កីឡាអន្តរជាតិ
អន្តរជាតិ
លោក Cezary ៖ ប៉ូឡូញ នឹងមិនប្រកួតជម្រុះWorld Cup ជាមួយរុស្ស៊ី ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ
27, Feb 2022 , 4:59 pm        
រូបភាព
ប្រធានសមាគមកីឡាបាល់ទាត់ប៉ូឡូញ លោក Cezary Kulesza បានប្រកាស កាលពីថ្ងៃទី២៦ កុម្ភៈ ថា ប៉ូឡូញ នឹងមិនប្រកួតបាល់ទាត់ជម្រុះ World Cup ជាមួយរុស្ស៊ីនៅខែក្រោយឡើយ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន។

 
លោក Cezary Kulesza បាននិយាយថា សមាគមខ្លួន កំពុងពិភាក្សាជាមួយសមភាគីស៊ុយអែត និងឆែកទាក់ទងនឹងការប្រកួតជម្រុះ នាខែមីនា ដើម្បីបំពេញកន្លែង សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។
 
«ពេលវេលាសម្រាប់ការនិយាយគឺចប់ហើយ។ វាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ដោយសារតែ ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែននេះ ក្រុមប៉ូឡូញ នឹងមិនលេង play-off ទល់នឹងរុស្ស៊ីទេ។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតែមួយគត់។ យើងកំពុងពិភាក្សាជាមួយសមាគមស៊ុយអែត និងឆេក ដើម្បីបង្ហាញជំហររួមមួយទៅកាន់ FIFA»។ នេះបើតាម Channel News Asia ដែលបានស្រង់សម្តីលោក Kulesza ។
 
កាលពីថ្ងៃទី២៤ កុម្ភៈ សហព័ន្ធទាំងបីនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ទាមទារឱ្យ FIFA ផ្លាស់ប្តូរការប្រកួតវគ្គ Play-off រៀងៗខ្លួនពីប្រទេសរុស្ស៊ីដែរ។
 
តែយ៉ាងណា FIFA ថ្កោលទោសរុស្ស៊ីវាយប្រហារអ៊ុយក្រែន តែមិនទាន់សម្រេចចិត្តដកការប្រកួតវគ្គជម្រុះ World Cup ឡើយ
 
ដោយឡែកតារាបាល់ទាត់សញ្ជាតិប៉ូឡូញ Robert Lewandowski ក៏បានបង្ហោះសារ កាលពីថ្ងៃទី២៥ កុម្ភៈថា រូបគេនឹងពិគ្រោះយោបល់ជាមួយមិត្តរួមក្រុម អំពីការប្រកួត និងការបដិសេធចំពោះសង្គ្រាម។
 
ខ្សែប្រយុទ្ធក្លិប Bayern Munich រូបនេះ បានសរសេរដូច្នេះថា៖«អ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនៅក្នុងកីឡាគឺប្រឆាំងនឹងអ្វីដែលនាំមកនូវសង្រ្គាម ។ សម្រាប់មនុស្សទាំងអស់  ឱ្យតម្លៃលើសេរីភាព និងសន្តិភាព ហើយនេះគឺជាពេលវេលានៃសាមគ្គីភាពជាមួយជនរងគ្រោះ នៃការឈ្លានពានយោធានៅអ៊ុយក្រែន»។
 
រុស្សី នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវប៉ូឡូញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះ World Cup នៅថ្ងៃទី ២៤ ខែមីនា ។ ប្រសិនបើរុស្ស៊ីឈ្នះ គឺត្រូវបន្តប្រកួតជាមួយស៊ុយអែត ឬសាធារណរដ្ឋឆែក នៅចុងខែមីនា ផងដែរ៕

Tag:
 World Cup
  រុស្ស៊ី
  អ៊ុយក្រែន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com