ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំងនៅក្រៅស្រុក លះបង់គំនិតចង់ផ្តួលរំលំរដ្ឋាភិបាល មកទាមទារឲ្យមានការបោះឆ្នោតដោយសន្តិវិធីវិញ
22, Feb 2022 , 12:53 pm        
រូបភាព
អ្នកអង្គុយមុខតុ គឺអ្នកស្រី មូរ សុខហួរ លោក សម រង្ស៊ី និង លោក អេង ឆៃអ៊ាង។ ពួកគាត់ ថតរួមគ្នាជាមួយអ្នកគាំទ្រក្នុងសិក្ខាសាលា ដែលរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅរដ្ឋ Florida សហរដ្ឋអាម៉េរិក។ រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ
អ្នកអង្គុយមុខតុ គឺអ្នកស្រី មូរ សុខហួរ លោក សម រង្ស៊ី និង លោក អេង ឆៃអ៊ាង។ ពួកគាត់ ថតរួមគ្នាជាមួយអ្នកគាំទ្រក្នុងសិក្ខាសាលា ដែលរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅរដ្ឋ Florida សហរដ្ឋអាម៉េរិក។ រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ
ដោយ: ថ្មីៗ
ការទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ គឺជាជម្រើសថ្មីរបស់ក្រុមអ្នកប្រឆាំងនៅក្រៅស្រុក។

 

ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី ជាមេដឹកនាំកំពូល លែងមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធទៀតហើយ។ ពួកគេ បែរជាប្តូរចិត្តគំនិតត្រឡប់មកជ្រើសរើសយកផ្លូវតស៊ូដោយអហិង្សាវិញ ពោលគឺ តស៊ូឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមរយៈការបោះឆ្នោត។ ពួកគេ បានសម្រេចប្តូរគោលជំហរនេះ នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅរដ្ឋ Florida សហករដ្ឋអាម៉េរិក ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី។ 
 
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសិក្ខាសាលានេះ បានបញ្ជាក់ថា ពួកគេ នឹងបន្តបេសកកម្មការទូតជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឲ្យមានដំណោះស្រាយ ចំពោះស្ថានការណ៍នយោបាយ ដែលកំពុងជាប់គាំងនៅកម្ពុជា។ ជាមួយគ្នានេះ ពួកគេ នឹងបន្តបេសកកម្មការទូតជាមួយសហគមន៍អន្តរជាតិ ដើម្បីទាមទារឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីធានាឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត មានសេរីភាពពេញលេញ ក្នុងការជ្រើសតាំងតំណាងស្របច្បាប់ និងស្របតាមឆន្ទៈរបស់ខ្លួនពិតប្រាកដ។
 
ពួកគេ យល់ថា ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តុលាការ ត្រូវទម្លាក់បទចោទ ហើយអ្នកដោះលែងអ្នកទោសមនសិការ អ្នកទោសនយោបាយទាំងអស់ បើកលំហសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការធ្វើសកម្មភាពនយោបាយ និងកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 
 
«អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមយ៉ាងសកម្មដោយអហិង្សា ចាប់យក និងប្រើប្រាស់ឱកាសនៃការបោះឆ្នោត ដើម្បីប្រែក្លាយការឈឺចាប់ ឲ្យទៅជាជ័យជម្នះសម្រាប់សង្គ្រោះជាតិយើង»។ នេះជាការអំពាវនាវរបស់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ដែលពួកគេសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន។ ក្រៅពីនេះ ពួកគេ បានដាក់ចេញទិសដៅសំខាន់មួយទៀត ដែលត្រូវអនុវត្តបន្ត គឺការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនៅក្រៅប្រទេស ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំ។ 
 
គេ ដឹងឮគ្រប់គ្នាថា កន្លងមក លោក សម រង្ស៊ី ធ្លាប់ប្រកាសចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហៅថា ផែនការ៩វិច្ឆិកា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក អំពាវនាវឲ្យប្រជាជន និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយលោក នៅពេលលោកចូលដល់ក្នុងស្រុក ដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរដ្ឋាភិបាល។ 
 
យ៉ាងណា ផែនការចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបរាជ័យ។ លើសពីនេះ ផែនការ៩វិច្ឆិកា ថែមទាំងបានធ្វើឲ្យថ្នាក់ដឹកនាំរបស់លោក រួមទាំងអ្នកគាំទ្ររបស់លោកមិនតិចជាង១០០នាក់នោះទេ ដែលត្រូវចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ ​បច្ចុប្បន្ន សំណុំរឿងរបស់ពួកគេជាង១០០នាក់នោះ កំពុងស្ថិតក្នុងដំណើរការជំនុំជម្រះរបស់តុលាការភ្នំពេញ។ 
 
លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ប្តូរគោលជំហរពីការចង់ផ្តួលរំលំរដ្ឋាភិបាល មកជាចង់ឲ្យមានការបោះឆ្នោតដោយសន្តិវិធី ស្របពេលដែលក្រុមអ្នកប្រឆាំងនៅក្នុងស្រុក កំពុងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់។ ក្នុងចំណោមថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាង១០០នាក់ ដែលត្រូវបានបិទសិទ្ធិនយោបាយ មានជាង៣០នាក់ហើយ ដែលទទួលបានសិទ្ធិនយោបាយឡើងវិញ បន្ទាប់ពីពួកគេ ស្នើសុំទៅរដ្ឋាភិបាល។  
 
អ្នកដែលទទួលបានសិទ្ធិនយោបាយ មានជាអាទិ៍ លោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា លោក យ៉ែម បុញ្ញឫទ្ធិ លោក រៀល ខេមរិន្ទ្រ និង លោក ថាច់ សេដ្ឋា ។ល។ ក្រោយបានសិទ្ធិធ្វើនយោបាយ ពួកគេ បានចែកផ្លូវគ្នា ទៅបង្កើតគណបក្សផ្ទាល់ខ្លួន និងពួកគេខ្លះទៀត ទៅចូលរួមជាមួយគណបក្សនានា ដែលមានប្រភពចេញមកពីអតីតគណបក្សសង្គ្រោះជាតិរបស់ពួកគេ។ 
 
គណបក្សទាំងនោះ មានដូចជា គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកម្ពុជានិយម គណបក្សខ្មែរអភិរក្ស និង គណបក្សភ្លើងទៀន ជាដើម។ លោក ប៉ុលហំ ជាប្រធានគណបក្សកែទម្រង់កម្ពុជា ហើយលោក អ៊ូ ច័ន្ទរ័ត្ន ជាមន្រ្តីជាន់ខ្ពស់គណបក្សនេះ។  លោក ជីវ កក្តា ជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយម។ លោក រៀល ខេមរិន្ទ្រ ជាប្រធានគណបក្សខ្មែរអភិរក្ស។ លោក ថាច់ សេដ្ឋា ជាមន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន។  
 
កាលពីមិនទាន់មានគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន ធ្លាប់ជាគណបក្សប្រឆាំងដ៏ធំ ដែលតទល់នឹងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច។ គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បានរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ។ ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា ក៏ត្រូវទុកចោល។ 
 
កាលពីបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ និងកាលពីបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតស្ទើរតែប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលោចោល កាលពីចុងឆ្នាំ២០១៧ ក្រោមហេតុផលថា ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងធំជាងគេនេះ ជាប់សង្ស័យក្នុងអំពើក្បត់ជាតិ។ 
 
ទោះជាគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោលហើយក្តី ក៏គណបក្សភ្លើងទៀន និង គណបក្សសិទ្ធិមនុស្ស នៅតែត្រូវទុកចោលដដែល។ ទើបតែនាពេលថ្មីៗនេះ ជាពិសេសឈានចូលឆ្នាំ២០២២ គណបក្សភ្លើងទៀន បានងើបឡើងវិញ និងមានសកម្មភាពផុសផុលគួរសម។ រីឯគណបក្សសិទ្ធិមនុស្ស នៅតែរក្សាភាពស្ងៀមស្ងាត់។

បច្ចុប្បន្ន គេ សង្កេតឃើញ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កំពុងប្រឹងប្រែងខ្លាំងក្នុងការដើរលើកស្លាគណបក្ស និងការប្រមូលកម្លាំងអ្នកគាំទ្រឡើងវិញ។ គណបក្សភ្លើងទៀន មានលោក ទាវ វណ្ណុល ជាប្រធាន។ យ៉ាងណា អ្នកដែលចេញមុខខ្លាំងក្នុងគណបក្សភ្លើងទៀន គឺជាលោក ថាច់ សេដ្ឋា ដែលជាមន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សនេះទៅវិញ។

ជាងនេះទៅទៀត អ្នកដែលគាំទ្រលោក សម រង្ស៊ី តាំងពីដើម បាននាំគ្នាចេញមុខបង្ហាញការគាំទ្រដល់គណបក្សភ្លើងទៀន។ លោក រ៉ុង ឈុន មេសហជីពដ៏លេចធ្លោម្នាក់ និងជាអ្នកដែលគាំទ្រលោក សម រង្ស៊ី ពីដើមមកដែរនោះ ទើបនឹងប្រកាសជំហររបស់លោក ក្នុងការគាំទ្រគណបក្សភ្លើងទៀន។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ គណបក្សនៅកម្ពុជា មានសរុបចំនួន៤៥គណបក្ស។ មានគណបក្សប៉ុន្មាន ដែលនឹងចូលរួមការបោះឆ្នោតនាពេលខាងមុខ គេ មិនទាន់ដឹងនៅឡើយទេ។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទជាក់លាក់នោះទេ៕ 
 

Tag:
 ក្រុមប្រឆាំង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com