ជាតិ
គម្រោងរេដបូកទំរីង ក្នុងខេត្តកំពង់ធំ ស្រាវជ្រាវឃើញសត្វចំនួន៦៤ប្រភេទ
27, Feb 2022 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមការងារគម្រោងរេដបូកទំរីង បានសិក្សាស្រាវជ្រាវឃើញសត្វចំនួន៦៤ ប្រភេទ នៅក្នុងព្រៃ ខេត្តកំពង់ធំ ។ លោក គ្រី ម៉ះផល ថាការសិក្សាពីរបាយ និងវត្តមានប្រភេទសត្វ ជាកត្តាសំខាន់មួយ ជួយជំរុញឱ្យកាន់តែប្រសើរដល់ការងារការពារ និងសិក្សាលើគម្រោងរេដបូកទំរីង ក្នុងតំបន់នានា នៅខេត្តកំពង់ធំ។

 
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការសិក្សាស្រាវជ្រាវប្រភេទសត្វនៅក្នុងតំបន់ខាងលើ ត្រូវបានចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០២១ ដោយប្រើរយៈពេល២ សប្ដាហ៍។ 
 
ជាលទ្ធផល​ ក្រុមការងារអាចស្រាវជ្រាវឃើញវត្តមានសត្វ៦៤ប្រភេទ ។ ក្នុងនោះមាន ៨ប្រភេទស្ថិត ជាប្រភេទជិតផុតពូជ(EN), ១២ប្រភេទ ងាយរងគ្រោះ(VU) ៣៥ប្រភេទ កំពុងបារម្ភ(LC), ១ប្រភេទកង្វះទិន្នន័យ(DD) , ១ ប្រភេទសំខាន់ជិតផុតពូជ(CR), ៣ ប្រភេទ ជិតមានការគំរាមកំហែង(NT) និង ៤ ប្រភេទផ្សេងទៀត មិនត្រូវបានចាត់ថ្នាក់ ឬមិនត្រូវបានវាយតម្លៃនៅឡើយ។ នេះបើតាមការបញ្ជាក់របស់គម្រោងរេដបូកទំរីង។
 
ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះនៃរដ្ឋបាលព្រៃឈើរូបនេះថា សកម្មភាពនៃការសិក្សាស្រាវជ្រាវពីរបាយសត្វ និងជីវៈចម្រុះនៅក្នុងតំបន់គម្រោងរេដបូក ពិតជាមានសារៈសំខាន់ ដើម្បីបញ្ជាក់ពីលទ្ធភាពនៃការគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើ ។ 


រូបភាពដោយ គម្រោងរេដបូកទំរីង
 
« គម្រោងរេដបូក មិនមែនធ្វើការតែលើព្រៃឈើតែមួយមុខទេ។ ក្នុងនោះការសិក្សា និងគ្រប់គ្រងធនធានធម្មជាតិ រួមជាមួយជីវៈចម្រុះ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ មានន័យថាប្រសិនបើមានគម្រោងរេដបូកដាក់ក្នុងតំបន់ណាមួយហើយត្រូវការសិក្សាថាតើមានអ្វីខ្លះ មានអ្វីប្រែប្រួលបែបណា។ ប្រសិនបើប្រែប្រួលបែបវិជ្ជមានមិនអីទេ ប៉ុន្ដែបើប្រែប្រួលបែបអវិជ្ជមាន នោះមានន័យថា គម្រោងយើងអាចបរាជ័យ»។ នេះជាការពន្យល់របស់លោក ម៉ះផល​។ 
 
នេះជាលើកទីមួយហើយ ដែលក្រុមការងារគម្រោងរេដបូក សិក្សាស្រាវជ្រាវពីរបាយសត្វផ្សេងៗ នារដូវប្រាំង។ លោកបានបន្ថែមថា ការស្រាវជ្រាវនេះ នឹងត្រូវធ្វើឡើងម្ដងទៀតនៅរដូវរស្សា  នៅចន្លោះខែមិថុនា និងកក្កដាឆ្នាំ២០២២ ។ លោកបន្តថា ដំណើរការស្រាវជ្រាវខាងលើ ដើម្បីចង់ដឹងថា នៅក្នុងតំបន់ដែលត្រូវបានការពារ មានធនធានអ្វីខ្លះនៅក្នុងរដូវនីមួយៗ ។ បន្ទាប់មក ក្រុមការងារនឹងយកមកប្រៀបធៀប រវាងលទ្ធផលទាំងពីរលើក ដើម្បីកត់ត្រាថាធនធានទាំងនោះកើនឡើង ឬថយចុះ។   
 
