ជាតិ
លើសពីផ្ដល់ចំណូលចូលជាតិ, រមណីយដ្ឋានអង្គរ ចិញ្ចឹមអ្នករកស៊ីក្រៅប្រព័ន្ធបន្តជំនាន់
27, Feb 2022 , 9:19 am        
រូបភាព
ដោយ:
​ប្រជាជនមួយចំនួនធំរស់នៅក្នុងខេត្តសៀមរាបបានពឹងផ្អែកចំណូលពីរមណីយដ្ឋានអង្គរ តាមរយៈការងារក្នុងវិស័យទេសចរណ៍។ អ្នកនៅតំបន់អង្គរមួយចំនួន មិនត្រឹមតែមានមោទកភាព ដែលបានរស់នៅក្បែរប្រាសាទនោះទេតែពួកគេដឹងគុណបុព្វបុរសខ្មែរ ដែលបន្សល់ទុកប្រាសាទដល់កូនចៅជំនាន់ក្រោយ។ កេរដូនតានេះអាចឱ្យពួកគេរកចំណូលចញ្ចឹមគ្រួសារមកទល់បច្ចុប្បន្ន។

 
ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា។ ប្រជាជនក្នុងខេត្តនោះ ភាគច្រើនប្រកបរបរក្នុងវិស័យទេសចរណ៍ដូចជាមគ្គទេសក៍ទេសចរណ៍ អ្នកថតរូប លក់របស់អនុស្សាវរីយ៍ និងអ្នកដឹកជញ្ជូន នៅក្នុងរមណីយដ្ឋានអង្គរ។ការងារនេះ អាចឱ្យពួកគេរកចំណូលបានជាមធ្យមសម្រាប់ផ្គត់ផ្គង់គ្រួសារ។
 
លោក ខៀវ ធី​ បានចូលបម្រើការជាមគ្គទេសក៍ទេសចរណ៍ភាសាអង់គ្លេស នៅខេត្តសៀមរាបជិត៣ទសវត្សរ៍មកហើយ។ ការងារនេះបានផ្ដល់ចំណូលឱ្យលោក ចិញ្ចឹមគ្រួសារដែលមានកូន ៣នាក់ បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ បើទោះលោកមិនអាចក្លាយជាអ្នកមាន តែលោក ខៀវ ធី ពិតជាមានមោទកភាពដែលបានធ្វើមគ្គទេសក៍ទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ 


លោក ខៀវ ធី ​មគ្គទ្ទេសក៍ទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ
 
តាមរយៈការងារជាមគ្គទេសក៍ទេសចរនៅរមណីយដ្ឋានអង្គរ លោក ខៀវ ធី រកចំណូលបានប្រមាណ ២០ម៉ឺនរៀលក្នុងមួយថ្ងៃ មុនពេលមានជំងឺកូវីដ-១៩។
ចំណូលនេះ អាចឱ្យលោក និងគ្រួសាររស់នៅក្នុងជីវភាពមធ្យមមួយ។ បច្ចុប្បន្ន ទោះមានការរីករាលនៃជំងឺកូវីដ-១៩លោកមិនអាចរកចំណូលបានច្រើនដូចមុនពីការងារនេះ តែលោកនៅបន្តរកចំណូលពីរមណីយដ្ឋានអង្គរតាមរយៈការថតវីដេអូផ្សព្វផ្សាយពីប្រាសាទលើបណ្ដាញសង្គម Youtube ។
 
បុរសវ័យ៦២ឆ្នាំរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ« ​ប្រាសាទមានអត្ថន័យធំធេងណាស់ចំពោះប្រជាជនខ្មែរយើង។
រហូតដល់យើងយកប្រាសាទអង្គរវត្តដាក់ក្នុងទង់ជាតិរបស់យើង។មគ្គទេសក៍ទេសចរស្រឡាញ់បេតិកភណ្ឌ ទើបយើងចង់ចូលរួមផ្សព្វផ្សាយប្រាសាទទៅបរទេស។
ការងារជាមគ្គទ្ទេសក៍ទេសចរ មិនអាចឱ្យយើងក្លាយជាអ្នកមានទេ ។ តែយើងអរគុណបុព្វបុរសដែលបានកសាងប្រាសាទ ហើយអាចឱ្យយើងរកចំណូលចិញ្ចឹមកូនចៅបាន »។
 
ក្រោយប្រឡូងការងារជាមួយប្រាសាទតាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន​ លោក ខៀវ ធី​ មិនចង់ប្ដូរការងារទៅធ្វើអ្វីផ្សេងដែលឆ្ងាយពីរមណីយដ្ឋានអង្គរនោះទេ ។ បុរសរូបនេះ​សុខចិត្តរស់នៅពឹងលើរបរតូចតាចនៅជុំវិញប្រាសាទដើម្បីឱ្យលោកអាចចូលរួមថែបេតិកភណ្ឌខ្មែរ ។


