ជាតិ
សិស្ស៧០នាក់ ចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌពីអាជ្ញាធរជាតិព្រះវិហារ
26, Feb 2022 , 6:59 pm        
រូបភាព
រូបភាពផ្តល់ដោយលោក អ៊ុន មណីនីតា
រូបភាពផ្តល់ដោយលោក អ៊ុន មណីនីតា
សៀមរាប៖ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បានចាប់ផ្តើមកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ ដល់សិស្សនៅថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ និងសហគមន៍ដែលរស់នៅជុំវិញតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។

 
នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ លោក អ៊ុន មណីនីតា ឱ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីជួយអាជ្ញាធរជាតិព្រះវិហារ អប់រំដល់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ឱ្យយល់ដឹង ការចូលរួម និងស្គាល់ពីតម្លៃពិតនៃមរតកបេតិកភណ្ឌ។ លោកថា សហគមន៍នឹងជួយលើកិច្ចការអភិរក្សមរតកបុរាណបានច្រើន នៅពេលពួកគេយល់ដឹងពីសារប្រយោជន៍នៃមរតកទាំងនោះ។
 
លោក អ៊ុន មណីនីតា បន្តថា៖« នៅព្រះវិហារនេះ ដោយសារបុគ្គលិកអាជ្ញាធរនៅមានតិច   វិសាលភាពមរតកមានច្រើន និងរងគ្រោះច្រើន ដើម្បីជួយបានគឺសហគមន៍ មនុស្សដែលរស់នៅក្បែរបេតិកភណ្ឌ គាត់រស់នៅរាល់ថ្ងៃ មើលឃើញ បានស្គាល់ បានដឹង យើងជាអាជ្ញាធរ ចុះម្ដងម្កាល មិននៅផ្ទាល់ទេ...យើងខ្លួនយើងជាអ្នកថែរក្សា ការពារ ស្រឡាញ់វប្បធម៌ដោយខ្លួនឯង បង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យមានការចូលរួម ឱ្យស្គាល់ ចេះតម្លៃវប្បធម៌។
 
លោកបន្តទៀថា វាពិតជាមានសារសំខាន់ណាស់ នៅពេលណាដែលកូនខ្មែរបានស្គាល់នូវអ្វីពិតប្រាកដដែលជាអត្តសញ្ញាណរបស់ខ្លួន ហើយកាលណាមានមូលដ្ឋានគ្រឹះស្គាល់វប្បធម៌ ស្គាល់ជាតិច្បាស់ហើយ គឺមិនងាយនឹងមានអ្វីមកបត់បែនបានទេ។ ហើយផ្ទុយទៅវិញ ប្រសិនបើពួកគេស្ទើរចំណេះដឹងលើផ្នែកវប្បធម៌នេះ នោះនឹងឆាប់ទទួលនូវវប្បធម៌របស់គេមកដាក់ខ្លួន ជាក់ជាពុំខាន។


 
លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ក្នុងពិធីនៅថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ មានប្រសាសន៍ថា វាពិតជាសំខាន់ណាស់ ដែលត្រូវឱ្យសហគមន៍ដឹងពីមរតក វប្បធម៌ បេតិកភណ្ឌ ដែលនៅជិតពួកគេ។ លោកថា កម្មវិធីអប់រំនេះ បង្កើតឡើងក្នុងន័យបង្កើនចំណេះដឹងទៅកាន់សិស្សានុសិស្សដែលជាអ្នកជំនាន់ក្រោយ យល់ពីតម្លៃនៃមរតកទាំងឡាយដែលនៅជុំវិញពួកគេ ចេះថែរក្សា ការពារ ហើយតម្លៃនៃមរតកទាំងនោះ នឹងអាចជួយពួកគេវិញតាមរយៈវិស័យទេសចរណ៍។ 
 
តាមការលើកឡើងរបស់លោក អ៊ុន មណីនីតា កម្មវិធីអប់រំនេះនឹងបង្រៀនដល់សិស្សនៅថ្នាក់ទី៨ចំនួន២ថ្នាក់ និងថ្នាក់ទី១០ ចំនួន១ថ្នាក់ នៃសាលាមួយចំនួន មានអនុវិទ្យាល័យស្រអែម អនុវិទ្យាល័យខេមរៈតេជោ និងអនុវិទ្យាល័យតេជោស្រះក្ដុល ដែលសរុបមានសិស្សជិត៧០នាក់។ គម្រោងអប់រំនេះធ្វើឡើងរយៈពេលមួយម៉ោងក្នុងមួយសប្ដាហ៍សម្រាប់ថ្នាក់នីមួយៗ ហើយដែលគ្រោងអនុវត្តដល់បំណាច់ឆ្នាំសិក្សា២០២២នេះ។ 
 
មេរៀនសំខាន់ៗក្នុងកម្មវិធីនេះ ផ្តោតលើចំណេះដឹងពីរមណីយដ្ឋានប្រាសាទព្រះវិហារ តម្លៃបេតិកភណ្ឌ សិល្បៈនិងចម្លាក់លើប្រាសាទព្រះវិហារ និងវត្ថុសិល្បៈមួយចំនួនទៀត។ ក្នុងនោះ ក៏មានការអប់រំពីបញ្ហាបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ ព្រមទាំងកម្មវិធីលើកកម្ពស់ជីវភាពប្រជាជន រួមនិងអត្ថប្រយោជន៍ទេសចរណ៍ក្នុងរមណីយដ្ឋានព្រះវិហារ។ល៕



Tag:
 កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ
  អាជ្ញាធរជាតិព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com