ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ព្រមានដុតរថយន្តគ្មានពន្ធ ៥០០០គ្រឿងចោល បើម្ចាស់មិនព្រមបង់ពន្ធ
24, Feb 2022 , 10:00 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ រថយន្តគ្មានពន្ធនាំចូលដែលសេសសល់នៅកម្ពុជា ប្រមាណ៥ពាន់គ្រឿងទៀត ត្រូវបានសម្តេច ហ៊ុន សែន ព្រមាននឹងយកទៅដុតចោល ប្រសិនបើម្ចាស់រថយន្តទាំងនោះ មិនព្រមបង់ពន្ធតាមការអំពាវ​នាវរបស់រដ្ឋាភិបាល។ សម្តេច បានដាក់បទបញ្ជាដាច់ខាតមួយថា  ចាប់ពីថ្ងៃទី១កក្កដា ឆ្នាំ២០២២ កម្ពុជា មិនត្រូវមានឡានអត់ពន្ធ និងឡានចង្កូតសាំ្តនៅលើផ្លូវទៀតទេ។​​

 
ក្នុងចំណោមរថយន្តគ្មានពន្ធជាង១ម៉ឺនគ្រឿង គឺមាន៥៩៩៣គ្រឿង ត្រូវបានយកមកបង់ពន្ធ ដែលផ្ដល់ចំណូលជាតិចំនួន៥១,៦០លានដុល្លារ។  ទិន្នន័យនេះ គឺគិតនៅត្រឹមថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២២។​ ដោយឡែក ចំពោះរថយន្ត​គ្មានពន្ធដែលនៅសេសសល់ប្រមាណ៥០០០គ្រឿងទៀត ត្រូវបានប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ព្រមានយកទៅដុតឬកម្ទេចចោល ប្រសិនបើម្ចាស់រថយន្តទាំងនោះ មិនព្រមមកបង់ពន្ធ។ 
 
ពីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៣ កុម្ភៈ សម្តច ហ៊ុន សែន បានព្រមានដូច្នេះ៖ «ឥឡូវ ដើម្បីកុំឱ្យវាមានឡាននៅលើផ្លូវដោយឡានស្លាកលេខក្លែងក្លាយ។ ពេលណាមួយខ្ញុំថា យកធ្វើជាគំរូដុតឡាន[គ្មានពន្ធនិងចង្កូតស្តាំ]ចោលតែម្តង។ ទោះ[ឡានហ្នឹង]ថ្លៃប៉ុណា្ណ ក៏ដុតចោលឱ្យដឹង ឱ្យរាងតែម្តង​»។​
 
ជាមួយគ្នានេះ សម្តេច បានអំពាវនាវសារជាថ្មីម្តងទៀត ដល់អ្នកដែលមិនទាន់បានបង់ពន្ធឡាន គឺសូមចេញមកបង់ពន្ធឱ្យបានត្រឹមត្រូវ។ ចំពោះការបង់ពន្ធឡាននេះ គឺអត់មានអនុគ្រោះពន្ធ១០ភាគរយទៀតទេ ព្រោះការអនុគ្រោះពន្ធនេះ បានផុតកាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១​។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ដូច្នេះ៖ «ផុតថ្ងៃអនុគ្រោះ! ពេលអ្នកឯងមកបង់ពន្ធគឺត្រូវគិតពន្ធពេញ ហើយបើថារកឃើញហើយ គឺត្រូវយកហើយ ទោះនៅក្នុងផ្ទះអ្នកណាក៏ដោយ គឺត្រូវតែយក»។​
 
សូមរម្លឹកថា​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុវត្តការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ ចាប់ពីថ្ងៃទី៩កញ្ញា ឆ្នាំ២០២១។ រថយន្តគ្មានពន្ធដែលមានវត្តមាននៅកម្ពុជា មានប្រមាណ១ម៉ឺន ដែលមានតម្លៃសរុបប្រមាណ១០០លានដុល្លារ ដែលជាចំណូលជាតិ៕ 
 

Tag:
 ពន្ធ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com