ជាតិ
អ្នកជំងឺរបេងចែករំលែកបទពិសោធន៍ ខណៈជំងឺនេះបន្តយីយាសុខភាពពលរដ្ឋ
27, Feb 2022 , 3:59 pm        
រូបភាព
សេវាផ្តល់ថ្នាំព្យាបាលជំងឺរបេងនៅមណ្ឌលសុខភាព សំបួរ ក្រុងសៀមរាប។
សេវាផ្តល់ថ្នាំព្យាបាលជំងឺរបេងនៅមណ្ឌលសុខភាព សំបួរ ក្រុងសៀមរាប។
សៀមរាប៖ ជំងឺរបេង នៅតែជាជំងឺដ៏គ្រោះថ្នាក់មួយសម្រាប់ពិភពលោក ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ និងមិនអាចធ្វេសប្រហែសបាន។ ខណៈដែលពិភពលោក មានកម្ពុជាផង កំពុងជាប់ដៃប្រយុទ្ធជាមួយជំងឺកូវីដ-១៩ មេរោគរបេង មិនបង្គន់កម្លាំងក្នុងការឆ្លៀតឱកាស រុករានដល់សុខភាពសង្គម និងបានសំងំព្យាយាមឆក់យកអាយុជីវិតប្រជាជនស្លូតត្រង់ជាច្រើន ដោយមិនញញើតឡើយ។

 
លោក រួន សារិន មានអាការក្អកជាខ្លាំង និងឆាប់ហត់ មុនគ្រូពេទ្យរកឃើញថាលោកកើតជំងឺរបេងនៅក្នុងខែ តុលា ឆ្នាំទៅមិញ។ អ្នកជំងឺវ័យ ៣៨ឆ្នាំ រូបនេះ មានអាការរលាកសួត បន្ទាប់មកមេរោគរបេងបានស៊ីសួតផ្នែកខាងឆ្វេងអស់បន្ដិច មុននឹងបញ្ជូនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ 
 
ក្រោយសម្រាកក្នុងពេទ្យជិតមួយសប្ដាហ៍ គ្រូពេទ្យអនុញ្ញាតឱ្យលោក សារិន ត្រឡប់ទៅផ្ទះ ដោយឱ្យបើកថ្នាំរបេងនៅមណ្ឌលសុខភាពលេបជាប្រចាំរយៈពេល៦ខែ។ លោករំឭកថា៖« កាលឈឺធ្ងន់គេងនៅពេទ្យ គ្រាន់តែនោម និងអាចម៍ ក៏ហត់ដែរ»។
 
លោក រួន សារិន អ្នកជំងឺរបេង និងបានធូរស្បើយជំងឺច្រើន ក្រោយលេបថ្នាំព្យបាលមួយរយៈ។ 
 
ជំងឺរបេង គឺជាប្រភេទជំងឺឆ្លង និងកាចសាហាវក្នុងចំណោមជំងឺទាំង១០ ដែលចាត់ថ្នាក់ថា ជាឃាតករលាក់មុខសម្លាប់ប្រជាជនច្រើន ជារៀងរាល់ឆ្នាំ។ យោងតាមអង្គការសុខភាពពិភពលោក រាល់ឆ្នាំមានមនុស្ស ១,៥លាននាក់ លើពិភពលោក បានស្លាប់ដោយសារជំងឺមួយនេះ។
 
ការស្រាវជ្រាវបានរកឃើញថា អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ នេះ អ្នកជំងឺរបេងខ្លះបានសំងំ មិនទាន់ទទួលបានសេវាព្យាបាលឡើយ ដែលប្រការនេះ ធ្វើឱ្យស្ថានភាពជំងឺវិវត្តន៍ធ្ងន់ធ្ងរ និងអាចចម្លងទៅសមាជិកគ្រួសារពួកគេ។ 
 
តាមការប៉ាន់ស្មានក្នុងរបាយការណ៍សាកលស្ដីពីជំងឺរបេងរបស់អង្គការសុខភាពពិភពលោក ដែលផ្សព្វផ្សាយក្នុងឆ្នាំ២០២១ បង្ហាញថា កម្ពុជាមានអ្នកឈឺដោយសាររោគរបេងសរុប ៤៦,០០០នាក់ កាលពីឆ្នាំ២០២០ តែការស្រាវជ្រាវជាក់ស្ដែងរកឃើញត្រឹម ជិត៣ម៉ឺនករណីប៉ុណ្ណោះ។  របាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ការស្រាវជ្រាវករណីរបេងរយៈពេល៦ខែ ដើមឆ្នាំ ២០២១ បន្តធ្លាក់ចុះទៀត គឺមានត្រឹមជាង១០,២១១ករណី ក្នុងផែនការសរុប ១៥,៩៦១ ករណី។ ចំនួននេះ វាខុសគ្នាពីចំនួន ការផ្តល់សេវាព្យាបាលបង្ការជំងឺរបេងដល់ក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកជំងឺរបេង ដែលកើតឡើង ១៥៤ ភាគរយ ធៀបនឹងផែនការនារយៈពេល៦ខែ។ 
 
