កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករប្រេស៊ីលប្រកបអាជីពនៅអ៊ុយក្រែន ដង្ហើយឱ្យអាជ្ញាធរប្រេស៊ីលសង្រ្គោះពួកគេ
25, Feb 2022 , 11:12 am        
រូបភាព
ក្រុមកីឡាករបាល់ទាត់ប្រេស៊ីលដែលប្រកបអាជីពនៅលីគប្រទេសអ៊ុយក្រែន បានអំពាវនាវដល់រដ្ឋាភិបាលពួកគេឱ្យជួយសង្គ្រោះ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។



Junior Moraes ខ្សែប្រយុទ្ធក្រុម Shakhtar Donetsk បានសរសេរលើបណ្តាញសង្គម Instagram ដើម្បីដង្ហើយសុំជំនួយពីរដ្ឋាភិបាលប្រេស៊ីល ជួយខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន ដែលប្រឈមកើតសង្គ្រាមនេះ។
 
«មិត្តភក្តិ និងក្រុមគ្រួសាររបស់យើងទាំងអស់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយយើងពេលនេះប្រៀបដូចជាអ្នកទោសនៅទីក្រុង Kyiv ហើយរង់ចាំដំណោះស្រាយដើម្បីចាកចេញ»។ នេះជាការរៀបរាប់របស់ Moraes មុនបន្ថែមថាខ្លួនកំពុងស្ថិតក្នុងសណ្ឋាគារមួយ ជាមួយកីឡាករប្រេស៊ីលរាប់សិបនាក់ រួមទាំងប្រពន្ធ និងកូន ដើម្បីសុំឱ្យអាជ្ញាធរប្រេស៊ីលទៅជួយសង្គ្រោះពួកគេ។
Shakhtar Donetsk មានកីឡាករប្រេស៊ីលជាច្រើននាក់ ខណៈដែលក្រុម Dynamo Kyiv ក៏មានកីឡាករប្រេស៊ីលម្នាក់ផងដែរ។ 
 
ជុំវិញបញ្ហានេះ ក្រសួងការបរទេសប្រេស៊ីល អះអាងថាស្ថានទូតខ្លួននៅទីក្រុង Kyiv នឹងធ្វើគ្រប់បែបយ៉ាងដើម្បីការពារពលរដ្ឋប្រេស៊ីលចំនួនជិត៥០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
យ៉ាងណាក៏ដោយ ស្ត្រី​ប្រេស៊ីលមួយក្រុមបានបង្ហាញក្តីព្រួយបារម្ភអំឡុងពេលស្ថានភាពនេះ​ថា៖ «យើង​ពិត​ជា​មាន​អារម្មណ៍​ថា ​ត្រូវ​គេ​បោះ​បង់​ចោល ​ព្រោះ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។ យើង​មិន​ដឹង​ថា​ត្រូវ​ដោះស្រាយ​ ដើម្បីគេចចេញពីស្ថានភាព​នេះ​ដោយ​របៀប​ណា​ទេ»។
 
កងកម្លាំងរុស្ស៊ីបានលុកលុយចូលប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ដែលជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មាន នៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ការវាយលុករបស់រុស្ស៊ី ថ្ងៃទី១នេះ បានសម្លាប់ជនជាតិអ៊ុយក្រែន អស់ជាង១០០នាក់ និងរបួសជិត៤០០នាក់៕
 

Tag:
 Shakhtar Donetsk
  Junior Moraes
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com