ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី អះអាង អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា កើតឡើងមុនច្បាប់ចែង
23, Feb 2022 , 9:59 pm        
រូបភាព
លោក កឹម សុខា ឆ្លៀតនិយាយជាមួយអ្នកកាសែត ពេលលោក ចេញពីផ្ទះ រៀបឡើងរថយន្ត ធ្វើដំណើរទៅតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ឆ្លៀតនិយាយជាមួយអ្នកកាសែត ពេលលោក ចេញពីផ្ទះ រៀបឡើងរថយន្ត ធ្វើដំណើរទៅតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
មេធាវីរបស់លោក កឹម សុខា បកស្រាយថា អង្គហេតុ ដែលកើតមុនច្បាប់ គឺមិនមានទោស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបថា តុលាការ យកអង្គហេតុ ដែលកើតក្រោយច្បាប់ មកចោទប្រកាន់លោក កឹម សុខា មិនមែនយកអង្គហេតុ ដែលកើតមុនច្បាប់ មកចោទប្រកាន់នោះទេ។ 



លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានប្រើពាក្យថា មហាអំណាចអាម៉េរិក ជួយផ្តល់យុទ្ធសាស្រ្តដល់លោកតាំងពីឆ្នាំ១៩៩៣មក ពីរបៀបផ្លាស់ប្តូរមេដឹកនាំ។ ពាក្យនេះហើយ ដែលធ្វើឲ្យលោក ត្រូវចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលមានន័យថា ការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បើពិនិត្យក្នុងក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។
 
លោក ផែង ហេង មេធាវីម្នាក់ ក្នុងចំណោមមេធាវី៤នាក់របស់លោក កឹម សុខា លើកឡើងថា តាមពិត គ្មានអង្គហេតុ ដែលតុលាការ ត្រូវយកមកចោទប្រកាន់លោក កឹម សុខា ឡើយ ពីព្រោះលោក កឹម សុខា ពុំបានប្រព្រឹត្តអំពើសន្ទិដ្ឋភាពជាមួយបរទេសនោះទេ។ លោកមេធាវី បន្តថា តុលាការ គ្រាន់តែពឹងផ្អែកលើសម្តីរបស់លោក កឹម សុខា ប៉ុណ្ណោះ ហើយយកពាក្យសម្តីនោះ មកឈ្លេចសួរ និងចោទប្រកាន់។ 
 
ប៉ុន្តែ បើទោះបីជាមានអង្គហេតុ កើតឡើងពិតមែនក្តី ក៏លោក ផែង ហេង យល់ថា តុលាការ មិនសមនឹងយកអង្គហេតុនោះ មកចោទប្រកាន់លោក កឹម សុខា ដែរ ដោយហេតុថា អង្គហេតុនោះ កើតឡើងតាំងពី១៩៩៣ ដែលមុនច្បាប់ចែងទៅទៀត។ ក្រោយចេញពីសវនាការនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកមេធាវីរូបនេះ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញយ៉ាងដូច្នេះថា៖«​ក្រមនីតិវិធី [ព្រហ្មទណ្ឌ] ក្តី ក្រមព្រហ្មទណ្ឌយើងក្តី ទើបនឹងចេញទេ មាត្រា ចែងអំពីបទសន្ទិដ្ឋភាពជាមួយបរទេសហ្នឹ [ទើបនឹងចេញទេ] អ៊ីចឹងហើយ វា ហួសពីអាជ្ញាយុកាល ហួសពីច្បាប់កំណត់»។
 
ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ២០១០។ បទសទ្ទិដ្ឋភាពជាមួយបរទេស មានចែងក្នុងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០នេះ។ អ្នកជាប់បទចោទសន្ទិដ្ឋភាពជាមួយបរទេស ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា អង្គហេតុ ដែលនាំឲ្យលោក កឹម សុខា រងការចោទប្រកាន់ គឺជាអង្គហេតុ ដែលកើតឡើងនៅពេលខាងក្រោយ ពោលគឺ កើតឡើងក្រោយច្បាប់ចែងរួចទៅហើយ។ លោក បន្ថែមថា តុលាការ មិនមែនយកអង្គហេតុក្នុងឆ្នាំ១៩៩៣ ឬអង្គហេតុមុនៗ មកចោទប្រកាន់លោក កឹម សុខា នោះទេ។ 
 
លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖«មូលហេតុ ដែលនាំឲ្យមានការចោទប្រកាន់ គឺការថ្លែងសារនៅអូស្រា្តលី ដែលបង្ហាញពីផែនការទុច្ចរិត បង្ហាញពីផែនការគប់គិតជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហើយសកម្មភាពដែលមានកន្លងមក ជាមូលដ្ឋានបន្ថែម បញ្ជាក់ថា សារហ្នឹង គឺមានធាតុផ្សំនៃបទល្មើសពិតប្រាកដពាក់ព័ន្ធបទសន្ទិដ្ឋភាព ដែលនាំឲ្យមានការចោទប្រកាន់តាមផ្លូវតុលាការ»។
 
លោក ផែង ហេង បកស្រាយបន្ថែម ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទថា ច្បាប់ មិនធាក់ថយក្រោយឡើយ។ លោក ពន្យល់ថា បើអង្គហេតុណា កើតឡើងមុនច្បាប់ គេ មិនចាត់ទុកជាបទល្មើសនោះទេ។ លោក លើកពីករណីរបស់លោក កឹម សុខា ថា ការយកអង្គហេតុពីឆ្នាំ១៩៩៣ ដែលកើតឡើងមុនច្បាប់ចែង មកចោទប្រកាន់ គឺមិនសមឡើយ។ លោក មានប្រសាសន៍ថា៖«ក្នុងគោលការណ៍នៃព្រហ្មទណ្ឌ អំពើដែលកើតមិនទាន់មានច្បាប់ មិនមែនជាបទល្មើសទេ»។ 
 
ដ្បិតអង្គហេតុ កើតឡើងតាំងឆ្នាំ១៩៩៣មក តែតុលាការ ទើបនឹងចោទប្រកាន់លោក កឹម សុខា នៅខែកញ្ញា ឆ្នាំ២០១៧។ លោក រងការចោទប្រកាន់ បន្ទាប់ពីមានវីដេអូខ្លី១ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ វីដេអូនោះ បង្ហាញពីការជួបជុំរបស់លោក ជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ 
 
ក្នុងវីដអូ លោក បរិយាយថា នៅពេលលោក ជាប់ជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតលើកទី១ កាលពីឆ្នាំ១៩៩៣ លោកជាអ្នកនយោបាយខ្មែរមុនគេ ដែលត្រូវបានអាម៉េរិកអញ្ជើញ ដើម្បីទៅឈ្វេងយល់ពីដំណើរការប្រជាធិបតេយ្យ។ លោក អះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣មក តែងទៅអាម៉េរិកម្តង ក្នុង១ឆ្នាំ។  
 
លោក ប្រាប់អ្នកគាំទ្រនៅអូស្រ្តាលីនាពេលនោះថា៖«ខ្ញុំ អត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរ៉េអាល់ ដែលអាម៉េរិក ជួលមក ដើម្បីផ្តល់មតិឲ្យខ្ញុំ ពីរបៀបជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរមេដឹកនាំ»។ 
 
គិតចាប់តាំងឆ្នាំ២០១៧ មកដល់ឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្លាយអស់រយៈពេលជាង៤ឆ្នាំហើយ។ លោក បានបន្តឡើងតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ តុលាការភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ ក្នុង១សប្តាហ៍ តុលាការភ្នំពេញ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការលើសំណុំរឿងរបស់លោក។

ក្នុងសវនាការនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមេធាវី ទទូចសុំទៅចៅក្រមម្តងទៀត ឲ្យបន្ថែមថ្ងៃ ក្នុងការបើកសវនាការ ដើម្បីអាចឲ្យសំណុំរឿងរបស់លោក កឹម សុខា ឆាប់ចប់។ ចៅក្រម ឆ្លើយថា នឹងពិចារណាលើសំណើនេះ៕ 
 

Tag:
 កឹម សុខា
  ផែង ហេង
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com