ករណីរាយការណ៍ពីការធ្លាក់ចុះនមៃការឆ្លងជំងឺរបេងកាលពីឆ្នាំទៅនេះហើយ ដែលធ្វើឱ្យកម្ពុជាចាកចេញពីប្រទេសទាំង៣០ ដែលឆ្លងជំងឺនេះច្រើនជាងគេ និងជាប្រទេសមួយក្នុងចំណោមប្រទេសតែបីប៉ុណ្ណោះ (កម្ពុជា រុស្ស៊ី និងស៊ីមបាវ៉េ) នៃបញ្ជីឃ្លាំមើលជំងឺរបេងសាកល ដែលសម្រេចបានគោលដៅ ២០២០ នៃការកាត់បន្ថយអត្រាឈឺដោយសារជំងឺរបេង ២០ភាគរយ នៃយុទ្ធសាស្រ្ដបញ្ចប់ជំងឺរបេងសម្រាប់ឆ្នាំ ២០១៥-២០២០។ 
 
នាយកប្រតិបត្តិការអង្គការខាណា (KHANA) លោក ជួប សុខចំរើន  លើកត្រង់ចំណុចនេះថា  ពិតជាមានការព្រួយបារម្ភ ខណៈដែលការស្រាវជ្រាវរកករណីរបេងជួបឧបសគ្គ អំឡុងពេលជំងឺកូវីដ១៩ រាតត្បាត។ លោកពន្យល់យ៉ាងដូច្នេះថា៖« នៅមានប្រជាពលរដ្ឋប្រមាណ ៣០ភាគរយ ផ្សេងទៀតដែលឈឺដោយសារជំងឺរបេង នៅមិនទាន់មកទទួលសេវា បើទោះបីជាសេវាធ្វើតេស្ដ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលមាននៅតាមមូលដ្ឋានសុខាភិបាល មិនតម្រូវឱ្យមានការបង់ប្រាក់ក៏ឡើយ»។ 
 
អ្នកជំនាញសុខភាពផ្នែកជំងឺរបេងរូបនេះពន្យល់ទៀតថា បញ្ហាទាំងនេះបានធ្វើឱ្យអ្នកជំងឺរបេងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចបន្តចម្លងទៅសមាជិកគ្រួសារពួកគេ និងសហគមន៍ ដោយមិនដឹងខ្លួន។  លោក ជួប សុខចំរើន បន្ថែមថា ដ្បិតជាជំងឺឆ្លង តែរបេងអាចបង្ការ ព្យាបាលជាសះស្បើយបាន តែវាក៏ជាជំងឺដែលសម្លាប់មនុស្ស ១,៥លាននាក់ជារៀងរាល់ឆ្នាំ  រៀងរាល់ថ្ងៃប្រហែល៣ម៉ឺននាក់ ដែលធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ និងមានអ្នកស្លាប់ ៤,៥០០នាក់ នៅលើសាកលលោក។ 
 
ប្រធានមណ្ឌលសុខភាព ក្របីរៀល លោក អេង សុវណ្ណឌី ក៏កត់សម្គាល់ឃើញថា ពេលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំងក្នុងក្រុងសៀមរាប មានពលរដ្ឋខ្លះក្នុងមូលដ្ឋានលោក បោះបង់ការទៅទទួលសេវាពិនិត្យរកមេរោគរបេងផងដែរ ដោយបារម្ភខ្លាចគេយកពួកគេទៅដាក់តាមមណ្ឌលចត្តាឡីស័ក ក្នុងករណីអាការជំងឺស្រដៀងគ្នាខ្លាំង ជាមួយជំងឺកូវីដ១៩។ លោក សុវណ្ណឌី ប្រាប់ថា៖« យើងបានចុះផ្សព្វផ្សាយ និងពន្យល់គាត់ថា រោគសញ្ញាជំងឺរបេង និងកូវីដ ស្រដៀងគ្នាដែរ តែបើចេះតែខ្លាចមិនហ៊ានទៅពិនិត្យហ្នឹង វាមិនកើតទេ យើងត្រូវតែមើល ការសំងំអាចឆ្លងដល់សមាជិកគ្រួសារយើង»។ 
 
