កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC ផ្តាំមេដឹកនាំនយោបាយ យកគំរូតាមអត្តពលិក ដែលអាចបង្កើតសាមគ្គីភាព និងសន្តិភាពនៅអូឡាំពិកប៉េកាំង
21, Feb 2022 , 10:59 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានបិទបញ្ចប់ដោយរលូន នៅថ្ងៃទី២០ ខែកុម្ភៈ។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សរសើរចិនថា ធ្វើម្ចាស់ផ្ទះកីឡារដូវរងាបានល្អ បើទោះកូវីដ-១៩រាតត្បាតខ្លាំង។ លោក Bach ផ្តែផ្តាំអ្នកនយោបាយលើពិភពលោកឱ្យយកគំរូតាមអត្តពលិក ដែលអាចបង្កើតសាមគ្គីភាព និងសន្តិភាពឱ្យគ្នា អំឡុងពេលដណ្តើមមេដាយ។


អត្តពលិកជិត ៣ពាន់នាក់ជុំវិញពិភពលោក បានចូលរួមប្រជែងមេដាយ នាកីឡាអូឡាំពិករដូវរងា ក្នុង១០៩វិញ្ញាសា លើក១៥ប្រភេទកីឡា ដោយគិតចាប់ពីថ្ងៃទី៤ ខែកុម្ភៈមក។
ន័រវែស បញ្ចប់ទៅលំដាប់ទីមួយក្នុងតារាងមេដាយ ក្រោយដណ្តើមបានមេដាយមាសច្រើនជាងគេចំនួន ១៦ តាមពីក្រោយដោយអាល្លឺម៉ង់ ដែលឈ្នះមេដាយមាស១២ និងម្ចាស់ផ្ទះចិនឈរលេខបីរកបានមេដាយមាស៨។
 
នៅថ្ងៃបិទបញ្ចប់អូឡាំពិក ប្រធាន IOC បានសរសើរចិនដែលដំណើរការប្រកួតកីឡាលំដាប់ពិភពលោកនេះបានល្អ ស្របពេលជំងឺរាតត្បាតផ្ទុះឡើងសាជាថ្មី។ ដ្បិតគ្រប់គ្រងកូវីដ-១៩ បានល្អមែន ប៉ុន្តែលោក Bach ហាក់មិនពេញចិត្តនឹងរឿងនយោយបាយ ដែលកើតមានអំឡុងពេលកីឡាអូឡាំពិកឡើយ។
 
លោក Bach បានអំពាវនាវឱ្យមេដឹកនាំនយោបាយ នៅជុំវិញពិភពលោក បញ្ចប់ការហែកហូរគ្នា ហើយត្រូវយកគំរូតាមអត្តពលិកអូឡាំពិក ដែលបានបំផុសគំនិតបង្កើតសាមគ្គីភាព និងសន្តិភាព ខណៈពេលដែលពួកគេប្រជែងគ្នាដណ្តើមមេដាយ។
 
«​អំណាច​បង្រួបបង្រួម​នៃ​កីឡា​អូឡាំពិក​​ខ្លាំង​ជាង​កម្លាំង​ដែល​ចង់​បំបែក​យើង​ទៅ​ទៀត»។ លោក Bach លើកឡើងដូច្នេះ មុនបន្តថា អត្តពលិកបានផ្តល់ឱកាសសន្តិភាព តាមរយៈការគោរពគ្នាទៅវិញទៅមក ចំពេលមានភាពតានតឹងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។ អត្តពលិកប្រទេសទាំងពីរមិនត្រឹមតែគោរពគ្នានោះទេ ពួកគេបានឱបគ្នាទៅវិញទៅមក ទោះបីជាប្រទេសពួកគេ ត្រូវបានបែងចែកដោយជម្លោះក៏ដោយ។
 
ជុំវិញបញ្ហាសិទ្ធិមនុស្សនៅចិនវិញ ប្រទេសលោកខាងលិចដូចជា អាម៉េរិក រួមជាមួយ​អូស្ត្រាលី អង់គ្លេស កាណាដា និង​ជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ ដើម្បីប្រឆាំងប្រទេសយក្សអាស៊ីមួយនេះ ។ ពួកគែបានចោទចិនថា បានរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត នៅតំបន់ស៊ីនជាំង។ 
 
ទោះប្រធាន IOC យល់ស្របតាមការសម្រេចរបស់ប្រទេសលោកខាងលិចខាងលើក្តី ប៉ុន្តែលោក Bach នៅតែអះអាងថា រាល់ព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោក មិនគួរឱ្យមានបញ្ហានយោបាយមកលាយឡំឡើយ។
 
ជុំវិញបញ្ហាកូវីដ-១៩ លោក Bach បានលើកទឹកចិត្តដល់ប្រទេសនានា ឱ្យបន្តចាក់វ៉ាក់សាំងបង្កាដើម្បីប្រឆាំងជំងឺនេះ។ យ៉ាងណាក៏ដោយប្រធានអូឡាំពិកពិភពលោកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់សិទ្ធិទទួលបានវ៉ាក់សាំងស្មើៗគ្នា សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក៕
 

Tag:
 Thomas Bach
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com