ជាតិ
មើមខ្ជាយខ្មៅ ជាឱសថជួយសុខភាព និងមានតម្លៃខ្ពស់
27, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ ត្រូវបានពលរដ្ឋក្នុងសហគមន៍តំបន់ធម្មជាតិព្រៃធំអន្លង់ធំ ក្នុងខេត្តសៀមរាប នាំគ្នាដាំដើម្បីជួយសម្រួលជីវភាពគ្រួសារ ធ្វើជាឱសថ ឬភេសជ្ជៈ ដើម្បីជួយសម្រួលសុខភាព។ បច្ចុប្បន្នរុក្ខជាតិប្រភេទនេះមានអ្នកដាំច្រើនគួរសម និងមានតម្លៃចន្លោះពី១២ ០០០ ទៅ ២២ ០០០រៀលក្នុងមួយគីឡូក្រាម។

 
«ខ្ជាយខ្មៅ» ឬប្រទាលថ្លើមឆ្កែ មានដើមប្រហាក់ប្រហែលនឹងដើមខ្ជាយ។ មើមវាមានសណ្ឋានដូចនឹងមើមខ្ញី ប៉ុន្ដែសាច់វាមានពណ៌ឈាមជ្រូក ខុសដាច់ពីសាច់ខ្ញី។ ចំណែកឯ រសជាតិក៏មិនដូចគ្នាដែរ។ លោក វ៉ាន់ រឿយ ជាប្រធានសហគមន៍បណ្ដាញសហគមន៍ទាំងប្រាំនៃឧទ្យានជាតិភ្នំគូលែន បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ខ្ជាយខ្មៅជារុក្ខជាតិមួយប្រភេទ ដែលត្រូវបានចាត់ទុកជាឱសថប្រើនៅតាមតំបន់ និងអាចរកបាននៅតាមព្រៃធម្មជាតិមួយចំនួនក្នុងខេត្តសៀមរាប។ បច្ចុប្បន្នរុក្ខជាតិប្រភេទនេះ ត្រូវបានពលរដ្ឋយកមកដាំតាមភូមិ និងមានឈ្មួញទិញដល់ទីកន្លែង ដើម្បីយកទៅច្នៃធ្វើជាភេជ្ជៈ និងឱសថលក់នៅលើទីផ្សារ។ 


ដើមខ្ជាយខ្នៅ រូបភាពដោយ លោកវ៉ាត់ រឿយ
 
លោកបន្ថែមទៀតថា សព្វថ្ងៃពលរដ្ឋនៅក្នុងភូមិស្រុកមួយចំនួនក្នុងខេត្តសៀមរាប នៅតែបន្តប្រើប្រាស់រុក្ខជាតិប្រភេទនេះ នៅក្នុងជីវភាពប្រចាំថ្ងៃនៅឡើយ។ « មើមខ្ជាយខ្មៅនេះពលរដ្ឋនៅតែប្រើហ្នឹង។ អ្នកខ្លះគេផ្សំធ្វើថ្នាំ និងឱសថបែបបុរាណ មានអ្នកខ្លះយកវាទៅត្រាំស្រា យកបុកធ្វើនេះធ្វើនោះ និងមានអ្នកខ្លះទៀត យកចិតឱ្យស្ដើងយកហាលឱ្យស្ងួតសម្រាប់ធ្វើតែទុកឆុងហូប ដូចជាតែដែរហ្នឹង។ បើសួរថាតើវាអាចយកទៅធ្វើអ្វីបានខ្លះ ខ្ញុំក៏មិនដឹងទាំងអស់ដែរ គឺវាអាស្រ័យតាមតំបន់ និងការផ្សំច្នៃបន្ថែមរបស់អ្នកចេះ»។ នេះជាការបញ្ជាក់របស់លោក រឿយ។ 
 
បើតាមលោក រឿយ បានបញ្ជាក់ថា សម្រាប់អ្នកភូមិរបស់លោករុក្ខជាតិប្រភេទនេះភាគច្រើនគេយកប្រើមើម ចំណែកឯដើមនិងស្លឹកវា គេមិនប្រើឡើយ។ លោក វ៉ាន់ រឿយ អះអាងដូច្នេះ៖
 « ពីដើមមកខ្ញុំដឹងត្រឹមថា គេប្រើមើមរបស់វា។ តែដើមនិងស្លឹកខ្ញុំមិនដែលដឹងថាគេយកធ្វើអ្វីទេ ស្លក៏មិនបាន ធ្វើអ្វីក៏មិនកើត ណាមួយទៀត កន្លងមកមិនធ្លាប់បានសាកច្នៃធ្វើអ្វីសោះ»។ 
 
អ្នកស្រី សរ សុឃា ជាអ្នកដាំដំណាំខ្ជាយខ្មៅមួយរូប នៅភូមិអន្លង់ធំ ខេត្តសៀមរាប បានឱ្យដឹង ថា ខ្ជាយខ្មៅជារុក្ខជាតិព្រៃមួយប្រភេទមិនងាយស្រួលដាំប៉ុន្មានទេ ដោយសារវាត្រូវការទីតាំងដែលមានសីតុណ្ហភាពល្មម មិនក្ដៅហើយក៏មិនត្រជាក់ពេក។ អ្នកស្រី សុឃា ពន្យល់បន្ថែមដូច្នេះ៖ «បើកាលណាយើងដាំក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ខ្ជាយខ្មៅមិនសូវលូតលាស់ទេ ប៉ុន្ដែបើដាំនៅកន្លែងដែលត្រជាក់ ឬម្លប់ពេកវាល្អ តែដើម ប៉ុន្ដែមិនសូវមានមើម»។ 


រូបភាព​ក្រសួងបរិស្ថាន
 
កសិកររូបនេះ បានបញ្ជាក់ថាខ្ជាយប្រភេទនេះនៅរដូវប្រមូលផល តម្លៃរបស់វាលក់បានចន្លោះពី១ម៉ឺន៤ពាន់រៀល ទៅ១ម៉ឺន៦ពាន់រៀល និងនៅរដូវចុះដាំវាអាចនឹងឡើងពី២ម៉ឺនទៅ២ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។ 
 
ប្រធានសហគមន៍បានបញ្ជាក់ថា នៅឆ្នាំ២០១៨ មើមខ្ជាយខ្មៅ មិនសូវមានអ្នកចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់វាទេ ប៉ុន្ដែបន្ទាប់ពីមានក្រុមហ៊ុន និងអង្គការយករុក្ខជាតិនេះទៅកែច្នៃជាឱសថ និងភេសជ្ជៈ ទើបមានអ្នកចាប់ផ្ដើមចាប់អារម្មណ៍ដាំកាន់តែច្រើន ដែលធ្វើឱ្យមានអ្នកស្គាល់ជាបន្តបន្ទាប់ រីឯតម្លែលក់បានថ្លៃគួរសមដែរ៕  


រូបភាពដោយក្រសួងបរិស្ថា


Tag:
 ខ្ជាយខ្មៅ
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com