ជាតិ
សង្គមជាតិ
លោក សុខ សារឿន អតីតមេបញ្ជាការរបស់សម្តេច ហ៊ុន សែន ទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ
24, Feb 2022 , 6:29 pm        
រូបភាព
រូបថត២សន្លឹក ដែលសម្តេច ហ៊ុន សែន ថតជាមួយលោក សុខ សារឿន ត្រូវបានសម្តេច បង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីរម្លឹកអនុស្សាវរីយ។
រូបថត២សន្លឹក ដែលសម្តេច ហ៊ុន សែន ថតជាមួយលោក សុខ សារឿន ត្រូវបានសម្តេច បង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីរម្លឹកអនុស្សាវរីយ។
លោកឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតជូនទៅអ្នកស្រី សុខ លាង ជាភរិយារបស់លោក សុខ សារឿន ដើម្បីចូលរួមរំលែកទុក្ខជាមួយអ្នកស្រី និងក្រុមគ្រួសារ។

 
តាមរយៈលិខិតរំលែកទុក្ខ ចុះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានជម្រាបអ្នកស្រី សុខ លាង ថា សម្តេច និងភរិយា សោកស្តាយយ៉ាងខ្លាំងដោយគ្មានអ្វីអាចប្រៀបផ្ទឹមបាន ចំពោះមរណភាពរបស់លោក សុខ សារឿន។ សម្តេច ហ៊ុន សែន ដែលធ្លាប់ជាកូនចៅរបស់លោក សុខ សារឿន បានសរសេរក្នុងលិខិតរំលែកទុក្ខដូច្នេះថា៖«មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។ 
 
ក្នុងអំឡុងនៃការតស៊ូផ្តួលរំលំរបបខ្មែរក្រហម លោក សុខ សារឿន ធ្លាប់ជាបញ្ជាការរបស់សម្តេច ហ៊ុន សែន។ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានបង្ហោះរូបថត២សន្លឹកលើទំព័រហ្វេសប៊ុកដោយភ្ជាប់ជាមួយសំណេររម្លឹកអនុស្សាវរីយកាលពីអតីតកាលរវាងសម្តេចជាមួយលោក សុខ សារឿន។  
 
១សន្លឹក ជារូបថតសខ្មៅ ដែលសម្តេច និង លោក សុខ សារឿន ថតជាមួយគ្នាកាលនៅជាយុវជន ក្នុងឆ្នាំ១៩៧១ ដោយកាលនោះសម្តេច មានអាយុ១៩ឆ្នាំ ហើយលោក សុខ សារឿន មានអាយុ២៩ឆ្នាំ។ ក្នុងរូបថតសខ្មៅនេះ សម្តេច និង លោក សុខ សារឿន សុទ្ធតែស្ថិតក្នុងឯកសណ្ឋានកងទ័ព និងមានកាំភ្លើងសៀតចង្កេះទាំង២នាក់។ ១សន្លឹកទៀត គឺជារូបថតពណ៌ (ខូល័រ) ដែលសម្តេច និង លោក សុខ សារឿន ថតជាមួយគ្នាក្នុងជាសម័យទំនើបឆ្នាំ២០១៩ ដោយសម្តេច ឈានដល់វ័យ៦៨ឆ្នាំ ឯលោកសុខ សារឿន ឈានចូលវ័យ៧៨ឆ្នាំ។  
 
សម្តេច ហ៊ុន សែន បរិយាយតាមសំណេរលើទំព័រហ្វេសប៊ុក ដែលបង្ហោះកាលពីឆ្នាំ២០១៩ ថា ទោះសភាពការណ៍មានការប្រែប្រួលទាំងនយោបាយ សេដ្ឋកិច្ច សង្គម ឋានៈ តួនាទី វ័យ រួមទាំងរូបកាយក្តី តែចំណងមិត្តភាព និងភាពជាបងប្អូនរបស់សម្តេចជាមួយលោក សុខ សារឿន មិនបានផ្លាស់ប្តូរឡើយ។ សម្តេច បន្តថា ៤៨ឆ្នាំមុនលោក សុខ សារឿន ជាមេបញ្ជាការរបស់សម្តេច តែ៤០ឆ្នាំចុងក្រោយនេះ លោក សុខ សារឿន មានឋានៈទាបជាងសម្តេចខ្ញុំវិញម្តង។
 
«មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យស័ក្តិ ឋានៈ តួនាទី ឬទ្រព្យសម្បត្តិនោះឡើយ តែសំខាន់គឺនៅលើទឹកចិត្ត ស្រឡាញ់រាប់អានគ្នាដោយគ្មានការ
ប្រែប្រួល»។ នេះសំណេររបស់សម្តេច ហ៊ុន សែន។ 
 
ចុងបញ្ចប់នៃសំណេរនោះ សម្តេច ឆ្លៀតរម្លឹកពីប្រវត្តិស្នេហាបន្តិចថា លោក សុខ សារឿន នេះហើយ ដែលជូនសម្តេច ទៅដោះស្រាយការភ័ន្តច្រឡំររវាងសម្តេច ជាមួយអ្នកគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុកក្រូចឆ្មា គឺសម្តេច ប៊ុន រ៉ានី ក្នុងខែមិនា ឆ្នាំ១៩៧៤។ សម្តេច ប្រាប់ថា ពេលនោះហើយ ដែលជាឱកាសរបស់សម្តេច បានស្គាល់មុខសម្តេច ប៊ុន រ៉ានី ជាលើកដំបូង ហើយចាប់ចិត្តស្រឡាញ់សម្តេច ប៊ុន រ៉ានី តាំងពីពេលនោះមក និងរហូតបានក្លាយជាប្តីប្រពន្ធដល់បច្ចុប្បន្ន៕ 
 

Tag:
 សុខ សារឿន
© រក្សាសិទ្ធិដោយ thmeythmey.com