ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កាវើលដ៍ បន្តចេញតវ៉ា ក្រោយធ្វើតេស្ត និងធ្វើចត្តាឡីស័ករួច
21, Feb 2022 , 3:38 pm        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខណាហ្កាវើលដ៍កន្លងមក។ រូបដោយសហការី
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខណាហ្កាវើលដ៍កន្លងមក។ រូបដោយសហការី
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្រកាសថា ពួកគេ នឹងប្រមូលផ្តុំគ្នាឡើងវិញ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះទៅ ដើម្បីទាមទារអ្វីដែលពួកគេចង់បាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នំ២០២២។


 
បើតាមសេចក្តីជូនតំណាង បុគ្គលិកណាហ្កាវើលដ៍ នឹងមិនទៅប្រមូលផ្តុំគ្នាទីណាឆ្ងាយពីទីតាំង ដែលស្ថិតនៅជិតក្រុមហ៊ុនណាហ្កាវើលដ៍នោះទេ។ ពួកគេ បានយល់ព្រមចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល ហើយក៏សម្រេចផ្អាកការប្រមូលផ្តុំគ្នា ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២មក។   
 
ពួកគេ ជម្រាបជូនសាធារណជន ក៏ដូចជាអាជ្ញាធរថា ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ពួកគេ បានទៅធ្វើតេស្ត ហើយរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ អ្នកអវិជ្ជមានជំងឺកូវីដ-១៩ បានទៅធ្វើតេស្តលើកទី២។ ពួកគេ អះអាងថា ក្រោយធ្វើតេស្តលើកទី១បាន១ថ្ងៃ គឺចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈមក ពួកគេ បានធ្វើចត្តាឡីស័កនៅក្នុងផ្ទះរៀងៗខ្លួនជាប់រហូត ដោយមិនចេញទៅក្រៅ ឬជួបជុំនោះទេ។  
 
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២  រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ទៅបុគ្គលិកណាហ្កាវើលដ៍ថា ឲ្យស្ថិតក្នុងដែនដីសង្កាត់ទន្លេបាសាក់ ពួកគេ មិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំគ្នា ដើម្បីតវ៉ាជាដាច់ខាត។ រដ្ឋបាលរាជធានីភ្នំពេញ លើកហេតុផលថា ការមិនអនុញ្ញាតឲ្យបុគ្គលិកណាហ្កាវើលដ៍ បន្តប្រមូលផ្តុំគ្នាក្នុងសង្កាត់ទន្លេបាកសាក់ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើន។ 
 
រដ្ឋបាលរាជធានីភ្នំពេញ ព្រមានទៅបុគ្គលិកណាហ្កាវើលដ៍យ៉ាងដូច្នេះថា៖«ក្នុងករណីរឹងរូស បន្តសកម្មភាពខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង»។ 
 
បើបុគ្គលិកណាវើលដ៍ ចង់បន្តប្រមូលផ្តុំគ្នា ពួកគេ អាចបន្តប្រមូលផ្តុំគ្នាបាន នៅឯទីលានប្រជាធិបតេយ្យ ដែលស្ថិតក្នុងសង្កាត់ឫស្សីកែវ ហើយពួកគេ ត្រូវបំពេញនីតិវិធីតាមច្បាប់ស្តីពីការធ្វើការបាតុកម្ម និងត្រូវជូនដំណឹងទៅអាជ្ញាធរផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ 
 
តាមរយៈសេចក្តីជូនដំណឹងខាងលើ បុគ្គលិកណាហ្កាវើលដ៏ បានឆ្លើយតបនឹងរដ្ឋបាលរាជធានីភ្នំពេញវិញថា៖«ទីតាំងដែលយើង ចង់ឈរជើងប្រមូលផ្តុំ គឺនៅប្របរបងរបស់ក្រុមហ៊ុនណាហ្កាវើលដ៍១ និងណាហ្កាវើលដ៍២។ ការដែលសាលាក្រុងឲ្យក្រុមកូដករ ទៅធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យ វា ជារូបភាពដែលលើសពីវិវាទការងារហើយ ព្រោះវិវាទការងារ គឺត្រូវធ្វើនៅខាងមុខ ឬនៅប្របរបងក្រុមហ៊ុន តាមច្បាប់ស្តីពីការងារ ដែលបានចែងក្នុងការធ្វើកូដកម្ម»។ 
 
បុគ្គលិកណាហ្កាវើលដ៍ នៅតែទទូចឲ្យស្ថាប័នពាក់ព័ន្ធ ក៏ដូចជាកម្លាំងអាជ្ញាធរ បញ្ឈប់ការដាក់របាំង ការបិទខ្ទប់ ការគំរាមកំហែង និង សកម្មភាពរាំងផ្សេងទៀត ដល់ពួកគេ។ 
 
២-៣លើកហើយ ដែលអាជ្ញាធរភ្នំពេញ ផ្ញើសារព្រមានទៅកាន់បុគ្គលិណាហ្កាវើលដ៍។ ជាក់ស្តែង អាជ្ញាធរភ្នំពេញ ធ្លាប់ព្រមានថា ពួកគេ នឹងប្រឈមការពិន័យប្រាក់ពី១លានរៀល ដល់៥លានរៀល រួមទាំងការទទួលទោសជាប់ពន្ធនាគារផងដែរ បើពួកគេ មិនព្រមធ្វើចត្តាឡីស័កតាមការតម្រូវរបស់អាជ្ញាធរ ឬបំពានវិធានការសុខាភិបាលក្នុងទប់ស្កា់ជំងឺកូវីដ-១៩។ 
 
បុគ្គលិកណាហ្កាវើលដ៍ បបួលគ្នាចេញតវ៉ានឹងក្រុមហ៊ុនហ្កាវើលដ៍របស់ពួកគេ ចាត់តាំងខែធ្នូ ឆ្នាំ២០២១មក។ ជាទូទៅ ពួកគេ ប្រមូលកផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់។ គោលបំណងរបស់ពួកគេ គឺចង់ឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជាង៣៦០នាក់ជាគ្នារបស់ពួកគេ ដែលត្រូវបានបញ្ឈប់ពីការងារ បានចូលធ្វើការងារវិញ។ 
 
មិនត្រឹមតែមិនបានតាមបំណងទេ ផ្ទុយទៅវិញ ថែមទាំងមានមេសហជីពជាង១០នាក់របស់ពួកគេ ត្រូវចាប់ខ្លួនថែមទៀត។ ក្រៅពីការទាមទារឲ្យបុគ្គលិកជាង៣៦០នាក់ បានចូលធ្វើការវិញនោះទេ ការដោះលែងមេសហជីពរបស់ពួកគេ ក៏ស្ថិតក្នុងការទាមទាររបស់ពួកគេដែរ៕ 
 
 

Tag:
 បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com