ជាតិ
វត្តមានសត្វទន្សោងក្នុងសហគមន៍ព្រៃឈើប្រាំបីមុម កើនឡើងនៅឆ្នាំ២០២២
26, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ វត្តមានសត្វទន្សោងចំនួន២៨ក្បាល ត្រូវបានប្រទះឃើញតាមរយៈវីដេអូពីលើអាកាស ដែលថតដោយក្រុមការងារអង្គការសម្ព័ន្ធភាពសត្វព្រៃ នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោក សឿន ឡាយ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ឆ្នាំនេះសត្វទន្សោងមានចំនួនកើនឡើង បើធៀបឆ្នាំមុន។


 
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នបើតាមការអង្កេតរបស់សហគមន៍ រួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាដៃគូសហការ ឃើញថាវត្តមានសត្វទន្សោងមានការចំនួនច្រើន។ លោក សឿន ឡាយ លើកឡើងថា ចំនួនច្រើន ឬតិចរបស់សត្វប្រភេទនេះ ប្រជាសហគមន៍ងាយសម្គាល់ណាស់នៅ រដូវប្រាំង ខណៈពេលស្លឹកឈើភាគច្រើនជ្រុះអស់ ងាយស្រួលអង្កេត និងរាប់ចំនួនតាមហ្វូងនីមួយៗ។ 
 
«សត្វនេះវាចូលចិត្តរស់នៅជាហ្វូង ហើយជាក់ស្ដែងអាទិត្យមុន ក្រុមការងារថតបានតែនៅផ្នែកខាងលិច និងខាងត្បូងទីស្នាក់ការ ឃើញរហូតដល់២៨ក្បាល។ នេះបើថតនៅពេលខាងកើត បូករួមទាំងក្នុងចម្ការអំពៅ ចំនួននឹងមានច្រើនជាងនេះទៀត»។ នេះជាការបញ្ជាក់របស់លោក សឿន ឡាយ។ 
 
ទន្ទឹមនឹងភាពរីករាយជាមួយវត្តមាន សត្វទន្សោងកើនឡើងនេះ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម ក៏កំពុងបារម្ភថាចំណីនៅក្នុងព្រៃធម្មជាតិក្នុងសហគមន៍ អាចនឹងខ្វះ ខណៈទន្សោង និងសត្វផ្សេងទៀត ស៊ីទៅមករាល់ថ្ងៃ ជាពិសេសក្នុងរដូវប្រាំងផង។ លោក សឿន ឡាយ ពោលដូច្នេះ៖ «សត្វកើតកូនចៅកាន់តែច្រើន នោះតម្រូវការចំណីក៏កើនឡើងតាមនេះដែរ។


រូបភាព ដោយលោកទ្រីស៊ីថេង

សម្រាប់សហគមន៍គិតថា ចង់ភ្ជូរដីវាលខ្លះនៅក្នុងសហគមន៍ ដើម្បីដាំស្មៅ ដើម្បីផ្គត់ផ្គង់បន្ថែម ពីលើស្មៅធម្មជាតិ»។ នេះជាការលើកឡើង របស់លោកប្រធានសហគមន៍ព្រៃឈើប្រាំបីមុម។ 
ជុំវិញគម្រោងនៃការដាំស្មៅនេះ សហគមន៍បានជូនដំណឹង ក៏ដូចជាស្នើដល់អង្គការដៃគូហើយ និងរដ្ឋបាលព្រៃឈើ  ដើម្បីធ្វើយ៉ាងណាជួយជំរុញការថែរក្សាវត្តមាន សត្វប្រភេទកម្រ និងសត្វព្រៃឱ្យ នៅតែបន្តមានវត្តមាននៅក្នុងសហគមន៍។ 
 
ឆ្លើយបតនឹងសំណើខាងលើ អ្នកសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃបានលើកឡើងថា ចំពោះសំណើរបស់សហគមន៍ ក្រុមការងារកំពុងសិក្សា និងកំណត់តាមស្ថានភាពជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាអាចកំណត់ជាក់ប្រាកដ ពីតម្រូវការចំណីសត្វព្រៃនៅតាមរដូវនៅក្នុងព្រៃសហគមន៍។ «រឿងនេះជារឿងសំខាន់ បើកាលណាសត្វកើនឡើងហើយខ្វះចំណីនេះ ក៏ជាបញ្ហាដែរ។ ទាក់ទងសំណើរបស់សហគមន៍ ខ្ញុំជាអ្នកកាន់គម្រោងកំពុងសិក្សាថា តើសត្វអាចនឹងត្រូវការចំណីបន្ថែមប៉ុន្មាន? ក្នុងទំហំណា? នៅពេលប្រាកដពីតម្រូវការទើបយើង អាចអនុវត្តបាន។ ចំពោះថវិកាគម្រោងយើងមានហើយ តែត្រូវចាំពេលបន្តិច»។ នេះជាការបញ្ជាក់ច្បាស់ៗពី លោក ទ្រី ស៊ីថេង។ 


រូបភាព ដោយលោកទ្រីស៊ីថេង
 
ជុំវិញកំណើនទន្សោង លោក ស៊ីថេង សន្និដ្ឋានថាអាចមកពីប្រសិទ្ធនៃការរការពារ និងដោះអន្ទាក់របស់ប្រជាសហគមន៍ ទើបធ្វើឱ្យសត្វព្រៃ ក៏ដូចជាទន្សោង នៅក្នុងសហគមន៍មានសុវត្ថិភាព ឈានដល់ដំណាក់កាលនៃការកើតកូនចៅជាបន្តបន្ទាប់។
 
បច្ចុប្បន្នបើផ្អែកលើការសន្និដ្ឋានរបស់ប្រជាសហគមន៍ សត្វទន្សោងអាចមានចន្លោះពី១៣០ ទៅ១៥០ក្បាល ក្នុងឆ្នាំ២០២២។ ចំណែកឯឆ្នាំ២០២១ ទន្សោងនៅតំបន់នេះ អាចប្រមាណ១០០ក្បាល ហើយចំនួននេះអាចនឹងកើនឡើងជាបន្ត ប្រសិនបើកិច្ចការពារក្នុងសហគមន៍នៅបន្ត។ នេះជាការលើកឡើងរបស់ លោក សឿន ឡាយ។ 
 
សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រៅពីជម្រករបស់សត្វទន្សោងសហគមន៍នេះក៏ក្លាយជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងដូចជា ខ្លីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនផងដែរ៕

Tag:
 សហគមន៍ប្រាំបីមុម
  សត្វទន្សោង
© រក្សាសិទ្ធិដោយ thmeythmey.com