កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ស្នើធ្វើជាបុគ្គលិកក្រុមអាហ្សង់ទីន នាការប្រកួត World Cup នៅកាតា
23, Feb 2022 , 9:29 am        
រូបភាព
អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero និយាយថា រូបគេអាចក្លាយផ្នែកមួយនៃក្រុមបុគ្គលិកជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតពានរង្វាន់ World Cup នៅកាតា បន្ទាប់ពីបានជួបលោក Claudio Tapia ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) នាថ្ងៃទី២១ ខែកុម្ភៈ។


Aguero វ័យ៣៣ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ កាលពីខែធ្នូឆ្នាំ២០២១ ដោយសារបញ្ហាបេះដូងពេលប្រកួតឱ្យក្រុម Barcelona។ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យបាល់ទាត់តាំងពីអាយុ១៨ឆ្នាំមក Aguero រកបានគ្រាប់បាល់ជាង៤០០គ្រាប់ក្នុងអាជីព។
 
អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ Man City ក៏បានបញ្ជាក់ដែរថា ព័ត៌មានសម្អិតចុងក្រោយស្តីពីការព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អាហ្សង់ទីន នឹងត្រូវទទួលបានការសម្រេចនៅប៉ុន្មានសប្តាហ៍ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ Aguero ក៏សង្ឃឹមនឹងអាចចូលរួមការចាប់ឆ្នោត World Cup នៅថ្ងៃទី១ ខែមេសា។
 
«ពេលនេះយើងត្រូវតែស្វែងយល់ពីតួនាទីពេលនេះ ប៉ុន្តែខ្ញុំនឹងអាចស្ថិតនៅជាមួយក្រុមជម្រើសជាតិនៅពានរង្វាន់ World Cup។ ជួបពិភាក្សាជាមួយលោក Tapia គឺពិតជារឿងក៏ល្អខ្លាំងណាស់»។ Aguero ប្រាប់ TyC Sports បែបនេះ។
 
អំឡុងពេលលេងឱ្យក្រុមអាហ្សង់ទីន ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានរកគ្រាប់បាល់ចំនួន ៤១គ្រាប់ ហើយនឹងធ្លាប់ចូលរួមប្រកួត World Cup ចំនួន៣លើក និងជួយអាហ្សង់ទីនឈ្នះពាន Copa America ផងដែរ។
 
អាហ្សង់ទីន ជាក្រុមមិនដែលចាញ់ឡើយក្នុងការប្រកួតជម្រុះ បានក្លាយជាក្រុមដែលជាប់ទៅកាន់ពានរង្វាន់ World Cup កាតា ដោយស្វ័យប្រវត្តិ ក្រោយឈរលេខ២ ពីក្រោយក្រុមប្រេស៊ីល៕
 

Tag:
 Sergio Aguero
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com