អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន៖ អ៊ុយក្រែន ត្រូវបានទុកចោលម្នាក់ឯងឱ្យប្រយុទ្ធនឹងរុស្ស៊ី
25, Feb 2022 , 4:39 pm        
រូបភាព
លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ Screenshot ពីវីដេអូចេញថ្ងៃទី២៥ ខែកុម្ភៈ
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ Screenshot ពីវីដេអូចេញថ្ងៃទី២៥ ខែកុម្ភៈ
អ៊ុយក្រែន ត្រូវបានទុកឱ្យប្រយុទ្ធជាមួយរុស្ស៊ីតែឯង។ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន អះអាងបែបនេះក្នុងសុន្ទរកថានៅថ្ងៃទី២៥ ខែកុម្ភៈ។ លោក បន្ថែមថា​ លោកបានទាក់ទងទៅមេដឹកនាំអឺរ៉ុបចំនួន២៧ ប៉ុន្តែមិនមានប្រទេសណាមួយ គាំទ្រអ៊ុយក្រែនឱ្យចូលរួមសម្ព័ន្ធយោធាណាតូឡើយ។



 
ពីរថ្ងៃក្រោយចូលអ៊ុយក្រែន រុស្ស៊ី បានបំផ្លាញប្រព័ន្ធការពារអាកាស មូលដ្ឋានយោធា និងផ្លូវយន្តហោះចុះចតរបស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បានឆ្លើយថា ខ្លួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនមានកម្ពស់ខ្ពស់ពីដីចំនួន ៧៤កន្លែង និងផ្លូវចុះចតយន្តហោះចំនួន ១១កន្លែង។
 
យ៉ាងណាមិញ ក្នុងការប៉ះទង្គិចមួយនេះ អ៊ុយក្រែនតែឯងប៉ុណ្ណោះ ត្រូវតទល់ជាមួយរុស្ស៊ី ខណៈប្រទេសលោកខាងលិច មិនបានបញ្ជូនកម្លាំងយោធាមកជួយឡើយ ពោលគឺបានត្រឹមតែដាក់សម្ពាធរុស្ស៊ី តាមរយៈទណ្ឌកម្មប៉ុណ្ណោះ។ តាមរយៈវីដេអូមួយ ចេញនៅថ្ងៃទី២៥ ខែកុម្ភៈ លោក ហ្សេលេនស្គី បានអះអាងថា មិនមានប្រទេសណាមួយជួយអ៊ុយក្រែន ក្នុងការទប់ការឈ្លានពានរបស់រុស្ស៊ីឡើយ។ 
 
«យើងត្រូវបានទុកចោលម្នាក់ឯងដើម្បីឱ្យការពាររដ្ឋរបស់យើង»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោក មិនឃើញមានប្រទេសណាមួយ ហ៊ានចូលរួមជាមួយអ៊ុយក្រែន ដើម្បីទប់ការឈ្លានពានរុស្ស៊ីឡើយ។ 
 
មេដឹកនាំទីក្រុងកៀវរូបនេះ បានបន្តថា លោកបានទាក់ទងទៅមេដឹកនាំអឺរ៉ុបចំនួន ២៧ ប៉ុន្តែមិនមានមេដឹកនាំប្រទេសណាមួយឆ្លើយតបនឹងសំណើរបស់អ៊ុយក្រែន ក្នុងការចូលរួមសម្ព័ន្ធយោធាណាតូឡើយ។ លោកប្រធានាធិបតីអ៊ុយក្រែន បន្តទៀតថា​ មិនមានប្រទេសណាមួយ ធានាសមាជិកភាពចំពោះអ៊ុយក្រែនឡើយ ព្រោះពួកគេខ្លាច។ 
 
ក្នុងវីដេអូដដែលនោះ លោក ហ្សេលេនស្គី បានបង្ហើបថា អ៊ុយក្រែន នឹងមិនខ្លាចជជែកជាមួយរុស្ស៊ីជុំវិញការធានាសន្តិសុខអ៊ុយក្រែន និងជ្រើសយកផ្លូវអព្យាក្រឹតរបស់អ៊ុយក្រែនឡើយ។ ទន្ទឹមនេះ ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ក្រុមរុស្ស៊ី បានចូលមកដល់ទីក្រុងកៀវហើយ ដោយលោក ដែលជាប្រមុខរដ្ឋអ៊ុយក្រែន គឺជាមុខសញ្ញាទីមួយរបស់ក្រុមនោះ។ 
 
ក្នុងវីដេអូទៅកាន់ប្រជាជាតិខ្លួនមួយទៀត ដែលចេញក្នុងថ្ងៃដដែល លោក ហ្សេលេនស្គី បានអះអាងថា ទណ្ឌកម្មក្នុងថ្ងៃទី២៤ ខែកុម្ភៈ មិនទាន់គ្រប់គ្រាន់ ក្នុងការបញ្ឈប់សកម្មភាពយោធារុស្ស៊ីឡើយ ដោយទ័ពបរទេសនៅតែបន្តសកម្មក្នុងដីអ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែន រូបនេះ បានប្តេជ្ញាការពារសេរីភាព និងប្រទេសរបស់ខ្លួន ដោយមានការគាំទ្រពីប្រជាជន កម្លាំងយោធា កម្លាំងការពារព្រំដែន កម្លាំងចារកិច្ច និងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ការប៉ះទង្គិចរវាងកម្លាំងទ័ពរុស្ស៊ី និងអ៊ុយក្រែន  បានផ្ទុះឡើងនៅជាយរដ្ឋធានីកៀវ។ យោធាអ៊ុយក្រែន ក៏ស្នើឱ្យប្រជាជនសហការផ្ដល់ព័ត៌មានពីដំណើររបស់សត្រូវផងដែរ។
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ រុស្ស៊ីបានបញ្ជូនកម្លាំងឆត្រយោងទៅការពាររោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅទីក្រុងChernobyl ដែលស្ថិតនៅក្បែរក្រុងកៀវ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្រិតនៃការផ្ទេរសារធាតុវិទ្យុសកម្ម គឺនៅធម្មតា។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា រុស្ស៊ី បានបំផ្លាញរចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន ១១៨កន្លែងផងដែរ។ 
 
សូមបញ្ជាក់ថា ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសបញ្ជូនទ័ព ៧០០០នាក់បន្ថែមមកអាល្លឺម៉ង់ ប៉ុន្តែលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានអះអាងថា អាម៉េរិកគ្មានបំណងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ។ ស្របពេលបញ្ជូនទ័ពចូលតំបន់ផ្តាច់ខ្លួន លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា ប្រទេសណា ដែលចង់ជ្រៀតជ្រែកក្នុងកិច្ចការអ៊ុយក្រែន នឹងប្រឈមផលវិបាក ដែលមិនធ្លាប់មានពីមុនមក៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com