ជាតិ
សម្ដេច​ ហ៊ុន សែន ស្នើឱ្យម៉ាឡេស៊ី បង្កើនបរិមាណទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជា
24, Feb 2022 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
ភ្នំពេញ៖ សម្ដេច ហ៊ុន បានស្នើឱ្យលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួយបង្កើនការទិញអង្ករ និងផលិតផលកសិកម្មបន្ថែមពីកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសពីរ។


សម្ដេច​ ហ៊ុន សែន បានរៀបរាប់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឱ្យជំរុញអ្នកវិនិយោគ មកបោះទុនលើម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងការប្រមូលទិញអង្ករ នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅម៉ាឡេស៊ី ។
ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្ដេច ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«ខ្ញុំសូមស្នើម៉ាឡេស៊ី បង្កើនបរិមាណក្នុងការទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជា ឱ្យបានច្រើនថែមទៀត»។
 
ម៉ាទ្បេស៊ី ឈរចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា នៃចំណោមសមាជិកអាស៊ានទាំងអស់ ។ ក្នុងឆ្នាំ២០២១កន្លងមក ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុប ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។
 
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានស្នើឱ្យកម្ពុជា ជំរុញការប្រើប្រាស់ប្រេងរបស់ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងឆ្នាំ២០២៣ផងដែរ។ សម្ដេច ហ៊ុន សែន ទទួលយកសំណើរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលស្នើសុំឱ្យកម្ពុជា ជួយទិញដូងប្រេងបន្ថែមនេះ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដូងប្រេងរបស់ម៉ាឡេស៊ី ដើម្បីបញ្ជាទិញផលិតផលនេះ។ «តាមពិតទៅប្រទេសរបស់យើង បានប្រើប្រាស់ដូងប្រេងរបស់ម៉ាឡេស៊ីច្រើនរួចមកហើយ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំ៤៤២លានដុល្លារអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com