លោក ឆ្លង សាវិន អ្នកថតរូបនៅរមណីយដ្ឋានអង្គរ
 
ចំណែកលោកឆ្លង សាវិន ចាប់ផ្ដើមរបរជាជាងថតរូបនៅរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៧ដោយទទួលបានចំណូលភាគច្រើនពីភ្ញៀវទេសចរអន្តរជាតិ ដូចជាចិន និងវៀតណាមជាដើម។ បុរសរូបនេះតែងថតរូបឱ្យទេសចរ នៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប។ ការងារនេះអាចឱ្យលោកទទួលបានចំណូលល្អប្រសើរជាង ធ្វើការសំណង់ដែលធ្វើឱ្យលោកមានលទ្ធភាពចិញ្ចឹមគ្រួសារ និងកូនក្នុងបន្ទុកបាន។
 
« ថតរូបឱ្យទេសចរនៅប្រាសាទថ្ងៃខ្លះបាន៥ម៉ឺន ថ្ងៃខ្លះ ៦ម៉ឺន ថ្ងៃខ្លះក៏អត់ដែរ។ ប៉ុន្តែវាងាយស្រួលជាងធ្វើការសំណង់ព្រោះអត់មានអ្នកណាថាឱ្យយើង។ ពេលភ្ញៀវហៅទៅថត យើងទៅតាមប្រាសាទផ្សេងៗ នៅសៀមរាបនេះយើងក៏ទទួលបានចំណូលពីការថតនេះ។ មុខរបរនេះសំខាន់ណាស់សម្រាប់ខ្ញុំ»។ នេះជាការរៀបរាប់របស់លោក ឆ្លង សាវិន។
 
ជាអ្នកខេត្តសៀមរាបស្រាប់ លោក ឆ្លង សាវិន ពិតជាសប្បាយចិត្តពន់ពេក​ ដែលដូនតាខ្មែរបានបន្សល់ប្រាសាទជាច្រើនក្នុងខេត្តសៀមរាប ដែលធ្វើឱ្យលោកអាចចិញ្ចឹមគ្រួសារ តាមរយៈការប្រកបរបរជុំវិញប្រាសាទនេះ។ លោកក៏បានអំពាវនាវឱ្យប្រជាជនខ្មែររួមគ្នាថែរក្សាប្រាសាទនានា ក្នុងខេត្តសៀមរាប និងតំបន់ផ្សេងទៀត ព្រោះប្រាសាទទាំងនោះអាចផ្ដល់ចំណូលឱ្យប្រជាជនក្នុងតំបន់ និងផ្ដល់ចំណូលដល់ជាតិ។
 
ក្រៅពីផ្ដល់ចំណូលដោយផ្ទាល់ដល់ប្រជាជនក្នុងតំបន់រមណីយដ្ឋានអង្គរជាផ្នែកមួយជំរុញសេដ្ឋកិច្ជជាតិជារៀងរាល់ឆ្នាំ។ជាក់ស្ដែងកាលពីឆ្នាំ​ ២០២០ ដែលជាដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ដំបូងតែកម្ពុជាទទួលបានចំណូលប្រមាណ ១៨លានដុល្លារអាម៉េរិក ពីភ្ញៀវទេសចរបរទេសជាង៤០ម៉ឺននាក់ ពីការលក់សំបុត្រក្នុងរមណីយដ្ឋានអង្គរ ។
 
ជាមួយគ្នានេះដែរលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានThmeyThmey25កន្លងមកថា ក្រុងអង្គរបានទាក់ទាញភ្ញៀវទេសចរជាច្រើនដែលជាផ្នែកមួយជំរុញវិស័យទេសចរណ៍កម្ពុជា។រមណីយដ្ឋានអង្គរបានផ្ដល់មុខរបរការងារដល់ប្រជាជនមូលដ្ឋានហើយជាក៏ជាផ្នែកមួយរកថវិកាសម្រាប់ជួយសេដ្ឋកិច្ចជាតិ។


 លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
 
លោក ឡុងកុសល បញ្ជាក់ដូច្នេះ៖ « ចំណូលសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍តាមរយៈសេវាកម្មផ្សេងៗ ដែលមានអង្គរ និងមានតំបន់ប្រាសាទជាស្នូលនេះ បានបង្កើនឱកាសបង្កើនមុខរបរ បង្កើនការងារ និងបង្កើនប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិ។វិស័យទេសចរណ៍បានដើរតួសំខាន់ ប្រហែល១៣ភាគរយ ក្នុងផលិតផលក្នុងស្រុកជារៀងរាល់ឆ្នាំ។
 
ចំណូលនេះ មិនត្រឹមតែក្នុងខេត្តសៀមរាបទាំងមូលទេប៉ុន្តែចំណូលនេះកើននៅទូទាំងប្រទេសផងដែរ។ ភ្ញៀវទេសចរណ៍បរទេស មិនទៅតែសៀមរាបទេគេនឹងទៅទីកន្លែងផ្សេងៗទៀត »។
 
សូមបញ្ជាក់ថាកម្ពុជា បានដាក់បញ្ចូលរមណីយដ្ឋានអង្គរ ដែលមានប្រាសាទ និងបុរាណដ្ឋានជាច្រើនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕
 
 

Tag:
 រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com