ជាតិ
សង្គមជាតិ
អាជ្ញាធរ បកស្រាយថា បុគ្គលិកណាហ្កា ទៅដេកផ្ទាល់ដីនៅក្រៅបន្ទប់ដោយខ្លួនឯង ដើម្បីទម្លាក់កំហុសឲ្យអាជ្ញាធរ
24, Feb 2022 , 1:28 pm        
រូបភាព
ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ចងមុងដេកលើស៊ីម៉ងត៍នៅក្រៅបន្ទប់ ពេលពួកគេ ត្រូវបាននាំខ្លួនទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅមណ្ឌលចត្តាឡីស័ក ដែលស្ថិតក្នុងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Khun Tharo
ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ចងមុងដេកលើស៊ីម៉ងត៍នៅក្រៅបន្ទប់ ពេលពួកគេ ត្រូវបាននាំខ្លួនទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅមណ្ឌលចត្តាឡីស័ក ដែលស្ថិតក្នុងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Khun Tharo
លើបណ្តាញសង្គម គេ បានឃើញរូបភាព ដែលបង្ហាញពីបុគ្គលិកណាហ្កាវើលដ៍ ដេកផ្ទាល់នឹងដី ឬស៊ីម៉ងត៍ នៅក្រៅបន្ទប់ ពេលពួកគេ ត្រូវបាននាំខ្លួនទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតក្នុងបរិវណសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបំភ្លឺពីរឿងនេះ។



រដ្ឋបាលរាជធានីភ្នំពេញ បរិយាយថា ពេលទៅដល់មណ្ឌលចត្តាឡីស័ក បុគ្គលិកណាហ្កាវើលដ៍៣៩ មានភាពរឹងរូស និងច្រងេងច្រងាង ដោយមិនចេញពីរថយន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បន្តថា ពេលចេញពីរថយន្ត ចូលទៅមណ្ឌចត្តាឡីស័កហើយ ពួកគេ មិនព្រមបំពេញបែបបទ ដើម្បីផ្ទៀងផ្ទាត់ជាមួយឈ្មោះចំនួន៣០០នាក់ ដែលមិនទាន់ធ្វើតេស្តរកជំងឺកូវីដ-១៩។ ពួកគេ ត្រូវតម្រូវឲ្យផ្ទៀងផ្ទាត់ឈ្មោះ ជាមួយឈ្មោះ៣០០នាក់ ដើម្បីដឹងថា ក្នុងចំណោមឈ្មោះទាំង៣០០នាក់នោះ មានឈ្មោះរបស់ពួកគេដែរឬទេ ហើយបើមាន ពួកគេ ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញ បន្ទោសពួកគេថា ពេលបំពេញបែបបទរួចហើយ ពួកគេ នៅមិនព្រមប្រគល់ឯកសារបំពេញបែបបទនោះ ឲ្យក្រុមគ្រូពេទ្យទៀត រហូតដល់យប់បន្តិច ទើបពួកគេ ព្រមប្រគល់ឲ្យ។ រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា ឈានចូលយប់ជ្រៅ ក្រុមគ្រូពេទ្យ ក៏លែងមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ឲ្យពួកគេ ទើបរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកន្លែងស្នាក់នៅ មុង ភួយ ខ្នើយ និង ម្ហូបអាហារជូនពួកគេ។

ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ពួកគេ បានរុញចោលសម្ភារៈ ដែលអាជ្ញាធរផ្តល់ជូន និងបដិសេធមិនចូលទៅស្នាក់នៅក្នុងបន្ទប់សម្រាក ហើយបែរជានាំគ្នាទៅសម្រាកផ្ទាល់ដី នៅក្រៅបន្ទប់វិញ រួចថតរូបភាពផ្សាយតាមបណ្តាញសង្គម ក្នុងចេតនាទម្លាក់កំហុសលើអាជ្ញាធរ ក៏ដូជាក្រុមគ្រូពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័ក។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ពួកគេ ថែមទាំងស្រែកឡូឡាបង្កភាពគ្មានសណ្តាប់ធ្នាប់ក្នុងមណ្ឌលចត្តាឡីស័កទៀតផង។

រដ្ឋបាលរាជធានីភ្នំពេញ សរសេរក្នុងសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«ក្នុងការឆ្លៀតឱកាសក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ មនុស្សមួយក្រុមតូច បានសន្សំចិត្តណែនាំឲ្យក្រុមបាតុករ បង្កើតឈុតឆាកល្ខោន តាមការគ្រោងទុក ហើយថតរូប សម្រាប់បង្ហោះតាមបណ្តាញសង្គម ដើម្បីបំភាន់សាធារណមតិ ដូចករណីនាំគ្នាមិនសម្រាកក្នុងបន្ទប់ ដែលរៀបចំជូន បែរជាមកសម្រាកផ្ទាល់ដី នៅខាងក្រៅបន្ទប់ទៅវិញ សម្តែងដូចជាកម្សត់វេទនា ដើម្បីឲ្យមហាជនយល់ច្រឡំថា អាជ្ញាធរមានសមត្ថកិច្ចធ្វើបាប កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញពួកគាត់»។