យ៉ាងណា ប្រធានមណ្ឌលសុខភាព និងជាអ្នកអប់រំ ផ្សព្វផ្សាយ ជំងឺរបេងក្នុងសហគមន៍រូបនេះប្រាប់ថា ករណីសំងំមានតិចណាស់ ព្រោះថា ជំងឺនេះហាក់ថមថយទៅហើយ និងពុំសូវរកឃើញករណីថ្មីៗច្រើនទេ។ លោក អេង សុវណ្ណឌី លើកឡើងដូច្នេះ ក្រោយទើបរួចរាល់ពីការងារចុះអប់រំ យាយតានៅវត្តព្រែកផ្ដៅ ក្នុងសង្កាត់ក្របីរៀល  នាព្រឹកថ្ងៃទី២៤ កុម្ភៈ។ ដ្បិតជាថ្ងៃសីល យាយតា ជួបជុំគ្នាច្រើន ជាឱកាសល្អសម្រាប់មន្រ្តីសុខាភិបាលរូបនេះ អប់រំ ផ្សព្វផ្សាយ ជំងឺរបេង លើកទឹកចិត្តយាយតាដែលមានអាការសង្ស័យ និងបានយកកំហាកមនុស្ស៥នាក់ក្នុងចំណោម៣០នាក់ ទៅពិនិត្យមេរោគរបេងផងដែរ។  តាមសហគមន៍ ក្រុមការងាររបស់លោក អេង សុវណ្ណឌី បានចុះផ្សព្វផ្សាយច្រើនដែរ ហើយពលរដ្ឋភាគច្រើនសុទ្ធតែយល់ពីបញ្ហានេះ។
 
តំណាងអ្នកជំងឺរបេងក្នុងខេត្តសៀមរាប អ្នកស្រី ញ៉ក់ កង ធ្លាប់បានចុះអប់រំដល់ពលរដ្ឋឱ្យយល់ពីបញ្ហានេះដែរ។ ជាសមាជិកបណ្ដាញផ្សព្វផ្សាយជំងឺរបេងក្នុងខេត្តសៀមរាបមួយរូប អ្នកស្រីព្យាយាមប្រាប់ពលរដ្ឋដែលសង្ស័យ ឱ្យប្រញាប់ទៅតេស្ដមេរោគរបេង ដើម្បកុំឱ្យមានហានិភ័យឆ្លងទៅសមាជិកគ្រួសារ។ 
 
អ្នកស្រុកប្រាសាទបាគងរូបនេះ រៀបរាប់ថា៖« ពេលយើងទទួលព័ត៌មានពីអ្នកភូមិ ថាមានអ្នកខ្លះសង្ស័យមិនព្រមទៅពេទ្យ ព្រោះបារម្ភថាក្អកអីនេះ ខ្លាចគេតេស្ដកូវីដ តែជាក់ស្ដែងពេលចុះទៅជួបគាត់ផ្ទាល់ ណែនាំ អ្វីជាកូវីដ និងអ្វីជារបេង បានជាគាត់ព្រមទៅជាមួយ [តេស្ដរោគរបេង]»។
 
ការលេបថ្នាំរយៈពេល៦ខែ អាចព្យាបាលជាសះស្បើយ
 
របេង មិនមែនជាជំងឺតពូជ ជាជំងឺដែលអាចបង្ការ និងព្យាបាលជាសះស្បើយ។ តាមការស្រាវជ្រាវបង្ហាញថា ប្រហែល ៨៥ភាគរយ នៃអ្នកជំងឺរបេង អាចព្យាបាលជាដោយថ្នាំព្យាបាល ដែលមានរយៈពេល៦ខែ។
 
រោគសញ្ញាសម្គាល់នៃជំងឺនេះ គឺក្អកចាប់ពី២សប្ដាហ៍ ស្រកទម្ងន់ បើកញើសស្អិត ក្ដៅស្រៀវស្រាញនៅពេលរសៀលឬយប់ មានឡើងកូនកណ្ដុរសម្រាប់កូនក្មេង។ល។
 
