំងនៅក្នុងវិបត្តិ និងអនាគត។ 
 
រដ្ឋមន្រី្តសេដ្ឋកិច្ចបានលើកឡើងយ៉ាងដូច្នេះថា៖ «ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែមិនបានបន្ទច់បង្អាក់ការខិតខំរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះថែមទាំងបានជំរុញឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការកសាងប្រព័ន្ធគាំពារសង្គមមួយ ឲ្យកាន់តែរឹងមាំថែមទៀត។ ពិសេស គឺផ្ដោតលើការកសាងភាពធន់ដើម្បីឆ្លើយតបនឹងវិបត្តិនានា»។ 
 
រដ្ឋមន្រី្តរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គមយ៉ាងច្បាស់ តាមរយៈ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើរសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី សម្រាប់ឆ្នាំ២០២១ដល់២០២៣។ ក្របខណ្ឌយុទ្ធសាស្រ្តនេះ នឹងបន្តអនុវត្តការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ នៅអំឡុងពេលកូវីដ-១៩ ហើយនឹងដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមក្របខណ្ឌជាកញ្ចប់គ្រួសារ ក្រោយបញ្ចប់ឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ អំឡុងពេលប្រយុទ្ធនឹងជំងឺកាចសាហាវនេះ។ 
 
ក្របខណ្ឌយុទ្ធសាស្រ្តនេះ នឹងពង្រីកវិសាលភាព កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ជាពិសេសពិនិត្យលទ្ធភាពបន្ថែម លើមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារដល់ពលរដ្ឋក្បែរបន្ទាត់ក្រីក្រ និងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ 
 
វិបត្តិកូវីដ-១៩ បានបង្កការលំបាកដល់មនុស្សគ្រប់គ្នា ប៉ុន្តែមិនបាន
 

Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com