ក្នុងចំណោមបុគ្គលិកណាហ្កាវើលដ៍ ដែលបន្តទៅប្រមូលផ្តុំគ្នាជិតក្រុមហ៊ុនណាហ្កាវើលដ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មាន៦៤នាក់ ត្រូវបានអាជ្ញាធរ ចាប់ដាក់រថយន្តក្រុង ដឹកយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក ដែលស្ថិតក្នុងបរិវេណសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងចំណោម៦៤នាក់នោះ មាន៣៩នាក់ ត្រូវបានតម្រូវឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កសិន ដើម្បីបន្តធ្វើតេស្តរកជំងឺកូវីដ-១៩នៅពេលព្រឹក ឯអ្នកផ្សេង បានត្រឡប់ទៅផ្ទះវិញ។

បន្ទាប់មក គេ បានឃើញវីដេអូ និងរូបភាព ដែលបង្ហាញពីទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ដេកនៅលើដីនៅក្រៅបន្ទប់ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ ទិដ្ឋភាពនេះ ធ្វើឲ្យអាជ្ញាធរ រងការរិះគន់យ៉ាងដំណំពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយក្នុងនោះ មានទាំងអ្នកដែលមាននិន្នាការប្រឆាំងផងដែរ។ អ្នកខ្លះ ចាត់ទុក ថាជាការធ្វើទារុណកម្មលើបុគ្គលិកណាហ្កាវើលដ៍។

បុគ្គលិកណាហ្កាវើលដ៍ជាស្រ្តីម្នាក់ បានថតវីដេអូបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Ah Yana និងនិយាយក្នុងវីដេអូនោះថា៖«គេ ឃុំយើងទុកចោលទាំងអស់គ្នាហ្នឹងតែម្តង។ ឥឡូវម៉ោងដូចជាច្រើនដែរហើយ តែគេ អត់ទាន់មានបាយទឹកឲ្យពួកយើងទេ ហើយសូម្បីខោអាវ ដែលខាងគ្នាយើង ឲ្យបងប្អូនយកមកឲ្យ ក៏ខាងគេ អត់ឲ្យយកចូលមកឲ្យដែរ»។

លោក ឃុន ថារ៉ូ មន្រ្តីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានបង្ហោះលើគណនីហ្វេសប៊ុករបស់លោក នូវរូបបុគ្គលិកណាហ្កាវើលដ៍ ដែលចងមុងដេកលើដីនៅក្រៅបន្ទប់ ដោយភ្ជាប់ជាមួយនឹងសំណេរថា៖«រស់នៅក្នុងសង្គមតែមួយ ប្រទេសជាតិតែមួយ ជាតិសាសន៍តែមួយ មានមេដឹកនាំតែមួយ តែការអនុវត្តច្បាប់មានស្តង់ដាពីរ បង្កការឈឺចាប់ចំពោះពលរដ្ឋទន់ខ្សោយ គ្មានអំណាច ដើម្បីតែមហិច្ឆតា និង លាភសក្ការៈក្រុមបក្សពួករបស់ខ្លួន។ [...]»។ 

លុះដល់ព្រឹកឡើង គឺព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរ បានរកឃើញបុគ្គលិកណាវើលដ៍៤នាក់ ក្នុងចំណោម៣៩មាន មានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ វាយតម្លៃថា ការរកឃើញជំងឺកូវីដ-១៩លើបុគ្គលិកណាហ្កាវើលដ៍ទាំង៤នាក់នោះ បង្ហាញពីការមិនអនុវត្តវិធានការសុខាភិបាលរបស់ពួកគេ។ ស្ថិតក្រោមហេតុផលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចពិន័យ១លានរៀលក្នុងម្នាក់ៗ ពីពួកគេ។

សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បានបបួលគ្នាចេញតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍របស់ពួកគេ ចាត់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ គោលបំណងរបស់ពួកគេ គឺចង់ឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិក៣៦៥នាក់ជាគ្នារបស់ពួកគេ ដែលត្រូវបានបញ្ឈប់ពីការងារ បានចូលធ្វើការងារវិញ។ ជាមួយគ្នានេះ ការដោះលែងតំណាងរបស់ពួកគេទាំង១១នាក់ ដែលកំពុងជាប់ឃុំ ក៏ស្ថិតក្នុងការទាមទាររបស់ពួកគេដែរ។

ទាំងបុគ្គលិកណាហ្កាវើលដ៍ ទាំងរដ្ឋបាលរាជធានីភ្នំពេញ សុទ្ធតែសុំអង្វរករពីគ្នាទៅវិញទៅមក។ បុគ្គលិកណាហ្កាវើលដ៍ ទទូចសុំឲ្យអាជ្ញាធរ បញ្ឈប់ការរំខានលើការអនុវត្តសិទ្ធិរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេ ប្រមូលផ្តុំគ្នានៅក្បែរក្រុមហ៊ុនណាហ្កាវើលដ៍១ និងណាហ្កាវើលដ៍២។ ចំណែក រដ្ឋបាលរាជធានីភ្នំពេញ ទទូចសុំឲ្យបុគ្គលិកណាហ្កាវើលដ៍ សហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តច្បាប់ស្តីពីបាតុកម្មដោយសន្តិភាព និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទអូមីក្រុង៕

Tag:
 បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com