ជាតិ
ក្រុងចំនួន៤ ទទួលបានពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត
26, Feb 2022 , 3:29 pm        
រូបភាព
រាជធានីភ្នំពេញ(ឆ្វេង ផ្នែកខាងលើ) រូបភាពពី ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រីហ៊ុន សែន។ ក្រុងព្រះសីហនុ(ស្ដាំ ខាងលើ) រូបភាពពីទំព័រហ្វេសប៊ុក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។ ឆ្នេរកែប នៃខេត្តកែប(ឆ្វេង ខាងក្រោម) រូបភាពពី ទំព័រហ្វេប៊ុកក្រសួងទេសចរណ៍ និង រូបតំណាងខេត្តមណ្ឌលគិរី(ស្ដាំ ខាងក្រោម) រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តមណ្ឌលគិរី។
រាជធានីភ្នំពេញ(ឆ្វេង ផ្នែកខាងលើ) រូបភាពពី ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រីហ៊ុន សែន។ ក្រុងព្រះសីហនុ(ស្ដាំ ខាងលើ) រូបភាពពីទំព័រហ្វេសប៊ុក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។ ឆ្នេរកែប នៃខេត្តកែប(ឆ្វេង ខាងក្រោម) រូបភាពពី ទំព័រហ្វេប៊ុកក្រសួងទេសចរណ៍ និង រូបតំណាងខេត្តមណ្ឌលគិរី(ស្ដាំ ខាងក្រោម) រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តមណ្ឌលគិរី។
ភ្នំពេញ៖ រាជធានីភ្នំពេញ ក្រុងកែប ក្រុងសែនមនោរម្យ និងក្រុងព្រះសីហនុ ទទួលបានពានរង្វាន់ននិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ បើតាមសម្ដី លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ការទទួលបានពានរង្វាន់នេះ ដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយ។


 
ក្រសួងបរិស្ថាន នៅថ្ងៃទី២៥កុម្ភៈ បានប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថាន និងវិញ្ញាបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់រាជធានី និងក្រុងចំនួន៤ ។ ការផ្តល់ពានរង្វាន់នេះ បន្ទាប់ពីមានការសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៦ រៀបចំដោយឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០២១។ 
 
បើតាមក្រសួងបរិស្ថាន រាជធានី និងក្រុងចំនួន៤ ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទាំងនោះរួមមាន ក្រុងកែប នៃខេត្តកែប ជាប់ជាទីក្រុងស្អាត, ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ជាប់ជាទីក្រុងដីស្អាត, រាជធានីភ្នំពេញ ជាប់ជាទីក្រុងទឹកស្អាត ខណៈក្រុងព្រះសីហនុ នៃខេត្ត​ព្រះសីហនុ​ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២១។ 


ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។
 
ការប្រគល់ពានរង្វាន់ និងទទួលបានពានរង្វាន់ននិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងបណ្ដាប្រទេសអាស៊ាន ឱ្យឈានទៅរកទៅក្រុងស្អាត និងបៃតង។
 
នាពិធីប្រគល់ពានរង្វាន់នោះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា រដ្ឋាភិបាលកម្ពុជា កំណត់យកការអភិវឌ្ឍបៃតង ជាគោលការណ៍សំខាន់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ។ 
 
គួររម្លឹកផងដែរថា ពានរង្វាន់ននិរន្តរភាពបរិស្ថានអាស៊ាន ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៨មកម្លេះ។ កន្លងមករាជធានីភ្នំពេញ, ក្រុងបាត់ដំបង, ក្រុងកែប បានទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននេះ។ ដោយឡែកខេត្ត ក្រុងសៀមរាបវិញ ធ្លាប់ទទួលបានវិញ្ញាបនបត្រទឹកស្អាតឆ្នាំ២០១៣, ក្រុងពោធិ៍សាត់ ទទួលបានវិញ្ញាបនបត្រទឹកស្អាតឆ្នាំ២០១៧ ផងដែរ៕
 

ពានរង្វាន់ទីក្រុងនិរន្តរភាពអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ រូបភាព ក្រសួងបរិស្ថាន។


Tag:
 ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com