ពាក់អាវវាលក្លៀក បញ្ចេញសាច់រៀងស្លេកស្លាំងបន្ដិច លោក រួន សារិន បានធូរស្រាលច្រើនពីជំងឺរបេង ដែលចាប់ផ្តើមចូលមកខ្លួនលោកកាលពីចុងឆ្នាំ២០២១មក។ ក្នុងសំដីមួយៗ និងច្បាស់ អ្នកជំងឺរូបនេះប្រាប់ថា បានធូរស្រាលពីជំងឺរបេងប្រហែល ៧០ភាគរយ បន្ទាប់ពីលេបថ្នាំរបេងជាទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ។ 
 
សព្វថ្ងៃ លោក សារិន អាចជួយការងារអ្នកផ្ទះបានខ្លះៗ ដូចជាដាក់ស្មៅ ហាន់ដើមចេកឱ្យគោ និងដឹកគោទៅចងក្បែរផ្ទះជាដើម។

លោក រួន សារិន អ្នកជំងឺរបេង កំពុងដាក់ចំប៉ើងឱ្យគោនៅក្រោយផ្ទះ។ 
 
អ្នកភូមិព្នៅ សង្កាត់សំបួរ រូបនេះ ជាអ្នកជំងឺរបេងធ្ងន់ធ្ងរមួយរូប ដែលគ្រូពេទ្យរកឃើញថាកើតជំងឺកាចសាហាវនេះ នៅអំឡុងពាក់កណ្ដាលខែ តុលា ឆ្នាំ២០២១។ មានវ័យ៣៦ឆ្នាំ លោក រួន សារិន រំលឹកថា លោកចាប់មានអាការហត់ ពិបាកដកដង្ហើមខ្លាំង ក៏សម្រេចទៅពិនិត្យ។ ពេទ្យពីរកន្លែង រកមូលហេតុនៃជំងឺមិត្រូវ ហើយលេបថ្នាំច្រើនថ្ងៃមិនបាត់ និងមានអាការកាន់តែខ្លាំង គ្រួសារក៏បញ្ជូនលោកទៅពេទ្យឯកជនធំមួយទៀតក្នុងក្រុង ទើបរកឃើញថា លោកត្រូវរោគរបេងស៊ីសួត អស់ផ្នែកខាងឆ្វេងបន្ដិចទៅហើយ។ ដោយសារធ្ងន់ធ្ងរ គេក៏បញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកគេងក្នុងពេទ្យនេះរយៈពេល៦ថ្ងៃ។  លោក រួន សារិន រំលឹកទៀតថា៖«ពេលនោះ ​គ្រាន់តែនោម និងជុះអាចម៍ ក៏ហត់ដែរ»។
 
អ្នកជំងឺរូបនេះ ដំណាលទៀតថា ការលេបថ្នាំព្យាបាលជំងឺរបេងរយៈពេល២ខែដំបូង ធ្វើឱ្យលោកមានអាការមិនស្រួលកាន់តែខ្លាំង តែលោកមិនបោះបង់ការលេបថ្នាំទេ ដោយជឿជាក់ថា មានតែថ្នាំនេះទេដែលអាចសង្រ្គោះជីវិតលោកបាននៅគ្រានោះ។ លោក រួន សារិន រៀបរាប់យ៉ាងដូច្នេះថា៖‍« លេបដំបូង ធ្វើទុក្ខណាស់ ងាប់ និងរស់ស្មើគ្នា ដេកយ៉ាប់ បត់ជើងតូចបត់ជើងធំយ៉ាប់ បានតែដេកផ្អៀង...អត់គិតថាចង់ឈប់លេបទេ ក្នុងចិត្តគិតថា បើឈប់លេប ខ្ញុំនឹងងាប់ លេបទៅវាចេះតែត្រូវ ថ្នាំវាដេញយើងរហូត លេបបាន៣ខែ ទើបឈប់ធ្វើទុក្ខ»។
 
អ្នកស្រី ផៃ រីន មានទឹកមុខស្រស់ស្រាយ និងបានឡើងគីឡូវិញ បន្ទាប់ពីលេបថ្នាំព្យាបាលរបេងបាន៥ខែ។ សល់មួយខែទៀតប៉ុណ្ណោះ ដែលអ្នកជំងឺវ័យ ៥២ឆ្នាំនេះ ត្រូវលេបថ្នាំតាមគោលការណ៍ព្យាបាលជំងឺរបេងនេះ។
 
