ជាតិ
ពលរដ្ឋខ្មែរ ២៣រូប កំពុងរស់នៅអ៊ុយក្រែន ហើយមានសុវត្ថិភាព
26, Feb 2022 , 3:59 pm        
រូបភាព
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបពី AKP
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបពី AKP
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អតីតនិស្សិតខ្មែរ២៣រូប កំពុងរស់នៅប្រទេសអ៊ុយក្រែន។ បច្ចុប្បន្ន ពួកគេទាំងអស់មានសុវត្ថិភាព។

 
លោក ជុំ សុន្ទរី បានជូនដំណឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៦ កុម្ភៈថា បច្ចុប្បន្នមានអតីតនិស្សិត ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន២៣នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ បើតាមលោក សុន្ទរី ពួកគេទាំងនោះ រស់នៅជាមួយគ្រួសារនៅតំបន់ Kharkov ចំនួន៧នាក់ ,នៅ Kyiv ១១នាក់ និង នៅ Odessa ៥នាក់។ លោកបញ្ជាក់ថា អ្នកទាំង២៣រូប មានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។
 
«ថ្វីត្បិតចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេស សម្រាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ។ ទន្ទឹមនឹងនោះ ក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ ស្ដីពីស្ថានភាពរបស់រស់នៅរបស់ពលរដ្ឋខ្មែរ ។
 
បើតាមលោក សុន្ទរី មកពេលនេះការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ ដែលពលរដ្ឋខ្មែររស់នៅឡើយ។ 
 
អ្នកនាំពាក្យរូបនេះ អះអាងថា លោកបានសម្របសម្រួលជាមួយស្ថានទូតកម្ពុជានៅទីក្រុងម៉ូស្គូរួចហើយ ដោយស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពពលរដ្ឋខ្មែរទាំង២៣រូបនេះបន្ថែមទៀត។ 
 
សូមបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តាប្រទេសនានាព្រួយបារម្ភអំពីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងខ្លាំង។ ជាមួយគ្នាដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រី្ត នាពេលថ្មីៗនេះក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនផងដែរ៕
 

Tag:
 ពលរដ្ឋនៅអ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com