ជាតិ
នគរបាលឃាត់ខ្លួនបុរសម្នាក់ដែលលួចគម្របរីហ្គែលូលើផ្លូវ៣៨ខ្សែ
27, Feb 2022 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ កម្លាំងអធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួច គម្របរីហ្គែលូ ធ្វើពីសំណរបាហាំង លើផ្លូវ៣៨ខ្សែ ដែលទើបស្ថាបនារួច។

 
តាមព័ត៌មានដែលផ្សាយដោយអធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យខាងលើ ជាអ្នករើសអេតចាយ រស់នៅក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុង ចាប់ខ្លួននៅម៉ោងជិត៣ភ្លឺ ថ្ងៃទី២៥ កុម្ភៈ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខណៈដែលកម្លាំងល្បាត ប្រទះឃើញបុរសរូបនេះ កំពុងព្យាយាមដោះគម្របរីហ្គែលូ។ 
 
ក្រោយចាប់ខ្លួនបុរសរូបនេះ បានសារភាពថា ខ្លួនធ្លាប់បានលួចដោះគម្របរីហ្គែលូ នៅតំបន់ភូមិទ្រាំង ហើយរវាងខែមករា និងខែកុម្ភៈកន្លងទៅ ក៏ធ្លាប់លួចនៅតំបន់ផ្លូវមាត់ស្ទឹង ចំនួន៥លើក ដែលសរុប បាន ១៣គម្រប។ ជនសង្ស័យបន្តថា ខ្លួនបានយកគម្របរីហ្គែនោះទៅលក់នៅកន្លែងលក់អេតចាយ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ក្នុងមួយគីឡូក្រាមតម្លៃ ១,៥០០រៀល ហើយមិនចាំទឹកប្រាក់សរុបបានប៉ុន្មានទេ ព្រោះពេលបានប្រាក់ ខ្លួនគេយកទៅទិញថ្នាំជក់ និងចាយវាយអស់។
 
កម្លាំងនគរបាល បាននាំជនងសង្ស័យទៅចង្អុលកន្លែងលាក់ទុកម៉ូទ័រកាត់ដែក ព្រមទាំងដកហូតវត្ថុតាងមាន ម៉ូតូ១គ្រឿង រ៉ឺម៉ក១គ្រឿង ដែកពុម្ព ម៉ូទ័រកាត់ដែក១គ្រឿង ព្រមទាំងសោដោះគម្របលូមួយចំនួនទៀត។ បុរសរូបនេះ ក៏រកឃើញថាមានប្រើសារញៀនក្នុងខ្លួនផងដែរ។ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com