សំនៀងមួយៗ និងរដឺនបែបអ្នកស្រុកសៀមរាប អ្នកស្រី ផៃ រីន មានប្រសាសន៍ថា៖« កាលឈឺខ្លាំង គីឡូនៅ៤៥ តែឥឡូវខ្ញុំថ្លឹងបាន ៥០គីឡូ ខ្ញុំខំហូប»។ 
 
អង្គុយលើគ្រែលក់ឱឡឹកមុខផ្ទះ ស្រ្ដីអ្នកជំងឺរបេងរូបនេះ បានរំឭកថា ក្នុងខែ តុលា ឆ្នាំទៅមិញ  ខ្លួនមានអាការក្អកជាខ្លាំង និងមានឈឺតាមដៃផង តែមិនចាប់អារម្មណ៍ថាខ្លួនមានរោគរបេងទេ ដោយគិតថា អាចមកពីការធ្វើទុក្ខថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទើបចាក់ថ្មីៗ។ មិនដូចការគិតទេ អ្នកភូមិប្រម៉ារូបនេះ ត្រូវបានកូន ប្រញាប់ជូនទៅពេទ្យឯកជនមួយ បន្ទាប់ពីអ្នកស្រីស្ដោះទឹកមាត់មានឈាមមកជាមួយ។ អ្នកស្រីបន្តសម្រាកព្យាបាលជំងឺរបេងនៅមន្ទីរពេទ្យបង្អែកខេត្ត ៥យប់ ទើបគេបញ្ជូនមកលេបថ្នាំតាមមណ្ឌលសុខភាពភូមិវិញ។ 
 
ថ្នាំព្យាបាលរបេង ពិតជាជួយអាយុជីវិតអ្នកស្រី ផៃ រីន បានពិតមែន។ ពីមុនមេរោគនេះ ធ្វើឱ្យអ្នកស្រីក្អកខ្លាំង សម្រាន្តមិនលក់ បាយមិនបាន ស្គម ឥឡូវវិវត្តន៍មកធម្មតាវិញ បាយបាន សម្រាន្តស្រួល ហើយចាប់ផ្តើមឡើងគីឡូដូចពេលមុនវិញ។

ប្រធានមណ្ឌលសុខភាព សំបួរ លោក អ៊ឹង យ៉េត កំពុងបើកថ្នាំព្យាបាលជំងឺរបេងឱ្យអ្នកជំងឺ នៅព្រឹកថ្ងសទី២៤ កុម្ភៈ ឆ្នាំ២០២២។
 
ក៏មានករណីខ្លះ អ្នកជំងឺចង់បោះបង់ការលេបព្យាបាល ដោយសារការធ្វើទុក្ខ។ ប្រធានមណ្ឌលសុខភាព សំបួរ ក្រុងសៀមរាប លោក អ៊ឹង យ៉េត ប្រាប់ថា លោកធ្លាប់ជួបករណីនេះ ដោយអ្នកជំងឺខ្លះ លេបថ្នាំមិនទៀងទាត់ ឬបោះបង់ការលេប នៅពេលថ្នាំធ្វើទុក្ខខ្លះ ដូចជា វិលមុខ ចង់ក្អួតចង្អោ អស់កម្លាំងល្ហិតល្ហៃ ទឹកនោមមានពណ៌ក្រហមជាដើម។
 
លោក អ៊ឹង យ៉េត រៀបរាប់ថា៖« យើងក៏ពន្យល់កុំឱ្យឈប់លេប ដំបូងធ្វើទុក្ខបន្ដិច ពន្យល់ពីការអនាម័យដើម្បីបង្ការ ឱ្យអ្នកជំងឺពាក់ម៉ាស់ជាប្រចាំ ហើយអ្នកមិនទាន់កើត នៅឆ្ងាយពីអ្នកកើត កូនក្មេងទើបកើត ត្រូវចាក់ថ្នាំបង្ការ»។  
 
របេងឆ្លងដោយរបៀបណា?
 
យោងតាមឯកសារព័ត៌មានរបស់ក្រសួងសុខាភិបាល រោគរបេងឆ្លងពីអ្នកជំងឺរបេងសួតទៅអ្នកដទៃតាមខ្យល់ដកដង្ហើម ពេលដែលអ្នកជំងឺនោះ ក្អក កណ្ដាស់ ឬនិយាយខ្លាំងៗ ដោយពុំមានអ្វីខ្ចប់មាត់ និងច្រមុះ។ មេរោគនេះ ងាយស្រួលឆ្លងទៅសមាជិកគ្រួសារដែលរស់នៅជុំវិញ និងអ្នកជិតខាង ពិសេសនៅទីកន្លែងដែលគ្មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។ 
 