« ដ្បិតថា គម្រោងរេដបូកទំរីងនេះ កើតឡើងយូរហើយក្តី ប៉ុន្ដែដំណើរការនៃការសិក្សាស្រាវជ្រាវនៅទើប នឹងចាប់ផ្ដើម ចុងឆ្នាំ២០២១​។ សម្រាប់លទ្ធផល បន្ទាប់ក្រុមការងារ អាចនឹងអនុវត្តសកម្មភាព មួយចំនួនទៀតភ្ជាប់ជាមួយលទ្ធផល »។ នេះជាការបញ្ជាក់របស់លោក មិះផល។ 
 
ជាមួយគ្នានេះប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានលើកឡើងថា ក្នុងដំណើរការសិក្សាស្រាវជ្រាវក្រុមការងារ​ បានជួបបញ្ហាមួយចំនួនដូចជា តំបន់ខ្លះនៅខ្វះធនធានមនុស្ស និងអ្នកជំនាញលើផ្នែកនេះ។ ចំពោះពលរដ្ឋនៅតាមតំបន់ ចំណេះដឹងនៅមានកម្រិត រួមជាមួយកត្តាជីវភាពនៅទាប បានបណ្ដាលឱ្យពលរដ្ឋមួយចំនួន នៅតែអាស្រ័យផល ដោយការបំផ្លាញធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះ។


រូបភាពដោយ គម្រោងរេដបូកទំរីង
 
«​ តំបន់ដែលក្រុមការងាររេដបូកធ្វើការសព្វថ្ងៃ ជាកន្លែងដែលមានសក្ដានុពល ដូច្នេះពលរដ្ឋទាំងអស់គួរស្វែងយល់ និងត្រូវសិក្សា ពីផលប្រយោជន៍ ដែលអាចនឹងទទួលបាន​ពីធនធានទាំងនោះ។ ការបំផ្លាញធនធានព្រៃ និងសត្វដើម្បីជាប្រយោជន៍ វាបានមិនយូរអង្វែងទេ ហើយថ្ងៃណាមួយវាអាចនាំនូវគុណវិបត្តិ »។ នេះជាការពន្យល់របស់ លោក ម៉ះផល។   
 
ជាមួយគ្នានេះ ទាក់ទងការស្រាវជ្រាវពីរបាយរបស់ប្រភេទសត្វ និងការងារផ្សេងៗទៀតនៅក្នុងគម្រោងរេដបូកទំរីង លោក ប៉ាង ផានិត អ្នកធ្វើរបាយការណ៍ small and big mammals នៅក្នុងតំបន់បានបញ្ជាក់ថា  សព្វថ្ងៃការងាររបស់លោក រួមជាមួយក្រុមការងារផ្សេងទៀត មានបញ្ហាលំបាកប្រហែលគ្នា ត្រង់ថា នៅតំបន់ខ្លះត្រូវបានកែប្រែ ដូច្នេះការស្រាវជ្រាវពីទីតាំងមួយទៅទីតាំមួយផ្សេងទៀត ក៏ជួបបញ្ហា។
 
« ការងាររបស់ខ្ញុំធ្វើការទាក់ទងប្រភពទឹក និងជម្រករបស់សត្វ សម្រាប់តំបន់ស្ថិតក្រោមគម្រោងរេដបូកទំរីងទាំងមូល។ អ្វីដែលលំបាក់នោះគឺមានតំបន់ខ្លះត្រូវបានកែប្រែពីព្រៃទៅជាទីវាល ដូច្នេះកន្លែងកាត់ផ្ដាច់នោះ ដូចជារនាំងមិនឱ្យសត្វធ្វើចរាចរណ៍ទៅមកដូចមុន។ មានន័យថា បើសត្វចេញពីតំបន់មួយនេះ ហើយវាកម្រវិលត្រលប់ ឬុមិនចូលតំបន់នោះសារជាថ្មីវិញទេ»។ នេះជាការលើកឡើងរបស់ លោកផានិត។
 
ខេត្តកំពង់ធំត្រូវបានជ្រើសរើសជាទីតាំងសិក្សាគម្រោង ដោយសារខេត្តនេះ គ្របដណ្តប់ ៤០ភាគរយ នៃដែនជម្រកសត្វព្រៃឡង់ ដែលមានស្តុកកាបូនព្រៃឈើខ្ពស់ប្រមាណ ៣៧១.៩៨តោន នៅក្នុងមួយហិកតា។ គម្រោង រេដបូកទំរីង គ្របដណ្ដប់លើផ្ទៃដីតែ ៦៧,៧៩១ហិកតា នៃព្រៃពាក់កណ្តាលបៃតង និងបៃតងចាស់ ដែលមានសហគមន៍ព្រៃឈើចំនួន ១៤កំពុងរស់នៅ៕


រូបភាពដោយ គម្រោងរេដបូកទំរីង


រូបភាពដោយ គម្រោងរេដបូកទំរីង


Tag:
 គម្រោងរេដបូកទំរីង
 ការស្រាវជ្រាវអំពីសត្វ
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com