យ៉ាងណា ភាពមិនច្បាស់លាស់នៃមូលហេតុដែលធ្វើឱ្យខ្លួនកើតរោគរបេង នៅតែជាមន្ទិលសម្រាប់អ្នកកើតជំងឺនេះ។ អ្នកស្រី ផៃ រីន មិនប្រាកដថាខ្លួនឆ្លងជំងឺនេះពីណាទេ តែអ្នកស្រីថា ទំនងពីម្ដាយចាស់កើតជំងឺនេះ និងឧស្សាហ៍ទៅមើលគាត់។ អ្នកស្រីប្រាប់ថា៖« គ្រួសារខ្ញុំអត់មានអ្នកកើតទេ កើតតែម៉ែខ្ញុំ តែខ្ញុំបែកមកហើយ គាត់របេង២ដង របេងឆ្អឹងម្ដង របេងសួតម្ដង ប្រហែលអាចឆ្លងពីគាត់ដែរទេដឹង ព្រោះឧស្សាហ៍ទៅលេង មើលគាត់ឈឺ»។

លោកយាយ ណៃ ស៊ុន ពេលមកទទួលថ្នាំរបេងនៅមណ្ឌលសុខភាព សំបួរ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២។
 
ស្រ្ដីវ័យចំណាស់មួយរូបទៀត​ ក៏កើតជំងឺរបេងនេះកាលពីចុងឆ្នាំ២០២១ ដែរ និងបានលេបថ្នាំរយៈពេល៣ខែហើយ។ វ័យ ៦២ឆ្នាំ អ្នកស្រី ណៃ ស៊ុន ក៏មិនច្បាស់ថាខ្លួនកើតជំងឺនេះមកពីអ្នកណាដែរ ដោយគ្រាន់តែសង្ស័យថា៖« ប្ដីខ្ញុំគាត់កើតរបេង តែគាត់កើតយូរហើយ យូរមែនទែន តែគាត់ស្លាប់ទៅបានជាងមួយឆ្នាំ បានជាខ្ញុំចាប់ផ្តើមកើត មិនដឹងដោយពីប្ដី ឬដោយពីអ្នកណា ខ្ញុំមិនដឹងទេ តែពេទ្យថា ប្រហែលឆ្លងពីអ្នកភូមិម្នាក់កើតជំងឺនេះ ដោយសារកន្លងមកខ្ញុំបានទៅនិយាយជាមួយគាត់ម្ដងគត់ ទើបសន្និដ្ឋានថា អាចឆ្លងពីគាត់ ឈរនិយាយរៀងឆ្ងាយគ្រាន់ដែរ»។
 
ទោះបីជាសង្គមស៊ីវិលមើលឃើញថា ជំងឺកូវីដ១៩ ធ្វើឱ្យរាំងស្ទះដល់ផែនការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ ក៏ដោយ តែប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅតែមានសុទ្ធិដិនិយមខ្ពស់ ចំពោះផែនការអនុវត្តតាមគោលការណ៍សុខភាពសកលមួយនេះ។ លោកប្រាប់ថា បច្ចុប្បន្នការស្រាវជ្រាវរកជំងឺរបេងមានការថយចុះខ្លាំង ខណៈដែលពលរដ្ឋកាន់តែច្រើន ទទួលបានការអប់រំពីជំងឺនេះ។ 
 
នាយកប្រតិបត្តិអង្គការខាណា មិនយល់ដូច្នោះទេ។ លោក ជួប សុខចំរើន ពន្យល់ថា ទោះកម្ពុជាជោគជ័យក្នុងការកាត់បន្ថយអត្រាឆ្លងបាន ២០ភាគរយ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅក្ដី (២០១៥-២០២០) តែអត្រាអ្នកឈឺនៅតែខ្ពស់ គឺមាន ២៧៥នាក់ ក្នុងប្រជាពលរដ្ឋមួយសែននាក់។ នេះជាអត្រាដែលគិតក្នុងឆ្នាំ ២០២០ ហើយគេអាចនិយាយថា បញ្ចប់ជំងឺរបេងបាន លុះត្រាតែអត្រាឈឺស្ថិតនៅក្នុងតួលេខតិចជាង ១០ នាក់ និងស្លាប់តិចជាងមួយនាក់ ក្នុងពលរដ្ឋមួយសែននាក់៕
 

Tag:
 ជំងឺរបេង
  អ្នកជំងឺរបេងនៅខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com